ក្រុង​បាងកកៈ​ អ្នក​នាំពាក្យ​រដ្ឋាភិបាល​លោកស្រី​ ណារូមូន ភីន​យូស៊ីនណាវ៉ាត​ បាន​ថ្លែង​ថា​ លោក​នាយក​រដ្ឋមន្ត្រី ​ប្រាយុធ​ ចាន​-អូចា​ កាល​ពី​ថ្ងៃ​ចន្ទ​ បាន​ធ្វើ​ដំណើរ​ទស្សនកិចុ្ច​ទៅ​កាន់​ខេត្ត​សុរិន្ទ​ និង​ប៊ូរីរ៉ាំ​នៅ​ភាគ​ឦសាន​ ដែល​រង​ប៉ះពាល់​ដោយ​គ្រោះ​រាំង​ស្ងួត​​។​


នៅ​ខេត្ត​សុរិន្ទ​ លោក​នាយក​រដ្ឋមន្ត្រី ​នឹង​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​អាង​ស្តុក​ទឹក​ហ៊ុយ​ សាណេង ​និង​អាំភីល​ ដែល​ជា​ប្រភព​ផ្គត់ផ្គង់​ទឹក​យ៉ាង​សំខាន់​នៅ​ក្នុង​ខេត្ត​មួយ​នេះ​។​

លោកស្រី​ ណារូមូន​ បាន​ថ្លែង​ថា​៖ «​ចំនួន​ទឹក​មាន​តិច​នៅ​ក្នុង​អាង​ហ៊ុយ​ សាណេង​ និង​អាំភីល​ បាន​បណ្តាល​ឲ្យ​មាន​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​នៅ​ក្នុង​ស្រុក​មឿង​ និង​សាមរ៉ុង​ ហើយ​កំពុង​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​បណ្តា​ភូមិ​ទាំង ​៣០៨​ នៅ​ក្នុង​ឃុំ​ទាំង ​៣១​ និង​ផ្ទៃ​ដី​សម្រាប់​កសិកម្ម​​ចំនួន ​១៥០,៩៩៥ ​ម៉ែត្រ​ការ៉េ​»​។​


ចំណែក​ឯ​ខេត្ត​ប៊ូរីរ៉ាំ​វិញ​ ចំនួន​ទឹក​សរុប ​១,៤ ​លាន​ម៉ែត្រ​គុប ​នៅ​ក្នុង​អាង​ហ៊ុយ​ តាឡាត​ និង​ហ៊ុយ​ ជូរ៉ាក់ខេ​ បាន​ឈាន​ទៅ​រក​ការ​ខ្វះខាត​ទឹក​ប្រើប្រាស់​យ៉ាង​ធ្ងន់ធ្ងរ​ផង​ដែរ​។​


លោក​ឧត្តមសេនីយ៍​ ប្រាយុធ​ ​កាល​ពេល​ថ្មីៗ​នេះ​ បាន​ណែនាំ​ឲ្យ​លោក​ ចាឡើម​ឆៃ​ ស្រ៊ីអន​ ជា​រដ្ឋមន្ត្រី​កសិកម្ម​ និង​កិច្ច​សហប្រតិបត្តិការ​ និង​​ទីភ្នាក់ងារ​នានា​ ឲ្យ​ជួយ​ដោះ​​ស្រាយ​បញ្ហា​ខ្វះ​​ទឹក៕ KP/SK