ក្រុង​ញូវដេលី៖ ​ប៉ូលិស​បាន​និយាយ​ថា អ្នក​ពន្លត់​អគ្គិភ័យ​យ៉ាង​តិច ​៣ នាក់​បាន​ស្លាប់​ និង ​៩ នាក់​ផ្សេង​ទៀត​​ ​​នៅ​ក្នុង​នោះ​​មាន​ជន​ស៊ីវិល ​៤ នាក់​បាន​រង​របួស​កាល​ពី​ថ្ងៃ​ពុធ​ ក្រោយ​ពី​អគារ​មួយ​បាន​រលំ ​បន្ទាប់​ពី​ឧប្បត្តិ​ហេតុ​​​ភ្លើង​ឆេះ​មួយ​នៅ​ក្នុង​តំបន់​កាស្មៀរ​ដែល​គ្រប់គ្រង​ដោយ​ប្រទេស ​​ឥណ្ឌា​។


អគារ​រលំ​នោះ​ស្ថិត​នៅ​ក្នុង​តំបន់​តាឡាប ​ទីលូ ​នៃ​ក្រុង​​ចាមម៉ូ ​ជា​រដ្ឋធានី​នៃ​តំបន់​កាស្មៀរ​ដែល​ត្រូវ​បាន​គ្រប់គ្រង​ដោយ​ប្រទេស ឥណ្ឌា។ ​​

មន្ត្រី​ប៉ូលិស​ដែល​គ្រប់គ្រង​តំបន់​ចាមម៉ូ​បាន​និយាយ​ថា៖ ​«​អ្នក​ពន្លត់​អគ្គិភ័យ ​៣ នាក់​ បាន​ស្លាប់ ​និង ​៥ នាក់​ផ្សេង​ទៀត​ បាន​រង​របួស​ក្រោយ​ពី​ពួក​គេ​បាន​ចូល​ទៅ​ក្នុង​នោះ ​ដើម្បី​ពន្លត់​ភ្លើង​នៅ​ជាន់​ទី ​៣»។ «ក្រៅ​ពី​នេះ ជន​ស៊ីវិល ​៤ នាក់​​រង​របួស​ក្នុង​ឧប្បត្តិហេតុ​នេះ»។​


យោង​តាម​មន្ត្រី​ប៉ូលិស​បាន​ឲ្យ​ដឹង​ថា ​អ្នក​រង​របួស​ទាំង​នោះ ​កំពុង​ត្រូវ​បាន​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​នៃ​មហា​វិទ្យាល័យ​ពេទ្យ​រដ្ឋ​នៅ​ក្នុង​តំបន់​ចាមម៉ូ។​


មន្ត្រី​សេវា​ពន្លត់​អគ្គិភ័យ​ម្នាក់​បាន​និយាយ​ថា៖ ​«​នៅ​ព្រឹក​ថ្ងៃ​ពុធ​ យើង​បាន​ទទួល​ទូរស័ព្ទ​អំពី​ភ្លើង​ឆេះ​អគារ​មួយ​។ ខណៈ​ដែល​បុគ្គលិក​របស់​យើង បាន​​ចូល​ទៅ​ក្នុង​អគារ ​ដើម្បី​ជួយ​សង្គ្រោះ​អ្នក​ជាប់​​នៅ​ក្នុង​អគារ​ហើយ​ពន្លត់​ភ្លើង​​ វា​បាន​រលំ​ដោយ​​ធ្វើ​ឲ្យ​បុគ្គលិក​របស់​យើង​ជាប់​នៅ​ក្នុង​នោះ​ដែរ​»។


ប៉ូលិស​បាន​និយាយ​ថា​ កិច្ច​ប្រតិបត្តិការ​ជួយ​សង្គ្រោះ​ត្រូវ​បញ្ចប់ ​និង​អ្នក​ដែល​ជាប់​នៅ​ក្នុង​អគារ​នោះ ​ត្រូវ​​គេ​សង្គ្រោះ​ទាំង​អស់​៕ Xinhua/PSA