បុរីញូវ​យ៉កៈ អ្នក​នាំ​ពាក្យ​ម្នាក់ ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​ចន្ទ​ថា ​មីយ៉ាន់ម៉ា​ បាន​ពន្យារ​ពេល​ទស្សនកិច្ច​របស់​ប្រមុខ​ជន​ភៀស​ខ្លួន​អង្គការ​សហ​ប្រជាជាតិ​ (UNHCR) ទៅ​កាន់​រដ្ឋ​រ៉ាក់​ឃីន​ បន្ទាប់​ពី​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​រវាង​កម្លាំង​សន្តិសុខ​ និង​ក្រុម​អ្នក​បះ​បោរ​។ ​


ឧត្តម​ស្នង​ការ​ទទួល​បន្ទុក​ជន​ភៀស​ខ្លួន​អង្គការ​សហ​ប្រជាជាតិ ​លោក Filippo Grandi ​គ្រោង​ធ្វើ​ទស្សនកិច្ច​កាល​ពី​សប្តាហ៍​មុន​ ប៉ុន្តែ​ក្រុម​អាជ្ញា​ធរ​មីយ៉ាន់ម៉ា ​បាន​លុប​ចោល​ទស្សនកិច្ច​របស់​លោក ទៅ​​កាន់​រដ្ឋ​រ៉ាក់​ឃីន​ ជា​ទី​ដែល​ជន​មូស្លីម​រ៉ូហ៊ីងយ៉ា​រាប់​ម៊ឺន​នាក់​ ត្រូវ​បាន​បណ្តេញ​ចេញ​ដោយ​ការ​បង្រ្កាប​របស់​យោធា​​ដែល​បាន​ចាប់​ផ្តើម​នៅ​ក្នុង​ឆ្នាំ​ ២០១៧​។​

រដ្ឋ​ភាគ​ខាង​លិច​ពោរ​ពេញ​ដោយ​បញ្ហា​នោះ​ ត្រូវ​គេ​​ឃើញ​ថា​មាន​ការ​ប្រយុទ្ធ​គ្នា​ជា​ថ្មី​នៅ​ក្នុង​ប៉ុន្មាន​សប្តាហ៍​កន្លង​ទៅ​នេះ​ ​រវាង​កម្លាំង​សន្តិសុខ ​និង​កង​ទ័ព​អារ៉ាកាន​ (AA) ​ជា​ក្រុម​ជន​ភាគ​តិច​ប្រដាប់​អាវុធ​នៅ​រដ្ឋ​រ៉ាក់ឃីន​ ដែល​បាន​អំពាវ​នាវ​ឲ្យ​មាន​ស្វ័យភាព​ច្រើន​ថែម​ទៀត​សម្រាប់​ប្រជាជន​កាន់​ពុទ្ធិ​សាសនា​នៅ​រដ្ឋ​រ៉ាក់​ឃីន​។​​​


មន្ត្រី​ប៉ូលិស​ ១៣ ​នាក់ បាន​ស្លាប់​ ដោយ​សារ​ក្រុម​ជន​សកម្ម​ប្រយុទ្ធ​ AA​ នៅ​ក្នុង​ការ​ វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ទី​ ៤ ​ខែ​មករា​ទៅ​លើ​ប៉ុស្តិ៍​នៅ​ក្បែរ​ព្រំ​ដែន​បង់ក្លាដែស​។ ​​


អ្នក​នាំ​ពាក្យ​ UNHCR លោក​ Andrej Mahecic បាន​ថ្លែង​ថា ​ដោយ​ផ្អែក​ទៅ​លើ​ការ​វាយ​តម្លៃ​របស់​ក្រុម​អាជ្ញាធរ​ទៅ​លើ​ស្ថានភាព​សន្តិសុខ​ នៅ​ក្នុង​រដ្ឋ​រ៉ាក់​ឃីន​ ទើប​ទស្សន​កិច្ច​នោះ​​ត្រូវ​បាន​ពន្យារ​ពេល​។


យោង​តាម​ក្រុម​អ្នក​ការ​ទូត​បាន​ឲ្យ​ដឹង​ថា ​អង់​គ្លេស​ត្រូវ​រំពឹង​ទុក​ថា​ នឹង​លើក​បញ្ហា​នេះ​ឡើង​​នៅ​​ក្រុម​ប្រឹក្សា​សន្តិសុខ អ.ស.ប.​ នៅ​ពេល​ក្រោយ​ក្នុង​សប្តាហ៍​នេះ​។

សេច​ក្តី​សម្រេច​ពន្យារ​ពេល ទស្សនកិច្ច​របស់​លោក​ Grandi ​និង​ភាព​មិន​ប្រាកដ​ប្រជា​ជុំវិញ​ទស្សន​កិច្ច​ដាច់​ដោយ​ឡែក ​ដែល​ត្រូវ​បាន​គ្រោង​ទុក​របស់​ប្រេ​សិត អ.ស.ប. ​លោកស្រី Christine Schraner Burgener ទៅ​កាន់​មីយ៉ាន់ម៉ា​​ធ្វើ​ឲ្យ​​​មាន​ការ​បារម្ភ​ថា ​​អាជ្ញាធរ មិន​ធ្វើ​តាម​ការ​សន្យា​របស់​ពួក​គេ​ក្នុង​ការ​ដោះ​ស្រាយ​វិបតិ្ត​រ៉ូហ៊ីងយ៉ា​នោះ​ទេ៕ AFP/PSA

ប្រជាជន​ដែល ត្រូវ​​ខ្ចាត់​ដោយសារ​អំពើហិង្សា​​រវា​ងក្រុម​ឧទ្ទាម​​ភាគតិចនៅ​រដ្ឋរ៉ាក់ឃីននិង​កងទ័ពមីយ៉ា​ន់ម៉ា​ជួបជុំ​គ្នានៅ​ជំរំ ១។ AFP