ក្រុង​ហ្សាការតា៖​ ប៉ូលិស​បាន​និយាយ​កាល​ពី​ថ្ងៃ​ចន្ទ​ថា​ ជន​សកម្ម​ប្រយុទ្ធ​ឥណ្ឌូនេស៊ី​រាប់​សិប​នាក់​ ដែល​​គេ​សង្ស័យ​នោះ ត្រូវ​បាន​ចាប់​ខ្លួន​ក្រោយ​​ពី​អ្នក​វាយ​ប្រហារ​អត្តឃាត​ម្នាក់​ ដែល​មាន​ទំនាក់ទំនង​ជាមួយ​ក្រុម​រដ្ឋ​អ៊ិស្លាម ​IS ​បាន​បំផ្ទុះ​ខ្លួន​ឯង​ និង​បង្ក​ឲ្យ​មនុស្ស ​៦ ​នាក់​ផ្សេង​ទៀត​រង​របួស ​នៅ​ក្នុង​ការ​វាយ​ប្រហារ​ទៅ​លើ​ប៉ុស្តិ៍​ប៉ូលិស​មួយ​កាល​ពី​សប្តាហ៍​មុន។ ​


យោង​តាម​អាជ្ញាធរ​បាន​ឲ្យ​ដឹង​ថា​ជន​សង្ស័យ​ប្រហែល ​៤៥ ​នាក់ ​ត្រូវ​បាន​ចាប់​ខ្លួន ​ចាប់​តាំង​ពី​ការ​វាយ​ប្រហារ​កាល​ពី​ថ្ងៃ​ពុធ​សប្តាហ៍​មុន ​នៅ​ក្នុង​ក្រុង​មេ​ដាន​នៅ​លើ​កោះ​ស៊ូម៉ាត្រា ខណៈ​ដែល​អ្នក​វាយ​ប្រហារ ​២ ​នាក់ ​ត្រូវ​បាន​​បាញ់​សម្លាប់​នៅ​ក្នុង​អំឡុង​ការ​វាយ​ឆ្មក់​មួយ​។

អ្នក​នាំពាក្យ​ប៉ូលិស​ជាតិ​ លោក Dedi Prasetyo ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​នៅ​ក្នុង​ក្រុង​ហ្សាការតា​​​កាល​ពី​ថ្ងៃ​ចន្ទ​ថា​៖ ​«​អ្នក​វាយ​ប្រហារ​ទាំង ​២ ​នាក់​នោះ​ បាន​ទប់ទល់​នឹង​​ការ​ចាប់​ខ្លួន​នោះ ​និង​បាន​ព្យាយាម​វាយ​ប៉ូលិស​ដោយ​ប្រើ​អាវុធ​មុត​ និង​កាំភ្លើង​ខ្យល់»។ ​​


លោក​ Prasetyo ​បាន​បន្ថែម​ថា​ពួក​គេ​ បាន​ផលិត​គ្រាប់​បែក​អាំងតង់ស៊ីតេ​កម្រិត​ទាប ​១ ​គ្រាប់ ​ដែល​អ្នក​វាយ​ប្រហារ​មាន​វ័យ ​២៤ ឆ្នាំ​នោះ ​បាន​ចង​ជាប់​នឹង​ខ្លួន​របស់​គេ​ ហើយ​ចុច​បំផ្ទុះ​តែ​ម្តង​។


មុន​នេះ​បន្តិច ​អាជ្ញាធរ​បាន​និយាយ​ថា​ ពួក​គេ​បាន​សង្ស័យ​ថា ​អ្នក​បំផ្ទុះ​គ្រាប់​បែក​អត្តឃាត​នោះ ​គឺ​ជា​អ្នក​វាយ​ប្រហារ​តែ​ម្នាក់​គត់ ​បន្ទាប់​ពី​មាន​ការ​បំផ្ទុះ​ ដែល​បាន​បណ្តាល​ឲ្យ​មន្ត្រី​ប៉ូលិស ​៤ ​នាក់​ និង​ជន​ស៊ីវិល ​២ ​នាក់​រង​របួស​៕ AFP/PSA