ក្រុង​បាកដាដ៖ ​ប្រភព​សន្តិសុខ​ប្រចាំ​តំបន់​​បាន​ថ្លែង​ថា​ រ៉ុក្កែត​ Katyusha ៥ ​គ្រាប់ ​បាន​ធ្លាក់​នៅ​ជិត​ក្រុមហ៊ុន​ប្រេង​របស់​អាមេរិក ​១ ​កន្លែង​ នៅ​ក្នុង​ខេត្ត​បាស្រា ​ប្រទេស ​អ៊ីរ៉ាក់​ភាគ​ខាង​ត្បូង កាល​ពី​ថ្ងៃ​ចន្ទ ដោយ​មិន​បង្ក​ឲ្យ​មនុស្ស​ស្លាប់​ និង​រង​របួស​​ទេ​។​


ប្រភព​នោះ ​បាន​ថ្លែង​ប្រាប់​កាសែត​ស៊ីនហួ ក្នុង​លក្ខខណ្ឌ​អនាមិកថា​ ការ​វាយ​ប្រហារ​​បាន​ធ្វើ​ឡើង​នៅ​ពេល​ព្រឹក​ព្រលឹម​ នៅ​ពេល​គ្រាប់​រ៉ុក្កែត​ជាច្រើន​គ្រាប់​បាន​ធ្លាក់​នៅ​ក្បែរ​ក្រុមហ៊ុន​ប្រេង​ហាល់លីប៊ូរតុន​របស់​អាមេរិក​នៅ​ក្នុង​តំបន់​អាល់ហ្សាប៊ៃរ៍​ នៅ​ក្នុង​​ទឹក​ដី​នៃ​ខេត្ត​បាស្រា​ភាគ​ខាង​លិច​។​

ប្រភព​ដដែល​បាន​​​ឲ្យ​ដឹង​ទៀត​​ថា​ ការ​វាយ​ប្រហារ​នោះ ​មិន​បាន​បង្ក​ឲ្យ​មនុស្ស​ស្លាប់ ​និង​រង​របួស​​ទេ​ ប៉ុន្តែ​​មាន​ការ​ខូចខាត​បន្តិច​បន្តួច​ ខណៈ​កងកម្លាំង​សន្តិសុខ​អ៊ីរ៉ាក់ បាន​ធ្វើ​យុទ្ធនាការ​ស្វែងរក​នៅ​ក្នុង​តំបន់​ខ្លះ​នៅ​​​ក្បែរ​ខាង​​ ហើយ​បាន​រក​ឃើញ​ជើង​ទម្រ​បាញ់​រ៉ុក្កែត​នៅ​ទី​នោះ​។​


រហូត​មក​ទល់​ពេល​នេះ​ មិន​មាន​ក្រុម​ណា​មួយ ​បាន​ចេញ​មក​អះអាង​ទទួល​ខុស​ត្រូវ​ចំពោះ​ការ​វាយ​ប្រហារ​នោះ​ទេ​ ខណៈ​មូលដ្ឋាន​យោធា​អ៊ីរ៉ាក់​ ដែល​មាន​កង​កម្លាំង​អាមេរិក ​និង​ផលប្រយោជន៍​អាមេរិក​ផ្សេង​ទៀត​នៅ​ទូទាំង​ប្រទេស ​អ៊ីរ៉ាក់​ ជា​ញឹកញាប់​ត្រូវ​បាន​កំណត់​គោលដៅ​ ដោយ​គ្រាប់​កាំភ្លើង​ត្បាល់ ​និង​បាន​​វាយ​ប្រហារ​រ៉ុក្កែត​ជា​ច្រើន​គ្រាប់​ដោយ​​ក្រុម​អ្នក​បះបោរ​។​


កាល​ពី​ថ្ងៃទី ​៥​ ខែ​មករា ​សភា​អ៊ីរ៉ាក់​បាន​អនុម័ត​សេចក្តី​សម្រេច​មួយ​ ដែល​តម្រូវ​ឲ្យ​រដ្ឋាភិបាល​បញ្ចប់​វត្តមាន​កង​កម្លាំង​បរទេស​នៅ​ក្នុង​ប្រទេស អ៊ីរ៉ាក់​ ទើប​តែ ​២ ​ថ្ងៃ​ប៉ុណ្ណោះ ​ក្រោយ​ពី​យន្តហោះ​ដ្រូន​អាមេរិក​បាន​វាយ​ប្រហារ​ទៅ​លើ​ក្បួន​រថយន្ត​មួយ​ នៅ​ព្រលាន​យន្តហោះ​ក្រុង​បាកដាដ​ ដែល​បាន​សម្លាប់​លោក ​ហ្គាស៊ីម​ ស៊ូឡេម៉ានី​ ជា​អតីត​មេ​បញ្ជា​ការ​របស់​កងកម្លាំង​ការពារ​បដិវត្តន៍​អ៊ីរ៉ង់​។​


ទាហាន ​US ជាង ​៥ ០០០ ​នាក់​ ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​អ៊ីរ៉ាក់​ ដើម្បី​គាំទ្រ​កងកម្លាំង​អ៊ីរ៉ាក់​ នៅ​ក្នុង​ការ​ប្រយុទ្ធ​ប្រឆាំង​ក្រុម ​IS​ ជា​ពិសេស​សម្រាប់​បណ្តុះបណ្តាល​ និង​ការ​ផ្តល់​យោបល់​វិស័យ​យោធា​៕ Xinhua/SK