ក្រុង​បេរូត៖ ​សង្គ្រាម​នៅ​​ស៊ីរី​បាន​ចាប់​ផ្តើម​ផ្ទុះ​ឡើង​ ខណៈ​ការ​បះបោរ​ដោយ​សន្តិវិធី​មួយ​ ដែល​ត្រូវ​បាន​បរាជ័យ​ទាំង​ស្រុង​​ នៅ​ក្នុង​ការ​បង្ក្រាប​ដោយ​របប​មួយ​នៅ​ស៊ីរី​។ ​ក្នុង​រយៈពេល ​៨ ​ឆ្នាំ​មក​នេះ​ ​មនុស្ស​ជាង ​៣៧ ម៊ឺន​នាក់ ​បាន​ស្លាប់​ ហើយ​មនុស្ស​រាប់​លាន​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​បង្ខំ​ចិត្ត​ឲ្យ​​រត់​ភៀស​ខ្លួន​ចេញ​ក្រៅ​ប្រទេស​​។​


នេះ ​គឺ​ជា​ការ​សង្ខេប​អំពី​ព្រឹត្តិការណ៍​សំខាន់ៗ​នៅ​ក្នុង​ជម្លោះ​នៅ​ប្រទេស ​ស៊ីរី​។​

កាល​ពី​ខែ ​មីនា​ ឆ្នាំ ​២០១១​ ការ​តវ៉ា​បាន​ផ្ទុះ​ឡើង​ដើម្បី​ទាមទារ​ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​នយោបាយ​ ក្រោយ​ពី​ការ​គ្រប់គ្រង​មាន​ការ​គាប​សង្កត់​អស់ ​៤ ​ទសវត្សរ៍​របស់​សន្តិវង្ស​ត្រកូល ​អាសាដ ​មក​នោះ​។​


របប​ប្រធានាធិបតី​ស៊ីរី​លោក​ បាសារ​ អាល់-អាសាដ ​បាន​បង្ក្រាប​ទៅ​លើ​ក្រុម​បាតុករ​ ប៉ុន្តែ​ការ​ប្រមូល​ផ្តុំ​នៅ​តែ​បន្ត​ធ្វើ​ឡើង​នៅ​ទីនោះ​។​


ផ្សែងហុយទ្រលោមចេញពីទីប្រជុំជន Ras al-Rin ក្រោយពីតួគីបើកកិច្ចប្រតិបត្តិការប្រឆាំងកងកម្លាំងឃើដ។ AFP


កាល​ពី​ខែ​កក្កដា ​វរសេនីយ៍​ឯក​យោធា​ម្នាក់​ ដែល​បាន​រត់​ចោល​ជួរ​ចេញ​ពី​អង្គភាព​យោធា​ បាន​បង្កើត​កងកម្លាំង​សេរីភាព​ស៊ីរី ​(FSA) ​ធ្វើ​ការ​ប្រឆាំង​មាន​មូលដ្ឋាន​នៅ​តួកគី​។​

ការ​បះបោរ​ប្រដាប់​អាវុធ​បាន​ផ្ទុះ​ឡើង​ ដោយ​មាន​ការ​គាំទ្រ​ពី​ប្រទេស​លោក​ខាង​លិច ​និង​បណ្តា​ប្រទេស​នៅ​អារ៉ាប់​ផង​នោះ ​ក្រុម​ឧទ្ទាម​បាន​វាយ​ដណ្តើម​កាន់​កាប់​យក​ទឹក​ដី​សំខាន់ៗ​ នៅ​ក្នុង​នោះ​មាន​ទឹកដី ​១ ​ផ្នែក​ធំ​ដែល​មាន​ទីក្រុង ​៣​ ដូច​ជា​ក្រុង​ហូម​ និង ​១ ​ផ្នែក​ទៀត​នៃ​ទីក្រុង​បុរាណ​អាឡិបប៉ូ​​។​

នៅ​​ឆ្នាំ ​២០១២​ កងកម្លាំង​របប​ស៊ីរី​ បាន​បង្កើន​ការ​បង្ក្រាប​របស់​ពួក​គេ​ដោយ​ធ្វើ​ប្រតិបត្តិការ​វាយ​លុក​យ៉ាង​បង្ហូរ​ឈាម​ ជា​ពិសេស​នៅ​កណ្តាល​ទី​ក្រុង​ហូម​តែ​ម្តង​ ដែល​ជា​ទីតាំង​មូលដ្ឋាន​ឈរ​ជើង​ប្រឆាំង​របប​អាសាដ​នោះ​ឯង​។​

កាល​ពី​ខែ ​កក្កដា ឆ្នាំ ​២០១២​ ​ក្រុម​យុទ្ធជន​ FSA បាន​បើក​ការ​វាយ​ប្រហារ​ទៅ​លើ​ក្រុង​ដាម៉ាស​ ប៉ុន្តែ​រដ្ឋាភិបាល​បាន​ការពារ​យ៉ាង​ស្វិត​ស្វាញ​។​

ទាហានរដ្ឋាភិបាលស៊ីរីជិះរថយន្តភីកអាប់ប្រដាប់ដោយអាវុធប្រឆាំងយន្តហោះមានទង់ជាតិ និរូបលោក អាសាដ។ AFP

ចាប់​ពី​ឆ្នាំ ​២០១៣​ ឧទ្ធម្ភាគចក្រ​ និង​យន្តហោះ​ចម្បាំង​របស់​របប​ស៊ីរី​ជា​ច្រើន​គ្រឿង​​ បាន​បើក​ការ​វាយ​ប្រហារ​ផ្លូវ​អាកាស​យ៉ាង​ខ្លាំង​ក្លា​ ដោយ​មាន​យន្តហោះ​ខ្លះ ​បាន​ប្រើប្រាស់​គ្រាប់​បែក​ធុង​ ទម្លាក់​ទៅ​លើ​តំបន់​ឈរ​ជើង​របស់​ក្រុម​ឧទ្ទាម​ទាំង​នោះ​។​

នៅ​ក្នុង​ឆ្នាំ ​២០១៣ ​នេះ​ដែរ​ ក្រុម​សកម្ម​ប្រយុទ្ធ​លីបង់​គាំទ្រ​ដោយ​អ៊ីរ៉ង់​ គឺ​ក្រុម​ហេបូឡាហ៍​បាន​ទទួល​ស្គាល់​ថា​ ខ្លួន​បាន​ដាក់​ពង្រាយ​ក្រុម​សកម្ម​ប្រយុទ្ធ ​ដើ​ម្បី​គាំទ្រ​កងកម្លាំង​រដ្ឋាភិបាល​ប្រទេស ​ស៊ីរី​។​

ចំណែក​​ប្រទេស ​អ៊ីរ៉ង់ ​វិញ ​ក៏​បាន​បង្កើន​ការ​គាំទ្រ​របស់​ខ្លួន​ដល់​លោក ​អាសាដ ​ផង​ដែរ​។​

កាល​ពី​ថ្ងៃ​ទី ​២១ ​ខែ ​សីហា ​ឆ្នាំ ២០១៣​ ការ​វាយ​ប្រហារ​អាវុធ​គីមី​ត្រូវ​​បាន​គេ​​ស្តី​បន្ទោស​ទៅ​លើ​របប​ស៊ីរី​ ទៅ​លើ​តំបន់ ​២ ​​គ្រប់គ្រង​ដោយ​ក្រុម​ឧទ្ទាម​នៅ​ជិត​ក្រុង​ដាម៉ាស​ ដែល​តាម​ការ​រាយការណ៍​បាន​ឲ្យ​ដឹង​ថា​ មាន​មនុស្ស​ជាង ​១ ៤០០ ​នាក់​ បាន​ស្លាប់​ ហើយ​របប​ស៊ីរី ​បាន​បដិសេធ​ការ​ចោទ​ប្រកាន់​នោះ​។​

កាល​ពី​ខែ ​មេសា​ ឆ្នាំ ​២០១៧​ កា​រវាយ​ប្រហារ​​ឧស្ម័ន​គីមី​សារិន​លើ​ទីក្រុង​ Khan Shei-khun ​បាន​បង្ក​ឲ្យ​មនុស្ស​ជាង ​៨០ ​នាក់​ស្លាប់​៕ AFP/SK