ក្រុងវ៉ាស៊ីនតោនៈ ក្រសួងការបរទេស បានថ្លែងកាលពីថ្ងៃអង្គារថា អាមេរិក ស្វះស្វែងរកឲ្យមានការលុបបំបាត់កម្មវិធីអាវុធប្រល័យលោករបស់កូរ៉េខាងជើង ដែលបានចាប់ផ្តើមជាមួយនឹងការឈប់ផលិតអាវុធរបស់ពួកគេទាំងស្រុង។
ការអត្ថាធិប្បាយ បានកើតឡើងនៅមុនការបន្តការចរចាជាមួយកូរ៉េខាងជើងជុំវិញកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនហើយអាចបង្ហាញពីការបើកចំហរបស់អាមេរិក ដើម្បីអនុវត្តវិធានការមួយជំហានម្តងៗ ដែលឈានទៅរកការលុបបំបាត់នុយក្លេអ៊ែរនោះ។
តួនាទីរបស់អាមេរិកនៅក្នុងការចរចាកាលពីពេលថ្មីៗនេះ ជាមួយកូរ៉េខាងជើង បានផ្តោតទៅលើការលុបបំបាត់កម្មវិធីនុយក្លេអ៊ែរ និងមីស៊ីលទាំងអស់របស់របបនេះ នៅមុនការដកទណ្ឌកម្ម។
អ្នកនាំពាក្យក្រសួងការបរទេសលោកស្រី Morgan Ortagus បានថ្លែងនៅអំឡុងពេលធ្វើសន្និសីទមួយថា៖ «ជាក់ស្តែងណាស់ យើងចង់ឃើញមានការលុបបំបាត់អាវុធប្រល័យលោកទាំងស្រុងនៅប្រទេស កូរ៉េខាងជើង»។ «ខណៈប្រធានាធិបតីបានថ្លែងជាច្រើនដង លោកសង្ឃឹមថា លោក គីម ជុងអ៊ុន និងប្រជាជនកូរ៉េខាងជើងចង់ឃើញអនាគត និងចក្ខុវិស័យដ៏ភ្លឺស្វាង ដែលលោកបានផ្តល់ឲ្យប្រជាជនរបស់លោក»។
ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ និងមេដឹកនាំកូរ៉េខាងជើងលោក គីម ជុងអ៊ុន បានឯកភាពគ្នានៅឯជំនួបកំពូលដំបូងរបស់ពួកគេ នៅប្រទេស សិង្ហបុរី កាលពីខែមិថុនាឆ្នាំ ២០១៨ ដើម្បីឈានទៅរកការលុបបំបាត់កម្មវិធីអាវុធនុយក្លេអ៊ែរទាំងស្រុងនៅឧបទ្វីបកូរ៉េ ជាថ្នូរទៅនឹងការធានាសន្តិសុខឲ្យក្រុងព្យុងយ៉ាង។
ប៉ុន្តែជំនួបកំពូលលើកទី២ របស់ពួកគេ នៅប្រទេស វៀតណាម កាលពីខែកុម្ភៈ បានបញ្ចប់ដោយគ្មានចុះកិច្ចព្រមព្រៀងអ្វីឡើយ៕ Yonhap/SK