ក្រុង​ម៉ានីល៖ ​ប្រទេស ​ហ្វីលីពីន​ បាន​ចាប់​ផ្តើម​ធ្វើ​សមាហរណកម្ម​​អតីត​ក្រុម​ឧទ្ទាម​ឲ្យ​ចូល​រស់នៅ​ក្នុង​សង្គម​​ ​ជា​វិធានការ​មួយ​ដែល​លោក​ប្រធានាធិបតី​ហ្វីលីពីន​ Rodrigo ​Duterte ​បាន​ថ្លែង​ថា​ នឹង​នាំយក ​«​សន្តិភាព​យូរ​អង្វែង»​​ មក​កាន់​​​តំបន់​កោះ ​Mindanao ​របស់​ហ្វីលីពីន​ភាគ​ខាង​ត្បូង​។​


កាល​ពី​ថ្ងៃ​សៅរ៍​ ប្រធាន​រណសិរ្ស​រំដោះ​អ៊ិស្លាម​ម៉ូរ៉ូ ​(MILF) ​និង​ប្រមុខ​រដ្ឋមន្ត្រី​ស្តីទី​នៃ​តំបន់​កោះ​ Mindanao ​មូស្លីម​ស្វយ័ត​ Bangsamoro-(BARMM) ​គឺ​លោក​ Al Haj ​Murad​Ebrahim ​បាន​ប្រគល់​អាវុធ​ទៅ​ឲ្យ​លោក​ Duterte ​នៅ​កន្លែង​ចាប់​ផ្តើម​ប្រារព្ធ​ពិធី​ទម្លាក់​អាវុធ​នៅ​ទន្លេ Simuay​ នៅ​ក្នុង​ខេត្ត​ Sultan Kudarat​ នៅ​ហ្វីលីពីន​​ភាគ​ខាង​ត្បូង​នៃ​ខេត្ត​ Maguindanao។​

លោក ​Murad ​បាន​ថ្លែង​ថា​ ការ​ទម្លាក់​អាវុធ​នោះ ​«​ត្រូវ​បាន​ធ្វើ​ឡើង​» ​ដោយ​ក្រុម​ MILF ​ដើម្បី ​«​អបអរ​សាទរ​យ៉ាង​ជ្រាលជ្រៅ​» ​របស់​ខ្លួន​ សម្រាប់​អ្វី​ដែល​លោក ​(Duterte) ​បាន​ធ្វើ​ចំពោះ​ប្រជាជន​មូស្លីម​ Bangsamoro ​និង​ទឹក​ដី​កំណើត​របស់​យើង​ទាំង​អស់​គ្នា​នោះ​»​។​


ដំណើរការ​ទម្លាក់​អាវុធ​របស់​ក្រុម​យុទ្ធជន​ MILF ​១ ០៦០ ​នាក់​ គឺ​ជា​ការ​អនុវត្ត​ឲ្យ​មាន​ «​ប្រក្រតី​ភាវូបនីយកម្ម​»​ នៃ​កិច្ច​ព្រមព្រៀង​ទូលំ​ទូលាយ​អំពី​តំបន់​មូស្លីម​ Bangsamoro-(CAB)​។ ​ក្រុម​ដំបូង​មាន​ចំនួន ​១ ២០០ ​នាក់​ ឬ​ស្មើ ​៣០ ​ភាគរយ ​នៃ​កងកម្លាំង​ប្រដាប់​អាវុធ​អ៊ិស្លាម​ MILF-Bangsamoro​ ដែល​មាន​ ​៤ ​ម៉ឺន​នាក់ ​(BIAF) ​ហើយ​សមាជិក​ក្រុម​ទាំង​នេះ​ត្រូវ​ទម្លាក់​អាវុធ ​រហូត​ដល់​ខែ​មីនា ​ឬ​ខែ​មេសា​ឆ្នាំ​ ២០២០ ​ខាង​មុខ​នេះ​។​


ការ​ប្រគល់​អាវុធ​បាន​រាប់​បញ្ចូល​អាវុធ​ចំនួន​ ៩២០ ​ដើម​ និង ​«​អាវុធ​ធុនធ្ងន់​» ​របស់​ក្រុម​ MILF​ ប្រហែល ​២០ ​ដើម​ នៅ​ក្នុង​នោះ​មាន​ជាង​ ៦០០ គ្រាប់​សម្រាប់​ជើង​ទម្រ​បាញ់​គ្រាប់​រ៉ុក្កែត​មាន ​៧ ​ដើម​៕ Xinhua/SK