ក្រុងបាងកកៈ នៅក្នុងការអធិប្បាយមួយដែលត្រូវបានគេធ្វើឡើងនៅជំនួបក្នុងតំបន់កាលពីថ្ងៃសៅរ៍ ប្រទេស ម៉ាឡេស៊ី បានថ្លែងថា ក្រុមឧក្រិដ្ឋជននៃអំពើហិង្សាប្រឆាំងជនភាគតិចរ៉ូហ៊ីងយ៉ានៅមីយ៉ាន់ម៉ា ត្រូវតែ «នាំខ្លួនទៅកាន់តុលាការ»។
មីយ៉ាន់ម៉ា មិនបានទទួលស្គាល់ជនរ៉ូហ៊ីងយ៉ាថាជាពលរដ្ឋរបស់ខ្លួននោះទេ ជំនួសមកវិញដោយហៅពួកគេជាផ្លូវការថាជា «ជនបេងហ្គាលី» ដែលជាជនគ្មានការងារ ដោយធ្វើអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រទេសក្បែរខាងបង់ក្លាដែស។
ការបង្ក្រាបដោយយោធាកាលពីឆ្នាំ ២០១៧ បានជំរុញឲ្យជនរ៉ូហ៊ីងយ៉ាជាង ៧៤ ម៉ឺននាក់ រត់ភៀសខ្លួនចូលទៅប្រទេស បង់ក្លាដែស ដោយរត់គេចចេញពីការចាប់រំលោភ ការសម្លាប់ និងការដុតបំផ្លាញភូមិជាដើម។
ក្រុមអ្នកស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិ បានអំពាវនាវឲ្យក្រុមឧត្តមសេនីយ៍កំពូលរបស់ប្រទេស មីយ៉ាន់ម៉ា ត្រូវបាននាំខ្លួនទៅកាត់-ទោសពីបទប្រល័យពូជសាសន៍។
ប៉ុន្តែកងទ័ពមីយ៉ាន់ម៉ា និងមេដឹកនាំលោកស្រី អ៊ុងសាន ស៊ូជី បានការពារសកម្មភាពនោះថា ជាការចាំបាច់ ដើម្បីបោសសម្អាតក្រុមជនសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាចេញពីរដ្ឋរ៉ាក់ឃីន។
ក្រសួងរបស់លោក បានថ្លែងនៅលើគេហទំព័រធ្វីធើរថា នៅក្នុងកិច្ចពិភាក្សាកាលពីថ្ងៃសៅរ៍ជាមួយសមភាគីប្រទេសអាស៊ីអាគ្នេយ៍ រដ្ឋមន្ត្រីការបរទេសម៉ាឡេស៊ី លោក Saifuddin Bin Abdullah បានអំពាវនាវឲ្យ «ក្រុមឧក្រិដ្ឋជននៃអំពើហិង្សាប្រឆាំងជនរ៉ូហ៊ីងយ៉ា ត្រូវនាំខ្លួនឡើងតុលាការជាដាច់ខាត»។
លោក Saifuddin Bin Abdullah បានថ្លែងថា ការធ្វើមាតុភូមិនិវត្តន៍ក្រុមជនភាគតិចរ៉ូហ៊ីងយ៉ាចេញពីកន្លែងស្អុយកខ្វក់ ជាជំរំជនភៀសខ្លួនមានហ្វូងមនុស្សដ៏ច្រើនណែនណាន់តាន់តាប់នៅប្រទេស បង់ក្លាដែស «នៅក្នុងនោះមានភាពជាពលរដ្ឋល្អរ៉ូហ៊ីងយ៉ាទៀតផង»។
ម៉ាឡេស៊ី ជាប្រទេសមូស្លីមមួយដែលបានរៀបចំទទួលយកជនភៀសខ្លួនរ៉ូហ៊ីងយ៉ាច្រើនជាងគេ ហើយក៏ជាសមាជិកមួយក្នុងចំណោមប្រទេសខ្លះនៃសមាគមប្រទេសអាស៊ីអាគ្នេយ៍ (ASEAN) ដែលបាននិយាយរិះគន់យ៉ាងខ្លាំងៗជុំវិញបញ្ហាជនជាតិភាគតិចរ៉ូហ៊ីងយ៉ា ដែលរត់ភៀសខ្លួនចេញពីប្រទេស មីយ៉ាន់ម៉ា ដោយសារការបង្រ្កាបរបស់យោធា៕ AFP/SK