ភ្នំពេញ៖ ​សហព័ន្ធ​កីឡា​រាំ​កម្ពុជា មាន​សង្ឃឹម​ថា ក្រុម​អត្តពលិក ដែល​ទើប​ឈ្នះ​បាន​មេដាយ​មាស ១ និង​មេដាយ​ប្រាក់ ​២ ពី​ការ​ប្រកួត​កម្រិត​អាស៊ី ​ ADSF Asian Adult Open Latin Dance 2019, ADSF Single Dance Cha Cha Cha និង Paso Doble នៅ​ក្រុង​តៃប៉ិ នឹង​ជួយ​បង្កើត​កំណត់ត្រា​ថ្មី​ឲ្យ​ប្រភេទ​កីឡា​មួយ​នេះ តាមរយៈ​ការ​ឈ្នះ​បាន​មេដាយ​ពី​ការ​ប្រកួត​ស៊ីហ្គេម លើក​ទី ​៣០ នៅ​ប្រទេស ​ហ្វីលីពីន នា​ចុង​ឆ្នាំ​ ២០១៩ នេះ។

អ្នកស្រី ហង្ស ស៊ីមន ជា​អគ្គលេខាធិការ​សហព័ន្ធកីឡា​រាំ​កម្ពុជា និង​ជា​ប្រធាន​ប្រតិភូ​ដឹកនាំ​ការ​ប្រកួត​នេះ បាន​ចាត់​ទុក​ការ​ឈ្នះ​បាន​មេដាយ​មាស ​១ និង​ប្រាក់ ​២ ពី​ការ​ប្រកួត​កម្រិត​អាស៊ី​នេះ ថា​ជា​មោទនភាព​ដ៏​ធំ ដែល​អ្នកស្រី​ខ្លួន​ឯង​ផ្ទាល់ ក៏​មិន​នឹក​ស្មាន​ដល់​។

អគ្គលេខាធិការ​រូប​នេះ​បាន​ថ្លែង​នៅ​ពេល​ដឹកនាំ​ប្រតិភូ​កីឡា​​រាំ មក​ដល់​ព្រលាន​យន្តហោះ​អន្តរជាតិ​ភ្នំពេញ កាល​ពី​ព្រឹក​ថ្ងៃ​អង្គារ​ថា៖ «នៅ​ក្នុង​ការ​ប្រកួត​នេះ ទាំង​អ្នក​ចូលរួម​កម្រិត​ពិភព​លោក និង​អាស៊ី សុទ្ធ​តែ​ជា​ជើង​ខ្លាំង តំណាង​មក​ពី ​១៧ ​ប្រទេស ​ហើយ​​យើង​ក៏​បាន​ជួប​​ក្រុម Top3 របស់ World Dance ផងដែរ អ៊ីចឹង​ក្នុង​នាម​ឲ្យ​សហព័ន្ធ ខ្ញុំ​ពិត​ជា​មាន​មោទនភាព​ខ្លាំង​ណាស់ ដែល​កីឡាករ កីឡាការិនី​របស់​យើង បាន​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ និង​ប្រកួត រហូត​ទទួល​បាន​មេដាយ​មាស ​១ និង​ប្រាក់ ​២ ពី​ការ​ប្រកួត​កម្រិត​អាស៊ី​នៅ​ពេល​នេះ»។


អ្នកស្រី ហង្ស ស៊ីមន ​បាន​បន្ថែម​ថា៖ «​ខ្ញុំ​មិន​នឹក​ស្មាន​ថា ​ការ​ប្រកួត​នៅ​តៃប៉ិ ​លើក​នេះ យើង​ទទួល​បាន​លទ្ធផល​ខ្ពស់​បែប​នេះ​នោះ​ទេ ព្រោះ​អ្នក​ចូលរួម​ប្រកួត​សុទ្ធតែ​ជា​ជើង​ខ្លាំង ​ប៉ុន្តែ​នៅ​ពេល​ចូល​ប្រកួត​ជាមួយ​គេ​ទើប​ដឹង​ថា កីឡាករ កីឡាការិនី​របស់​យើង ​មាន​បច្ចេកទេស និង​ទិចនិក​ប្រហែល​​នឹង​គេ​តែ​ម្តង»។

សម្រាប់​ព្រឹត្តិការណ៍​ប្រកួត​កីឡា​រាំ ធ្វើ​នៅ​ក្រុង​តៃប៉ិ​នេះ ​កីឡាករ ច័ន្ទ វិទ័រ និង​កីឡាការិនី កញ្ញា ព្រាប ដានីអែលឡា ​បាន​រួម​គ្នា​​ឈ្នះ​មេដាយ​មាស​ ក្នុង​ការ​ប្រកួត ADSF Asian Adult Open Latin Dance 2019 ​និង​ឈ្នះ​បាន​មេដាយ​ប្រាក់​ចំនួន ​២ ​ទៀត​ ក្នុង​ការ​ប្រកួត ADSF Single Dance Cha Cha Cha និង Paso Doble ប៉ុន្តែ​អ្នក​ទាំង ​២ នេះ បាន​ត្រឹម​លេខ ​៤ ក្នុង​ការ​ប្រកួត​កីឡា​រាំ​ពិភព​លោក WDSF Taipei Open 2019។


ដោយ​ឡែក កីឡាករ សេង សុគីម និង កីឡាការិនី ម៉ូវ ដានីតា បាន​ទទួល​ចំណាត់​ថ្នាក់​លេខ ​៤ ក្នុង​ការ​ប្រកួត​កីឡារំា​អាស៊ី ADSF Single Dance Jive និង​ទទួល​បាន​ចំណាត់​ថ្នាក់​លេខ ​៥ ក្នុង​ការ​ប្រកួត Youth U21 & Youth Open Grade C Latin Dance ហើយ​កីឡាករ ភុន ស៊ីវុត្រា បាន​ចំណាត់​ថ្នាក់​លេខ ​៤ ក្នុង​ការ​ប្រកួត Junior Open Grade C Ladin Dace។

ជាមួយ​នឹង​ភាព​ជោគជ័យ និង​បទពិសោធ​ដែល​ទទួល​បាន​ពី​ការ​ប្រកួត​កម្រិត​អាស៊ី និង​ពិភព​លោក នៅ​ក្រុង​តៃប៉ិ លើក​នេះ អ្នកស្រី ហង្ស ស៊ីមន មាន​សង្ឃឹម​ថា កីឡា​រាំ​កម្ពុជា នឹង​អាច​ឈ្នះ​បាន​មេដាយ​មាស នៅ​ស៊ីហ្គេម​ដោយ​អ្នកស្រី​បញ្ជាក់​ថា៖ ​«តាមរយៈ​ការ​ចូលរួម​ប្រកួត​លើក​នេះ យើង​សង្ឃឹម និង​ជឿជាក់​ខ្លាំង​ថា ​​ការ​ប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន ខាង​មុខ​នេះ យើង​នឹង​​អាច​​ដណ្តើម​បាន​មេដាយ​មាស»។

ចំណែក​កីឡាការិនី ព្រាប ដានីអែលឡា បាន​និយាយ​ថា៖ ​«​ខ្ញុំ​ និង​ដៃគូ​​របស់​ខ្ញុំ (ច័ន្ទ វិទ័រ) ពិត​ជា​សប្បាយ​រីករាយ​ជាមួយ​ការ​ទទួល​បាន​ជោគជ័យ គឺ​ការ​ឈ្នះ​បាន​មេដាយ​មាស និង​មេដាយ​ប្រាក់​លើក​នេះ ហើយ​យើង​រំពឹង​ថា ពួក​យើង​នឹង​អាច​ដណ្តើម​បាន​មេដាយ​ទៀត​នៅ​ស៊ីហ្គេម»៕