បុរី​ញូវយ៉កៈ​ រដ្ឋមន្ត្រី​ការ​បរទេស​អ៊ីរ៉ង់​កាល​ពី​ថ្ងៃ​ពុធ​ បាន​បន្ត​ការ​ចោទ​ប្រកាន់​ថា​ អាមេរិក​កំពុង​ធ្វើ ​«ភេរវកម្ម​សេដ្ឋកិច្ច​»​ ទៅ​លើ​ដំណើរ​ទស្សនកិច្ច​មួយ​ទៅ​កាន់​បុរី​ញូវយ៉ក​ នៅ​អំឡុង​ពេល​ដែល​ក្រុង​វ៉ាស៊ីនតោន​ បាន​ដាក់​កម្រិត​យ៉ាង​ខ្លាំង​ចំពោះ​ការ​ធ្វើ​ដំណើរ​របស់​លោក​នោះ​។​


បន្ទាប់​ពី​មាន​ភាព​តានតឹង​កាន់​តែ​ខ្លាំង​ឡើង​អស់​រយៈពេល​ជា​ច្រើន​ខែ​ រដ្ឋមន្ត្រី​ការ​បរទេស​លោក ​ម៉ូហាម៉ាដ-ចារ៉ាដ ហ្សារីហ្វ ​បាន​ទៅ​កាន់​បុរីញូវយ៉ក​ ដើម្បី​ប្រជុំ​ជាមួយ​អង្គការ​សហប្រជាជាតិ​ អំពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​ ជាទី​ដែល​លោក​បាន​​រិះគន់​ទណ្ឌកម្ម​ជា​ឯកតោ​ភាគី​ដែល​ធ្វើ​ឡើង​ដោយ​ប្រធានាធិបតី​អាមេរិក​លោក​ ដូណាល់​ ត្រាំ​។​

លោក​ ហ្សារីហ្វ ​បាន​ថ្លែង​ថា៖ «​អ៊ីរ៉ង់​ត្រូវ​បាន​​រង​ភេរវកម្ម​សេដ្ឋកិច្ច​យ៉ាង​ឃោរឃៅ​បំផុត​ ដោយ​បាន​យក​ជន​ស៊ីវិល​ស្លូត​ត្រង់​ជា​គោលដៅ​​ដោយ​ចេតនា​ ​ដើម្បី​សម្រេច​ទិសដៅ​នយោបាយ​ដោយ​ខុស​ច្បាប់​ទាំង​នោះ​​»​។​


លោក ​ហ្សារីហ្វ ​​ថ្លែង ​ខណៈ​ចូលរួម​វេទិកា​នយោបាយ​ស្តីពី​ការ​អភិវឌ្ឍ​ប្រកប​ដោយ​ចីរភាព​នៅ UN​។ AFP


«ការ​ដាក់​ទណ្ឌកម្ម​នៅ​ក្រៅ​ប្រទេស ដោយ​ខុស​ច្បាប់​នោះ​»​ គឺ​ជា​ការ​គំរាម​កំហែង​យ៉ាង​ធ្ងន់ធ្ងរ​បំផុត​​ចំពោះ​សមិទ្ធផល​នៃ​គោលដៅ​អភិវឌ្ឍន៍​ប្រកប​ដោយ​ចីរភាព​របស់​អ៊ីរ៉ង់​ និង​ក្រុម​ប្រទេស​ជិត​ខាង​របស់​យើង​ជា​ច្រើន​ទៀត​ផង​ដែរ​»​ ។​


លោក​ ដូណាល់ ត្រាំ​ កាល​ពី​ឆ្នាំ ​២០១៨​ បាន​ដក​ខ្លួន​ចេញ​ពី​កិច្ច​ព្រមព្រៀង​អន្តរជាតិ​មួយ​ ដែល​បាន​ចរចា​ដោយ​ប្រធានាធិបតី​មុន​របស់​លោក​ គឺ​លោក​ បារ៉ាក់​ អូបាម៉ា​ ដែល​អ៊ីរ៉ង់​បាន​កាត់​បន្ថយ​កម្មវិធី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​នោះ​។​

លោក​ ដូណាល់​ ត្រាំ​ ជា​​​សម្ព័ន្ធមិត្ត​ដ៏​រឹងមាំ​របស់​ប្រទេស ​អារ៉ាប៊ី​សាអ៊ូ​ឌីត​ និង​អ៊ីស្រាអែល​ជា​គូ​សត្រូវ​​អ៊ីរ៉ង់ ​បាន​បង្កើន​ការ​ដាក់​ទណ្ឌកម្ម​ដែល​ក្នុង​នោះ​មាន​ការ​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​នាំ​ប្រេង​ចេញ​របស់​អ៊ីរ៉ង់​ទាំង​អស់​ ​ក្នុង​កិច្ច​ខិតខំ​ប្រឹងប្រែង​មួយ ​ដើម្បី​កាត់​បន្ថយ​កងកម្លាំង​ក្នុង​តំបន់​របស់​របប​ក្រុង​តេអេរ៉ង់​។​

អាមេរិក​ ជា​ប្រទេស​ម្ចាស់​ផ្ទះ​រៀបចំ​ជំនួប​អង្គការ​សហប្រជាជាតិ​​ ​បាន​ដាក់​កំហិត​យ៉ាង​ខ្លាំង​ទៅ​លើ​លោក ​ហ្សារីហ្វ​ ដោយ​បាន​កំណត់​ព្រំដែន​ឲ្យ​លោក​នៅ​ក្នុង​ប្លុក​ជុំវិញ​ស្នាក់ការ​អង្គការ​សហប្រជា​ជាតិ​​ និង​និវេសនដ្ឋាន​របស់​ប្រេសិត​ពិសេស​របស់​អ៊ីរ៉ង់​តែ​ប៉ុណ្ណោះ​។​

មេ​ដឹកនាំ​ជាន់​ខ្ពស់​អ៊ីរ៉ង់​លោក Ayatollah Ali Khamenei (កណ្តាល) ថ្លែង​ប្រឆាំង​អង់គ្លេស​ដែល​ចាប់​នាវា​អ៊ីរ៉ង់។

លោក​ ហ្សារីហ្វ​ បាន​ថ្លែង​ទៅ​កាន់​ក្រុម​អ្នក​កាសែត​ថា ​វិធានការ​នោះ ​«ពិត​ជា​មិនមែន​ជា​វិធានការ​គួរ​ឲ្យ​រាក់ទាក់​នោះ​ទេ​»​ ហើយ​បង្ក​ឲ្យ​មាន​ការ​លំបាក​យ៉ាង​ខ្លាំង​ សម្រាប់​ក្រុម​គ្រួសារ​របស់​បុគ្គលិក​គណៈប្រតិភូ​ទាំង​អស់​នោះ​។​

លោក​ ហ្សារីហ្វ​ បាន​ថ្លែង​ថា៖​ «​ប៉ុន្តែ​សម្រាប់​ខ្ញុំ​វិញ​ វា​មិន​បញ្ហា​អ្វី​នោះ​ទេ ​ពី​ព្រោះ​ខ្ញុំ​មិន​មាន​ការងារ​ណា​មួយ​ធ្វើ​នៅ​ទី​នេះ​ទេ​»​។​

ឯកអគ្គ​រដ្ឋទូត​រង​​រុស្ស៊ី​ លោក Dmitry Polyanskiy ​បាន​ថ្លែង​ថា​ សមាជិក​ក្រុម​ប្រឹក្សា​សន្តិសុខ​អង្គការ​សហប្រជាជាតិ​ នឹង​ពិភាក្សា​អំពី​ការ​រឹតត្បិត​របស់ ​US ទៅ​លើ​លោក​ ម៉ូហា ម៉ាដ-ចារ៉ាដ ហ្សារីហ្វ៕ AFP/SK