ក្រុងវ៉ាស៊ីនតោនៈ​ មន្ទីរ​បញ្ច​កោណ​ បាន​​ឲ្យ​​ដឹង​កាល​ពី​​ថ្ងៃ​ចន្ទ​ថា​ ខ្លួន​នឹង​បន្ត​ការ​ដាក់​ពង្រាយ​ទាហាន ​ដែល​មាន​តួនាទី​សកម្ម ​និង​កង​ឆ្មាំ​ការពារ​សមុទ្រ ​រហូត​ដល់​ថ្ងៃ​ទី​ ៣០ ​ខែ​កញ្ញា​ នៅ​តាម​ព្រំដែន​ អាមេរិក-​ម៉ិក​ស៊ិក​ នៅ​អំឡុង​ពេល​ធ្វើ​ការ​ពង្រីក​បេសកកម្ម ដែល​មាន​ការ​ឈ្លប​មើល ​និង​ការ​ស៊ើប​អង្កេត​ផង​ដែរ​។


ដោយ​ការ​​បន្ត​បេសកកម្ម​របស់​កង​ទ័ព​រហូត​ដល់​ឱសាន​វាទ​ថ្ងៃ​ទី​ ៣១​ ខែ​មករា ​នោះ ​មន្ទីរ​បញ្ចកោណ​ បាន​ថ្លែង​ថា​ខ្លួន «​កំពុង​ធ្វើ​ការ​ផ្លាស់​ប្តូរ​ការ​គាំទ្រ​របស់​ខ្លួន​នៅ​តាម​ព្រំ​ដែន​ភាគ​និរតី ​ចេញ​ពី​ការ​ពង្រឹង​សន្តិសុខ​នៅ​ច្រក​ចូល​កំពង់​ផែ​ដើម្បី​ឈ្លប​មើល​ និង​ស៊ើប​​អង្កេត​ និង​​ដាក់​​ខ្សែ​លួស​ព័ទ្ធ ជុំវិញ​រវាង​ច្រក​ចូល​កំពង់​ផែ​»។

សេចក្តី​ថ្លែង​ការណ៍​នោះ បាន​ឲ្យ​ដឹង​​ថា​៖ «DoD ​នឹង​បន្ត​ផ្តល់​ការ​គាំទ្រ​ឲ្យ​មាន​ការ​ហោះហើរ​នៅ​ទី​នោះ​» ​ដោយ​និយាយ​សំដៅ​ទៅ​លើ​ក្រសួង​ការពារ​ជាតិ​ (Department of Defense)។


មន្ទីរ​បញ្ចកោណ​ មាន​កង​កម្លាំង​ដែល​មាន​តួនាទី​សកម្ម​ប្រហែល​ ២ ៣៥០ នាក់​ ​បាន​ឈរ​ជើង​នៅ​តាម​បណ្តោយ​ព្រំ​ដែន​ដែល​ត្រូវ​ដាក់​ពង្រាយ​ស្ថិត​នៅ​ក្រោម​បញ្ជា​ដ៏​ចម្រូង​ចម្រាស​មួយ​របស់​ប្រធានាធិបតី​លោក​ ដូណាល់ ​ត្រាំ​ បាន​ចេញ​កាល​ពី​ឆ្នាំ​ទៅ​ នៅ​មុន​ការ បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​កាល​ពី​ខែ​វិច្ឆិកា ​ខណៈ​មាន​ជន​ចំណាក​ស្រុក​អាមេរិក​កណ្តាល​រាប់​ពាន់​នាក់​បាន​ធ្វើ​ដំណើរ​ទៅ​កាន់​ព្រំ​ដែន​ដើម្បី​ស្វែង​រក​សិទ្ធិ​ជ្រក​កោន​ ដោយ​សារ​អំពើ​ហិង្សា​ និង​ភាព​ក្រីក្រ​នៅ​ប្រទេស​របស់​ពួក​គេ​នោះ​។


ក្រុម​អ្នក​រិះ​គន់​​បាន​ចាត់​ទុក​បញ្ជា​របស់​លោក​ ត្រាំ ថា​ ជា​ការ​រឹត​ត្បិត​ផ្នែក​នយោបាយ​យ៉ាង​ធ្ងន់ធ្ងរ​មួយ​ដើម្បី​ជំរុញ​ទឹក​ចិត្ត​អ្នក​គាំទ្រ​នៅ​មុន​ការ​បោះ​ឆ្នោត​​ដែល​គណ​បក្ស​សាធារណ​រដ្ឋ​បាត់​បង់​ការ​គ្រប់គ្រង​សភា​។


ផ្នែក​មួយនៃជញ្ជាំង​ព្រំដែន អា​មេ​រិក-មុិកស៊ិក​ ត្រូវបានគេមើលឃើញ​​កាលពីថ្ងៃទី​ ១៤ ខែ​មករា ឆ្នាំ​ ២០១៩។ AFP

លោក​ ដូ​ណាល់ ត្រាំ បាន​ថ្លែង​អំពី «ការ​គ្រោះថ្នាក់​ដល់​​ជាតិ»​ និង​ «ការ​ឈ្លាន​ពាន»​មួយ​ កាល​ពី​ពេល​ថ្មី​ៗ​នេះ​ ដោយ​មាន​ការ​ស្នើ​សុំ​ឲ្យ​កង​កម្លាំង​អាមេរិក ​អាច​ធ្វើ​ការ​បាញ់​ប្រហារ​ទៅ​លើ​ក្រុម​ជន​ចំណាក​ស្រុក​ ​ប្រសិន​បើ​ពួក​គេ ​គប់​ដុំ​ថ្ម​ទៅ​លើ​កង​កម្លាំង​ការ ពារ​ព្រំដែន​អាមេរិក​នោះ​។

យោធា​អាមេរិក​ មិន​ត្រូវ​បាន​អនុញ្ញាត​ឲ្យ​ចូល​រួម​ក្នុង​ករណី​ណា​មួយ​ ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​អនុវត្ត​ច្បាប់​នៅ​ក្នុង​ស្រុក​ ​និង​បេសកកម្ម​នៅ​តាម​ព្រំ​ដែន​​បាន​ដាក់​បញ្ចូល​យោធា​ដែល​​មិន​ឲ្យ​ពាក់​ព័ន្ធ​នយោបាយ។

ឆ្មាំ​ជាតិ​ប្រហែល​ ២ ២០០ ​នាក់​បាន​កំពុង​គាំទ្រ​កិច្ច​ប្រតិបត្តិការ​នៅ​ព្រំ​ដែន​រួច​ហើយ​នៅ​មុន​​លោក​ ត្រាំ​ បញ្ជូន​ទាហាន​មាន​តួនាទី​សកម្ម​ទៅ​ទី​នោះ​។

ការ​ដាក់​ពង្រាយ​ទាហាន​ដែល​មិន​ធ្លាប់​កើត​មាន​ពី​មុន​ត្រូវ​បាន​សន្មត​ថា ​ត្រូវ​បញ្ចប់​នៅ​ពាក់​កណ្តាល​ខែ​ធ្នូ ​ប៉ុន្តែ​ក្រសួង​សន្តិសុខ​មាតុ​ភូមិ​ បាន​ស្នើ​ថា​ ការ​ដាក់​ពង្រាយ​នេះ​ គួរ​ត្រូវ​បាន​បន្ត​រហូត​ដល់​ខែ​មករា ​ ​ជា​កាល​បរិចេ្ឆទ​មួយ​ ដែល​ត្រូវ​បាន​ពន្យារ​ពេល​យ៉ាង​យូរ​។ ​

តួនាទី​របស់​ទាហាន​ ត្រូវ​​សាងសង់​របង​រាប់​ពាន់​គីឡូ​ម៉ែត្រ​រួម​មាន​ចំណុច​ឆ្លង​កាត់​ជា​ច្រើន​។​ លោក​ ត្រាំ ​បាន​បង្កើន​ការ​ទាមទារ​ឲ្យ​សង់​របង​ព្រំ​ដែន​ដែល​បាន​បង្ក​ឲ្យ​មាន​ស្ថាន​ភាព​រក​ច្រក​ចេញ​គ្មាន​ជា​​មួយ​ក្រុម​សមាជិក​សភា​និង​​បិទ​​​​​​តាម​ផ្នែក ​នៃ​រដ្ឋាភិបាល​ដែល​បាន​ឈាន​ចូល​សប្តាហ៍​ទី ៤ ​ហើយ​នោះ​។​

ការ​ដាក់​ពង្រាយ​ទាហាន ​គឺ​ជា​បញ្ហា​មួយ​ក្នុង​ចំណោម​បញ្ហា​ជា​ច្រើន​ ដែល​ប្រធានាធិបតី​អាមេរិក លោក ​ត្រាំ ​និង​អតីត​រដ្ឋមន្ត្រី​ការពារ​ជាតិ​លោក​ជីម​ម៉ាធីស ​មាន​ការ​ខ្វែង​គំនិត​គ្នា ​នៅ​មុន​ពេល​លោក​លាលែង​ពី​តំណែង​នៅ​ក្នុង​ខែ​ធ្នូ ​ក្រោយ​ពី​ការ​សម្រេច​ចិត្ត​របស់​មេ​ដឹកនាំ​នេះ​ឲ្យ​ដក​កង​ទ័ព​ចេញ​ពី​ប្រទេស​ ​ស៊ីរី ​នោះ៕ AFP/SK

បដាដែលគេសរសេរថា​ «No Wall» ចង​​ជាប់​នឹង​របង​​​នៅក្បែរ​ជំ​រំ​​សម្រាប់ក្មេង​ៗ​ចំណាក​​ស្រុក។ រូបថត AFP