ក្រុង​ឌូបៃ៖ ​អង្គការ​ជួយ​សង្គ្រោះ​កុមារ​បាន​ថ្លែង​ថា​ សង្គ្រាម​រយៈពេល​យូរ​នៅ​ក្នុង​ប្រទេស ​យេម៉ែន​ បាន ​«​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​» ​ទៅ​លើ​សតិ​អារម្មណ៍​សុខភាព​ផ្លូវ​ចិត្ត​របស់​ក្មេងៗ​ ដោយ​មាន​មនុស្ស​ជាង​ពាក់​កណ្តាល​បាន​និយាយ​ថា​ ពួក​គេ​មាន​អារម្មណ៍​ក្រៀម​ក្រំ​ និង​កើត​ទុក្ខ​ខ្លាំង​។​


រដ្ឋាភិបាល​ដែល​គាំទ្រ​ដោយ​ក្រុម​ចម្រុះ​យោធា​ដឹកនាំ​ដោយ​ប្រទេស ​អារ៉ាប៊ី ​សាអ៊ូឌីត​ បាន​កំពុង​ប្រយុទ្ធ​ជាមួយ​ក្រុម​ឧទ្ទាម​ហ៊ូធី ​មាន​សម្ព័ន្ធ​មិត្ត​ជាមួយ​ប្រទេស ​អ៊ីរ៉ង់​ អស់​រយៈពេល​ជាង ​៥ ​ឆ្នាំ ​នៅ​ក្នុង​ជម្លោះ​មួយ​ ដែល​បាន​ធ្វើ​ឲ្យ​ប្រទេស​មួយ​នេះ​ធ្លាក់​ចូល​ទៅ​ក្នុង​អ្វី​ដែល​អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ​គឺ​ជា​វិបត្តិ​មនុស្ស​ធម៌​យ៉ាង​អាក្រក់​បំផុត​នៅ​ជុំវិញ​ពិភព​លោក​។​

ក្រុម​សប្បុរស​ធម៌​បាន​ថ្លែង​នៅ​ក្នុង​របាយការណ៍​មួយ​ថា​៖ «ការ​ស្ទង់មតិ​បាន​និយាយ​ថា ​ក្មេង​ជាង​ពាក់​កណ្តាល​ពួក​គេ​បាន​តស៊ូ​ជាមួយ​ផ្លូវ​អារម្មណ៍​សោកសៅ​ និង​ទុក្ខ​ព្រួយ​យ៉ាង​ក្រៀមក្រំ​ដោយ​ពួក​គេ​ចំនួន​ជាង ​១ ​ភាគ ​១០​ បាន​និយាយ​ថា​ កំពុង​មាន​សតិ​​អារម្មណ៍​​គួរ​ឲ្យ​ធុញ​ថប់​យ៉ាង​ខ្លាំង​»​។​


ដុំផ្សែង​​ហុយ​ចេញពី​​ការ​​​វាយប្រហារ​​ផ្លូ​វ​អាកាស​ របស់​ក្រុមចម្រុះ​យោធា។ AFP


«ក្មេង​ប្រហែល ​១ ​ភាគ ​៥ ​បាន​និយាយ​ថា​ ពួក​គេ​ជា​និច្ចកាល​មាន​អារម្មណ៍​ភ័យ​ខ្លាច​ និង​មាន​ទុក្ខ​ព្រួយ​យ៉ាង​ក្រៀមក្រំ​នៅ​ក្នុង​ចិត្ត​»​។​


ក្រុម​សប្បុរស​ធម៌​បាន​ថ្លែង​ថា​ ការ​ស្ទង់មតិ ​គឺ​ធ្វើ​ឡើង​ជា​លក្ខណៈ​ទ្រង់ទ្រាយ​ធំ​បំផុត​ចេញ​ពី​សន្តាន​ចិត្ត​របស់​ខ្លួន​ នៅ​ក្នុង​ចំណោម​ក្មេងៗ និង​ឪពុក​ម្តាយ​ចាប់​តាំង​ពី​សង្គ្រាម​បាន​ផ្ទុះ​ឡើង​នៅ​ក្នុង​ប្រទេស ​យេម៉ែន ​នោះ​។​

ក្រុម​អង្គការ​សប្បុរស​ធម៌​ជួយ​សង្គ្រោះ​ក្មេង​បាន​សម្ភាស​ជាមួយ​ក្មេង​ចំនួន ​៦២៩ ​នាក់​ ដែល​មាន​​អាយុ​ចាប់​ពី ​១៣ ​ឆ្នាំ ​រហូត​ដល់ ​១៧ ​ឆ្នាំ​ និង​ឪពុក​ម្តាយ​ចំនួន ​៦២៧ ​នាក់​ និង​ក្រុម​សមាជិក​គ្រួសារ​មួយ​ចំនួន​ផ្សេង​ទៀត​ នៅ​ក្នុង​តំបន់ ​៣ ​​ដែល​ស្ថិត​នៅ​​ក្នុង​ប្រទេស ​យេម៉ែន​៕ AFP/SK