ក្រុងប៊ែរឡាំងៈ ប្រធានា​ធិបតី​រុស្ស៊ី​លោក​វ្លាឌី​មៀរ​ ពូ​ទីន​ កាល​ពី​ថ្ងៃសៅរ៍​ បាន​អំពាវ​នាវ​ដល់​អឺរ៉ុបឲ្យ​ជួយ​ចូលរួម​វិភាគ​ទាន​ហិរញ្ញវត្ថុ ស្តារប្រទេសស៊ីរីឡើង​វិញ​ ដើម្បី​អនុញ្ញាត​ឲ្យ​ជន​ភៀស​ខ្លួន​រាប់​លាន​នាក់​ត្រឡប់​ទៅ​ផ្ទះ​សម្បែងរបស់ពួកគេ​វិញ​។


 

លោក​បាន​ថ្លែង​នៅ​មុន​ពេល​កិច្ច​ប្រជុំ​ជា​មួយ​សម​ភាគីអាល្លឺម៉ង់របស់លោកគឺ ​លោក​ស្រី​ អេន​ជេ​ឡា​ មឺ​រកែល នៅ​​វិមាន​រដ្ឋា​ភិបាល​Meseberg ​ដែល​មាន​ចម្ងាយ​៧០​គីឡូ​ម៉ែត្រ​ភាគ​ខាង​ជើង​ក្រុង​ប៊ែរ​ឡាំង​ថា ​យើង​ចាំ​បាច់​ត្រូវ​​ពង្រឹង​កិច្ច​ប្រឹង​ប្រែង​មនុស្ស​ធម៌​នៅ​ក្នុង​ជម្លោះ​ស៊ីរី​។


«តាម​រយៈ​នេះ ខ្ញុំ​ចង់​និ​យាយ​ថា ​ជំនួយ​មនុស្ស​ធម៌​ទាំង​អស់​ខាង​លើ​ត្រូវផ្តល់​ឲ្យ​ប្រជា​ជន​ស៊ីរី​ និង​ជួយ​តំបន់​ជា​ច្រើន​ ជា​ទី​ដែល​ជន​ភៀស​ខ្លួន​ រស់​នៅ​បរ​ទេស​ អាច​វិល​ត្រឡប់​មក​វិញ​បាន​" ។


លោក​ពូទីន​ បាន​ថ្លែង​ថា បច្ចុប្បន្ន​នេះ​ មាន​ជន​ភៀស​ខ្លួន​មួយ​លាន​នាក់​នៅ​ក្នុង​ប្រទេ​ស​ហ្ស៊ក​ដានី​ មួយលាននាក់​នៅ​ក្នុង​ប្រទេស​លីបង់​ និង​បី​លាន​នាក់​នៅ​ក្នុង​ប្រទេស​តួកគី​៕ PSA