ក្រុង​ហ្សឺណែវ៖​ អង្គការ​សុខភាព​ពិភព​លោក ​(WHO) ​កាល​ពី​ថ្ងៃ​ពុធ​ បាន​ប្រកាស​ចាប់​ផ្តើម​ដំណើរការ​មូលនិធិ​របស់​ខ្លួន​ដែល​ជា​ស្ថាប័ន​រក​ជំនួយ​ឯករាជ្យ​មួយ​ ដែល​នឹង​គាំទ្រ​ដល់​កិច្ច​ខិតខំ​ប្រឹងប្រែង​របស់​អង្គការ​សុខភាព​​នេះ​ ដើម្បី​ដោះ​ស្រាយ​រាល់​​ឧបសគ្គ​សុខភាព​សកល​ជា​បន្ទាន់​បំផុត​ នៅ​ទូទាំង​ពិភព​លោក​។​


លោក​​ប្រធាន​អង្គការ​សុខភាព​ពិភព​លោក​ តេ្រដូស អេដហាណូម​ ហ្គឺប្រីយេស៊ុស​ បាន​ថ្លែង​នៅ​ឯ​សន្និសីទ​សារព័ត៌មាន​មួយ​ពី​ទីក្រុង​ហ្សឺណែវ​ថា ​គំនិត​យោបល់ ​ដើម្បី​គាំទ្រ​ដល់​ការ​បង្កើត​មូលនិធិ​អង្គការ​សុខភាព​ពិភព​លោក​ ដែល​ត្រូវ​បាន​គេ​បង្កើត​ឡើង​កាល​ពី​ខែ​កុម្ភៈ ​ឆ្នាំ ​២០១៨ ​កន្លង​ទៅ​ ហើយ ​«​ថ្ងៃ​នេះ ​យើង​មាន​ក្តី​សោមនស្ស​​រីករាយ​​ណាស់​ដោយ​ចាប់​ផ្តើម​ដំណើរការ​មូលនិធិ​នេះ​​ជា​ផ្លូវ​ការ​»​។​

លោក ​តេ្រដូស បាន​ថ្លែង​ថា​៖ «​​ដើម្បី​ឲ្យ​​អង្គការ WHO​ ​បំពេញ​បេសកកម្ម ​និង​អាណត្តិ​របស់​ខ្លួន​បាន​ជោគជ័យ​នោះ មាន​តម្រូវ​ការ​យ៉ាង​ច្បាស់​លាស់ ​គឺ​ពង្រីក​​មូលដ្ឋាន​ជំនួយ​របស់​យើង​ និង​ធ្វើ​ឲ្យ​ល្អ​ប្រសើរ​ឡើង​ ទាំង​បរិមាណ​ និង​គុណភាព​នៃ​មូលនិធិ​​ដែល​យើង​ទទួល​បាន​ពី​សប្បុរសជន​»។ ​


យោង​តាម​អង្គការ​សុខភាព​ពិភព​លោក​ ដែល​មាន​ទីស្នាក់ការ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ​បាន​ឲ្យ​ដឹង​ថា ​មូលនិធិ​នោះ​នឹង​គាំទ្រ​ដល់​តម្រូវ​ការ​សុខភាព​សាធារណៈ​​សកល​ តាមរយៈ​ការ​ផ្តល់​មូលនិធិ​ទៅ​ឲ្យ​អង្គការ WHO និង​ក្រុម​ដៃ​គូ​អនុវត្ត​​ដែល​​​​មាន​​ការ​ស្មោះ​ត្រង់​ ប៉ុន្តែ​បាន​បែង​ចែក​ពី​អង្គការ ​WHO ​ដោយ​ស្រប​ច្បាប់​។​


អ្នក​នាំពាក្យ​អង្គការ ​WHO ​បាន​ថ្លែង​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ពុធ​ នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​ថា​ នៅ​ក្នុង​ទិដ្ឋភាព​នៃ​ការ​ឆ្លង​រាល​ដាល​ជំងឺ​កូវីដ ​១៩​ មូលនិធិ ​WHO ​នឹង​ផ្តោត​ដំបូង​ទៅ​លើ​គ្រាអាសន្ន​ និង​ឆ្លើយ​តប​ការ​ឆ្លង​រាល​ដាល ​និង​រៃ​អង្គាស​​ប្រាក់​ពីសប្បុរស​​ជន៕ Xinhua/SK