ក្រុង​បាង​កកៈ​ លោក​នាយក​រដ្ឋមន្ត្រី​ថៃ​ ​ប្រាយុធ​ ចាន-អូចា​ បាន​ធ្វើ​ការ​អំពាវនាវ​ឲ្យ​មាន​​ឯកភាពជាតិ​ ដើម្បី​ជួយ​ប្រទេស​ឲ្យ​រួច​ផុត​ពី​ភាព​ជាប់​គាំង​នយោបាយ​។


លោក​ឧត្តម​សេនីយ៍ ​ប្រាយុធ ​កាល​ពី​ថ្ងៃ​អង្គារ​បាន​ថ្លែង​ថា ​ច្បាប់​ត្រូវ​តែ​សិក្សា​ដោយ​ប្រុងប្រយ័ត្ន​ ទោះ​បី​ជា​ច្បាប់​នេះ​មិន​ទាន់​កំណត់​ពី​គោល​គំនិត​​នៃ​​ការ​បង្កើត​រដ្ឋាភិបាល​ជាតិ​មួយ​ដែល​មិន​មាន​គណបក្ស​ប្រឆាំង​ចូលរួម​​។​

លោក ​ប្រាយុធ​ បាន​ថ្លែង​ថា​៖ «​ដំណើរការ​នេះ​នៅ​វែង​ឆ្ងាយ​នៅ​ឡើយ​»​ ដោយ​មើល​ឃើញ​ថា​ ការ​និយាយ​សំដៅ​លើ​រយៈ​ពេល​នៃ​ការ​ប្រកាស​លទ្ធផល​នៃ​ការ​បោះ​ឆ្នោត​ទូទៅ​កាល​ពី​ថ្ងៃ​ទី ​២៤ ​ខែ ​មីនា ​ជាផ្លូវ​ការ​ ដោយ​គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត ​(EC)​​។​


គណៈកម្មាធិការ​រៀបចំ​ការ​បោះ​ឆ្នោត​ បាន​ប្រកាស​អាសនៈ​សរុប​នៅ​តាម​មណ្ឌល​បោះ​ឆ្នោត ​និង​ផ្សព្វផ្សាយ​ចំនួន​សន្លឹក​ឆ្នោត ​ដែល​នឹង​ត្រូវ​បាន​គេ​ប្រើប្រាស់ ​ដើម្បី​គណនា​អាសនៈ​ ដែល​មាន​ក្នុង​​បញ្ជី​គណបក្ស​។​ ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ ក៏​គណៈកម្មាធិការ​នេះ មិន​បាន​បិទបាំង​ចំនួន​អាសនៈ​ពិត​ប្រាកដ​នោះ​ទេ​​។ ​ការ​ពន្យារពេល​ការ​ប្រកាស​​លទ្ធផល​​ឆ្នោត​នេះ​បាន​បង្កើន​ការ​ព្រួយ​បារម្ភ​អំពី​វិបត្តិ​នយោបាយ​ ​ជា​ពិសេស ​នៅ​ពេល​បច្ចុប្បន្ន​នេះ​ មិនមែន​មាន​បក្ស​នយោបាយ​ណា​​មួយ អាច​បង្ហាញ​សមត្ថភាព​ប្រឆំាង​នឹង​សំឡេង​ភាគ​ច្រើន​ទេ​​។​


អ្នក​នយោបាយ​ខ្លះ​បាន​ស្នើ​ថា ​រដ្ឋាភិបាល​ជាតិ​មួយ​ជា​ទី​ដែល​គ្រប់​គណបក្ស​ទាំង​អស់ ​ចូលរួម​ធ្វើ​ការ​ជា​មួយ​គ្នា​ដើម្បី​គ្រប់គ្រង​ប្រទេស​នេះ​ដោយ​គ្មាន​​បក្ស​ប្រឆាំង​នោះ​ទេ​​។


លោក ​ប្រាយុធ បាន​ថ្លែង​​ទៀត​ថា៖ ​«​យើង​មិន​ដឹង​ថា ​តើ​គំនិត​នេះ​ជោគជ័យ​ដែរ ឬ​យ៉ាង​ណា​នោះ​ទេ​។ យើង​​​ចាំបាច់​មើល​ច្បាប់​ និង​​​រដ្ឋ​ធម្មនុញ្ញ​ដែល​បាន​ចែង​»។

លោក​ឧត្តមសេនីយ៍ ​ប្រាយុធ​ បាន​បន្ថែម​ថា មិនមែន​​​មនុស្ស​គ្រប់​រូប​អាច​កំណត់​គោលការណ៍​តាម​ដែល​ពួក​គេ​​​ចង់​បាន​នោះ​ទេ​៕ BKP/SK