ក្រុង​សេអ៊ូល៖ ​វិមាន​ប្រធានាធិបតី Cheong Wa Dae ​បាន​ប្រកាស​កាល​ពី​ថ្ងៃ​សុក្រ​ថា​ លោក​ប្រធានាធិបតី​កូរ៉េ​ខាង​ត្បូង​ មូន ​ជេអ៊ីន ​និង​លោក​ប្រធានាធិបតី​អាមេរិក ​គ្រោង​រៀបចំ​ជំនួប​កំពូល​នៅ​ក្រុង​ញូវយ៉ក​នៅ​ចុង​​​ខែ​នេះ ​នៅ​ក្រៅ​សង្វៀន​នៃ​ជំនួប​អង្គការ​សហប្រជាជាតិ​។


អ្នក​នាំពាក្យ​វិមាន​ប្រធានាធិបតី​លោក​ស្រី​ Ko Min-jung ​​បាន​ថ្លែង​ថា ​សម្ព័ន្ធមិត្ត​ទាំង​អស់​បាន​ព្រមព្រៀង​រៀបចំ​ជំនួប​ឲ្យ​ស្រប​ពេល​ជាមួយ​ដំណើរ​ទស្សនកិច្ច​របស់​លោក ​មូន ​ទៅ​កាន់​អាមេរិក​​​​ដើម្បី​ចូលរួម​មហា​សន្និបាត​លើក​ទី ​៧៤ ​នៃ​​អង្គការ​សហប្រជាជាតិ​ពី​ថ្ងៃទី ​២២ ​ដល់​ថ្ងៃ​ទី​ ២៦​ ខែ​កញ្ញា​នេះ​។

លោកស្រី​បាន​បន្ថែម​ថា ​ភាគី​ទាំង ២ ​កំពុង​ពិគ្រោះ​គ្នា​អំពី​កាល​វិភាគ​លម្អិត​អំពី​ជំនួប​នោះ​។


លោក ​មូន ​គ្រោង​ថ្លែង​សុន្ទរកថា​នៅ​ជំនួប​អង្គការ​សហប្រជាជាតិ​នៅ​ថ្ងៃទី ២៤​ ខែ​កញ្ញា​។


លោក​ក៏​នឹង​រៀបចំ​ជំនួប​ទ្វេ​ភាគី​ជា​ច្រើន​ទៀត​ជាមួយ​លោក​អគ្គលេខាធិការ ​អ​.ស​.ប.Antonio Guterres​ និង​មេ​ដឹកនាំ​មក​ពី​ប្រទេស​ដទៃ​ទៀត​។


លោក ​មូន​ ត្រូវ​ចូលរួម​ព្រឹត្តិការណ៍​មួយ​ដើម្បី​រៀបចំ​ជំនួប​ P4G ​និង​ជំនួប​ស្តីពី​វិធានការ​អាកាស​ធាតុ​របស់​អង្គការ​សហប្រជាជាតិ​ផង​ដែរ។ P4G ​តំណាង​ឲ្យ​ពាក្យ​ថា​ ការ​បង្កើត​ដៃ​គូ​សម្រាប់​កំណើន​បៃតង​ និង​គោលដៅ​របស់​ពិភព​លោក​ឆ្នាំ ​២០៣០​ ជា​សម្ព័ន្ធមិត្ត​អាកាស​ធាតុ​ថ្មី​មួយ​ដែល​មាន​បំណង​ក្លាយ​ជា​ម៉ាស៊ីនថ្មី​មួយ​ ដើម្បី​ជំរុញ​ឲ្យ​មាន​កំណើន​ដែល​មិន​ធ្វើ​ឲ្យ​ប៉ះពាល់​បរិស្ថាន។​

ដោយ​ត្រូវ​បាន​សួរ​អំពី​ជំនួប​ដាច់​ដោយ​ឡែក​របស់​លោក ​មូន ​ជាមួយ​លោក​នាយក​រដ្ឋមន្ត្រី​ជប៉ុន​​ ស៊ីន​ហ្សូ ​អាបេ​នៅ​ក្រុង​ញូវ​យ៉ក​នោះ ​លោក​ស្រី​ Ko ​បាន​ថ្លែង​ថា ​មិន​ទាន់​មាន​ការ​សម្រេច​ចិត្ត​ណា​មួយ​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ឡើយ​ទេ​។

នៅ​ក្នុង​ជំនួប ​មូន-ត្រាំ ជា​​ធម្មតា​បញ្ហា​កូរ៉េ​ខាង​ជើង​នឹង​ស្ថិត​នៅ​ក្នុង​របៀបវារៈ​កំពូល​៕ Yonhap/PSA