ក្រុង​សេអ៊ូល៖ ​អ្នក​តាម​ដាន​អាកាស​ចរណ៍​ស៊ីវិល ​បាន​ឲ្យ​ដឹង​ពី​ថ្ងៃ​សៅរ៍​ថា ​យន្តហោះ​ស៊ើប​ការណ៍​អាមេរិក ​១ គ្រឿង​ បាន​ហោះហើរ​ពី​​លើ​ប្រទេស ​កូរ៉េ​ខាង​ត្បូង​ ជា​ការ​បំពេញ​បេសកកម្ម​យ៉ាង​ច្បាស់ ​ដើម្បី​តាម​ដាន​កូរ៉េ​ខាង​ជើង ​ក្រោយ​​ពី​ការ​បាញ់​តេស្ត​អាវុធ​ធុន​ធ្ងន់​ប្រកប​ដោយ​ជោគជ័យ។​


ចលនា​តាម​ដាន​ផ្លូវ​អាកាស​របស់​យោធា Aircraft Spots បាន​និយាយ​នៅ​លើ​គេហទំព័រ​ធ្វីធើរ​ថា​ យន្តហោះ RC-135W RivetJoint ​របស់​ទ័ព​អាកាស ​US ​ត្រូវ​បាន​​គេ​ឃើញ​​ហោះ​ពី​លើ​ដែន​អាកាស​ហ្គីអឹងហ្គី​ក្បែរ​​ក្រុង​សេអ៊ូល​ និង​ខេត្ត​ហ្គាងវ៉ុន​​ខាង​កើត​។

យន្តហោះ​ប្រភេទ​នេះ ​ជា​រឿយៗ​ត្រូវ​ចាប់​បាន​នៅ​ទីនេះ ​ដោយ​ការ​ហោះហើរ​ចុង​ក្រោយ​ ត្រូវ​បាន​គេ​ធ្វើ​ឡើង​កាល​ពី​ដើម​ខែ​នេះ​ រួម​ជាមួយ​យន្តហោះ​ស៊ើបការណ៍​ច្រើន​ប្រភេទ​។


កាល​ពី​ថ្ងៃ​អាទិត្យ​ និង​ថ្ងៃ​អង្គារ​កាល​ពី​សប្តាហ៍​មុន​យន្តហោះ​ម៉ាស ​EP-3E ​របស់​ទាហាន​ជើង​ទឹក ​ត្រូវ​គេ​ឃើញ​ហោះ​ពី​​លើ​ឧបទ្វីប​កូរ៉េ។


កិច្ច​ប្រតិបត្តិការ​នេះ ​បាន​កើត​ឡើង​ក្រោយ​ពី​ប្រទេស ​កូរ៉េ​ខាង​ជើង​ បាន​បន្ត​បាញ់​សាកល្បង​កាល​ពី​ខែ​មីនា​ក្រោយ​ពី​សម្រាក​រយៈពេល ​៤ ខែ​។ ជុំ​ចុង​ក្រោយ​ និង​ទី ៤ ​រហូត​មក​ទល់​ឆ្នាំ​នេះ ​បាន​កើត​ឡើង​កាល​ពី​ថ្ងៃទី ​២៨ ​ខែ​មីនា ​នៅ​ពេល​ប្រទេស​នេះ ​បាន​បាញ់​មីស៊ីល​ចម្ងាយ​ជិត ​២​ គ្រាប់​ចេញ​ពី​ក្រុង​ឆ្នេរ​សមុទ្រ​ភាគ​ខាង​កើត ​គឺ​​ក្រុង​វ៉ុនសាន ​សំដៅ​ទៅ​សមុទ្រ​ខាង​កើត​។


ប្រទេស​កុម្មុយនីស្ត​នេះ ​បាន​ប្រឹងប្រែង​បង្កើន​សមត្ថភាព​ស្វ័យ​ការពារ​ស្រប​ពេល​ការ​ចរចា​ពី​បញ្ហា​នុយក្លេអ៊ែរ​ជាមួយ​អាមេរិក​ជាប់​គាំង។

កាល​ពី​ថ្ងៃ​ចន្ទ​ សប្តាហ៍​មុន​កូរ៉េ​ខាង​ជើង​បាន​ថ្លែង​ថា​ ខ្លួន​មិន​មាន​ចំណាប់​អារម្មណ៍​ក្នុង​ការ​ចរចា​ទេ ​ហើយ​ប្តេជ្ញា​បន្ត​មធ្យោបាយ​របស់​ខ្លួន​​ប្រឆាំង​ការ​អំពាវនាវ​របស់ ​US ឲ្យ​​អន្តរជាតិ​បន្ត ការ​ដាក់​សម្ពាធ​ទៅ​លើ​ក្រុង​ព្យុងយ៉ាង៕ Yonhap/PSA