ក្រុង​បាង​កកៈ​ សមាជិក​សំខាន់​​របស់ គណបក្ស​ភឿ​ថៃ ​គឺ​លោកស្រី​ Khunying​ Sudarat Keyuraphan កាល​ពី​ថ្ងៃ​ចន្ទ​បាន​ទាមទារ​ចង់​ដឹង​ថា ​តើ​គណបក្ស​ប្រជាធិបតេយ្យ ​នឹង​ពិចារណា​អំពី​ការ​​ចូលរួម​ជាមួយ​បក្ស​ផាឡាំងប្រាឆារ៉ាត់ ​(PPRP) ​គាំទ្រ​របប​សឹក ​ឬ​យ៉ាង​ណា ​ក្រោយ​ពី​មេ​ដឹកនាំ​របស់​ខ្លួន​ លោក ​អាភីស៊ីត ​វេចា​ជីវ៉ា​ ដែល​បាន​ប្រកាស​ថា​ លោក​នឹង​មិន​គាំទ្រ​ការ​វិល​មក​កាន់​អំណាច​ជា​នាយក​រដ្ឋមន្ត្រី​វិញ​របស់​លោក​ឧត្តមសេនីយ៍​ ប្រាយុធ​ចាន-អូចា ក្រោយ​ការ​បោះ​ឆ្នោត​នោះ​ទេ​។​


លោកស្រី​ Khunying Sudarat​ ជា​បេក្ខជន​នាយក​រដ្ឋមន្ត្រី​បក្ស​ភឿ​ថៃ​មួយ​រូប ​និង​ប្រធាន​គណៈកម្មាធិការ​យុទ្ធសាស្ត្រ​របស់​បក្ស​នេះ បាន​ថ្លែង​ថា​ គណបក្ស ​នឹង​មាន​ជម្រើស ​២​ ក្រោយ​ការ​បោះ​ឆ្នោត​នៅ​ថ្ងៃ​ទី ​២៤ ​ខែ ​មីនា ​ខាង​មុខ​នេះ ​នឹង​ជា​ផ្នែក​មួយ​របស់​រដ្ឋាភិបាល​ចម្រុះ​មួយ ​ឬ​ជា​​របស់​គណបក្ស​ប្រឆាំង​នោះ។​

«​លោក​អាភីស៊ីត​ និង​គណបក្ស​ប្រជាធិបតេយ្យ ​ត្រូវ​តែ​មាន​ជម្រើស ពី​ព្រោះ​គ្មាន​ភាគី​អព្យាក្រឹត​នៅ​ក្នុង​រដ្ឋាភិបាល​​ទេ​។​ លោក ​អាភីស៊ីត​ ត្រូវ​តែ​ពន្យល់​ថា​ តើ​គណបក្ស​របស់​លោក​នឹង​ចូលរួម​រដ្ឋាភិបាល​ចម្រុះ​ដឹកនាំ​ដោយ​បក្ស ​ផាឡាំងប្រាឆារ៉ាត់​មួយ​នេះ​ ឬ​អត់​?​»​។​


លោក​ស្រី​ Khunying Sudarat​ បាន​ថ្លែង​ថា​៖«​ការ​ចូលរួម​ ឬ​មិន​ចូលរួម​នោះ​នៅ​​តែ​ស្ថិត​នៅ​ក្នុង​ភាព​​មន្ទិល​សង្ស័យ​ដដែល ​ពី​ព្រោះ​ប្រជាជន​ថៃ​ភាគ​ច្រើន​ នឹង​គិត​ថា​ ទោះ​បី​ជា​អ្នក ​[លោក ​អាភីស៊ីត​] ​នឹង​មិន​គាំទ្រ​លោក​ឧត្តមសេនីយ៍ ​ប្រាយុធ ​ក៏​ដោយ​ ក៏​បក្ស​របស់​លោក​នៅ​តែ​មាន​ឆន្ទៈ​ចង់​ធ្វើ​ការ​ជា​មួយ​គណបក្ស​ផាឡាំងប្រាឆារ៉ាត់​ដែរ​»៕ BKP/SK