អ៊ុយក្រែន​​ថា កងទ័ព​​​រុស្ស៊ី បាន​ដក​ចេញ​ពី​តំបន់​ព្រំដែន


20140522_19b
ជនសកម្មប្រយុទ្ធគាំទ្ររុស្ស៊ី ត្រួតពិនិត្យរថយន្តដែលឆ្លងកាត់ក្បែរក្រុងក្រាម៉ាតូស AFP

ក្រុងកៀវៈ អ៊ុយក្រែន និយាយ ថា កងទ័ព​រុស្ស៊ី​បាន​ដក​ចេញ​ពី​ព្រំដែន​ហើយ រយៈពេល​៥​ថ្ងៃ​មុន​ការ​បោះឆ្នោត​ប្រធានាធិបតី​ដែល​កំណត់​ពី​ជោគវាសនា ប្រទេស ប៉ុន្តែ​មិន​បាន​បញ្ជាក់​ពី​ការ​ដក​ទ័ព​ចេញ​ទាំង​ស្រុង តាម​ការ​ទាមទារ​របស់​លោក​ខាង​លិច​ទេ​។

ក្រុង​ម៉ូស្គូ បាន​ប្រកាស​ថា ខ្លួន​បាន​ដក​កម្លាំង​របស់​ខ្លួន ក្នុង​ទង្វើ​មួយ​ដែល​មាន​សក្តានុពល​ដើម្បី​បន្ធូរបន្ថយ​ការ​បះបោរ​បង្ហូរ ឈាម​មួយ​គាំទ្រ​ដោយ​វិមាន​ក្រឹមឡាំង​ដែល​គំរាម​ហែកហួរ​អតីត​សហភាពសូវៀត​នេះ​ជា​ចំណែកៗ។

ក្រុម​មេដឹកនាំ​ដែល​គាំទ្រ​ដោយ​បស្ចិមប្រទេស​របស់​ក្រុង​កៀវ​ក៏​ត្រូវ​បាន ជួយ​ជ្រោមជ្រែង​ដែរ​កាលពី​ថ្ងៃ​អង្គារ នៅពេល​បុរស​អ្នក​មាន​បំផុត​នៅ​អ៊ុយក្រែន លោក​រីណាត អាក់មេតូវ បាន​ជេរប្រទេច​ក្រុម​ឧទ្ទាម​ប្រដាប់អាវុធ​ដែល​បាន​លុកលុយ​ក្រុង​១២​នៅក្នុង​មូលដ្ឋាន​អំណាច​ឧស្សាហកម្ម​របស់​លោក នៅ​ភាគ​ខាង​កើត​ថា​ជា​ក្រុម​ចោរ ដែល​អាច​បង្កើត​«​អំពើ​ប្រល័យ​ពូជសាសន៍»។

សេវាកម្ម​ព្រំដែន​អ៊ុយក្រែន បាន ប្រកាស​គួរ​ឲ្យ​ភ្ញាក់ផ្អើល​មួយ​ពី​ព្រលឹម​ថ្ងៃ​អង្គារ​ថា គ្មាន​ទាហាន​ណា​ម្នាក់ ក្នុង​ចំណោម​ទាហាន​រុស្ស៊ី​៤០ ០០០​នាក់​ពេល​នេះ បាន ឈរ​ជើង​ក្នុង​ចម្ងាយ​១០​គ.ម ពី​ប្រទេស​នេះ​ទេ។

ប៉ុន្តែ​រដ្ឋមន្រ្តី​ការបរទេស លោក​Andriy Deshchytsia ដែល​កំពុង​បំពេញ​ទស្សនកិច្ច​ក្នុង​ក្រុង​ប៊ែរឡាំង ក្រោយ​មក បាន​ថ្លែង​ថា លោក​មិន​អាច​បញ្ជាក់​ពី​ការ​ដក​កងទ័ព​នេះ​បាន​ឡើយ។

លោក បាន​ថ្លែង​ថា៖ «​ខ្ញុំ​សង្ឃឹម​ថា ការ​ប្រកាស​របស់​អ្នក​នយោបាយ​រុស្ស៊ី​ថា កងទ័ព​ត្រូវ​តែ​ដក​ចេញ​ពី​ព្រំដែន​អ៊ុយក្រែន មិន​គ្រាន់តែ​ជា​ការ​ប្រកាស​ទេ»។

ប្រមុខ​ណាតូ លោក Anders Fogh Rasmussen បាន​ថ្លែង ថា ការ​ដកទ័ព​ពិត​របស់​រុស្ស៊ី​គឺជា​ការ​ចូលរួម​ចំណែក​ដ៏សំខាន់​ដើម្បី កាត់បន្ថយ​វិបត្តិ​។

ភាព​តានតឹង​ជាច្រើន រវាង​ក្រុង​ម៉ូស្គូ​និង​លោក​ខាង​លិច​បាន​ឡើង ខ្ពស់​ជុំវិញ​វិបត្តិ​អ៊ុយក្រែន ជាពិសេស ការ​បញ្ចូល​ឧបទ្វីប​គ្រីមា​ជា ឧបសម្ព័ន្ធ​របស់​រុស្ស៊ី ក្នុង​ខែ​មីនា និង​ការ​ចោទប្រកាន់​ថា រុស្ស៊ី​កំពុង​ជំរុញ​ឲ្យ​មាន​ការ​បះបោរ​មួយ​នៅ​ភាគ​ខាង​កើត​។

អ.ស.ប បាន​ប៉ាន់ប្រមាណ​ថា ប្រជាជន​ប្រមាណ​១៣០​នាក់ បាន​ស្លាប់ តាំងពី​អំពើ​ហិង្សា​នៅ​តំបន់​ដូណេតស្ក៍ និង​លូហ្កានស្គ៍​នៅ​ជិត​ព្រំដែន​រុស្ស៊ី បាន​ផ្ទុះ​ឡើង​ដំបូង​នៅ​ដើម​ខែ​មេសា​។

ទីភ្នាក់ងារ​ជនភៀសខ្លួន​អ​.ស. ប. បាន​និយាយ​ថា មនុស្ស​១​ម៉ឺន​នាក់​ទៀត ដែល​ពួកគេ​ភាគច្រើន​ជា​ជនជាតិ​ភាគតិច​តាតារ​នៅ​គ្រីមា​ត្រូវ​ខ្ចាត់ព្រាត់​។

នៅ​មុន​ការ​បោះឆ្នោត​នៅ​ថ្ងៃ​អាទិត្យ​ក្រុម​អាជ្ញាធរ​អ៊ុយក្រែន ត្រូវ​រៀបចំ​កិច្ចពិភាក្សា​ជាតិ​ជុំ​ថ្មី​មួយ​ពី​ថ្ងៃ​ពុធ​នៅ​ក្រុង​មីកូឡាយ​ដើម្បី​បញ្ចប់​ការ​បះបោរ​៕ PSA

ព័ត៌មានថ្មីៗ