ភ្នំពេញ៖ ប្រភេទ​កីឡា​មាន​ដើម​​កំណើត​នៅ​​កូរ៉េ​ខាង​ត្បូង ហាប់គីដូ បាន​​នាំ​ចូល​មក​កម្ពុជា​​តាំង​ពី​អំឡុង​ឆ្នាំ ​១៩៦៩ ហើយ​​បច្ចុប្បន្ន​មាន​យុវជន ​យុវនារី ​និង​អង្គភាព​កងកម្លាំង​សមត្ថកិច្ច​បាន​​ហ្វឹកហាត់​ជា​ច្រើន​ ដែល​ធ្វើ​ឱ្យ​​កីឡា​នេះ មាន​សកម្មភាព​ផុលផុស​ខ្លាំង​ ប៉ុន្តែ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ហាប់គីដូ​ មិន​រំពឹង​​ថា ​នឹង​មាន​វត្តមាន​ ហាប់គីដូ ​នៅ​​​ស៊ីហ្គេម​ ឆ្នាំ ​២០២៣​ នៅ​កម្ពុជា​នោះ​ទេ​​។​

ជុំវិញ​បញ្ហា​នេះ លោក​ឧត្តម​សេនីយ៍​ឯក​ ម៉ក់ ​សំអុល​ ​ជា​ប្រធាន​សហព័ន្ធ​បាន​ថ្លែង​ថា​៖ «តាម​ច្បាប់​របស់​កីឡា​ ដើម្បី​ចូល​ក្នុង​ព្រឹត្តិការណ៍​ស៊ីហ្គេម​បាន ​ទី​១​ ត្រូវ​មាន​សកម្មភាព​ថ្នាក់​ជាតិ​ផុលផុស​ មាន​អត្ត​ពលិក​ជម្រើស​ជាតិ​គ្រប់គ្រង​ទទួល​ស្គាល់​ដោយ​ស្ថាប័ន​កីឡា​ជាតិ​ ដើម្បី​មាន​​ការ​ប្រ​មូល​ផ្តុំ​ហ្វឹកហាត់​ ដោយ​ថវិកា​ជាតិ​ ឬ​វិស័យ​ឯកជន​ក៏​បាន​ទី​២ ​ត្រូវ​មាន​ដៃ​គូ​ក្រៅ​ប្រទេស​ គឺ​សហព័ន្ធ​អន្តរជាតិ​ជួយ​គាំទ្រ​ ហើយ​ត្រូវ​មាន​ប្រទេស​យ៉ាង​តិច​ចំនួន ​៤ ​សុំ​ចូល​ប្រកួត​ ទើប​កីឡា​ស៊ីហ្គេម​យើង​ដាក់​បញ្ជូល​​ប្រកួត​បាន»​។​

លោក​បាន​​​បន្ត​ថា​៖ ​«សម្រាប់​​ស៊ីហ្គេម​ ឆ្នាំ ​២០២៣​ ហាប់គីដូ​ មិន​សង្ឃឹម​ថា ​មាន​វត្តមាន​នោះ​ឡើយ​ ​ព្រោះ​នៅ​ក្នុង​​បញ្ជី​ព្រាង​ត្រៀម​ប្រភេទ​កីឡា​សម្រាប់​ដាក់​ឱ្យ​ប្រកួត ​គឺ​គ្មាន​ហាប់គីដូ​នៅ​ឡើយ​។​ ​ហេតុ​នេះ​តាមរយៈ​ការ​ខិតខំ​ប្រឹងប្រែង​ខ្ញុំ​សង្ឃឹម​ជឿជាក់​ថា ​ហាប់គីដូ​ត្រូវ​ការ​ជួយ​ជ្រោមជ្រែង​ពី​សហព័ន្ធ​ហាប់គីដូ​អន្តរជាតិ​ និង​ត្រូវ​ការ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា ​ជួយ​គាំទ្រ​ជា​ថវិកា​ដូច​សហព័ន្ធ​ដទៃ​ ទើប​មាន​វត្តមាន​ប្រកួត​នៅ​ពេល​ក្រោយ​បាន​»។


ចំណែក ​លោក​ គង់​ ចាន់ធីណា​ ជា​អគ្គលេខាធិការ​សហព័ន្ធ និង​​ជា​អ្នក​​​​​រ៉ាប់​រង​កីឡា​នេះ​ ឱ្យ​ដំណើរការ​បាន​ល្អ​ និង​មាន​សកម្មភាព​លេច​ធ្លោ​ ក្នុង​ចំណោម​​យុវជន ​និង​កងកម្លាំង​សមត្ថកិច្ច​នោះ បាន​ប្រាប់​ថា៖ ​«អត្តពលិក​មក​ហាត់​​ភាគ​ច្រើន​ជា​យុវជន​ ដោយ​ហាត់​ដើម្បី​សុខភាព​ និង​ការពារ​ខ្លួន​ ព្រោះ​យើង​ពុំ​ទាន់​មាន​ការ​ប្រ​កួត​ជើងឯក​ជាតិ​នៅ​ឡើយ​ ​ជា​ពិសេស​​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា មិន​ទាន់​ទទួល​ស្គាល់​ជា​ផ្លូវ​ការ ​ជា​សហព័ន្ធ​កីឡាជាតិ​ ក្នុង​បញ្ជី ​ដែល​ទទួល​បាន​ប្រាក់​ផ្គត់ផ្គង់​សម្រាប់​រដ្ឋបាល ​វគ្គ​បណ្តុះ​បណ្តាល​គ្រូ​បង្វឹក​ និង​ការ​ប្រកួត​ជើងឯក​ជាតិ​ប្រចាំ​ឆ្នាំ ​នៅ​ឡើយ​ទេ ខណៈ​​​កន្លង​មក ប្រាក់​ចំណូល​ទ្រទ្រង់​​សហព័ន្ធ​កីឡា​នេះ​ បាន​ពី​ការ​ចូលរួម​ដោយ​ស្ម័គ្រ​ចិត្ត​ពី​សិស្ស​ គ្រូ​បង្វឹក និង​សប្បុរសជន»។

លោក​ គង់​ ចាន់ធីណា​ បាន​លម្អិត​ពី​មូលហេតុ​ដែល​ហាប់គីដូ មិន​ទាន់​អាច​មាន​វត្តមាន​​នៅ​ស៊ីហ្គេម​បាន ដោយ​និយាយ​​ថា​៖ «​​យើង​ខ្វះ​ធនធាន​ជា​គ្រូ​បង្វឹក​ សម្រាប់​ចេញ​ទៅ​បង្ហាត់​តាម​សាលា​ ឬ​ក្លិប​មួយ​ចំនួន​ ដែល​គេ​ត្រូវ​ការ​ ​ព្រោះ​យើង​គ្មាន​តម្លៃ​ពលកម្ម​ ឬ​ប្រាក់​ឧបត្ថម្ភ​ជូន​គ្រូ​ទាំង​នោះ​ទេ​ ដោយ​យើង​រំពឹង​ទៅ​លើ​ឆន្ទៈ​ ឬ​ការ​ស្ម័គ្រ​ចិត្ត​របស់​គ្រូ ​គឺ​មិន​ទៀងទាត់​ដោយ​គេ​រវល់​ការងារ​ផ្ទាល់​ខ្លួន​ដែរ​។ អ៊ីចឹង​ប្រសិន​មាន​ថវិកា​សម្រាប់​ផ្គត់ផ្គង់​ដល់​គ្រូ​ ឬ​អ្នក​មាន​ខ្សែ​ក្រវាត់​ខ្មៅ​ខ្ពស់ៗ​មួយ​ចំនួន ​គឺ​ហាប់គីដូ ​នឹង​មាន​សកម្មភាព​លឿន​ទៅ​មុខ ​ហើយ​ក្រសួង​នឹង​មើល​ឃើញ​មិន​ខាន»​។​​​


តាម​ការ​ស្រាវជ្រាវ​ពី​ លោក ​សេង​ ប៊ុនសុង ​បាន​ឱ្យ​ដឹង​ថា​​ ​​ហាប់គីដូ​ជា​កីឡា​ប្រយុទ្ធ​យក​​ឈ្នះ​ និង​ចាញ់​ប្រឈម​ទៅ​នឹង​បញ្ហា​គ្រោះ​ថ្នាក់​ខ្លាំង ​ហេតុ​នេះ​នៅ​​លើ​ឆាក​អន្តរជាតិ​ មុន​ឆ្នាំ ​២០១៦ ​គ្មាន​ការ​ប្រកួត​ទេ ​​តែ​​​ក្រោយ​ឆ្នាំ ​២០១៦​ ទើប​មាន​ការ​ប្រកួត​ជា​ច្រើន​ ដូច​ជា​នៅ​ថៃ​នៅ​ទ្វីប​អាស៊ី​ អាហ្រ្វិក ​អឺរ៉ុប​ និង​អាមេរិក​ផង​ដែរ ​ប៉ុន្តែ​មាន​សម្ភារៈ​ការពារ​ល្អ​ណាស់​ ដើម្បី​កាត់​បន្ថយ​គ្រោះ​ថ្នាក់​ មាន​ដូច​ជា​ការពារ​ទ្រូង​ ការពារ​ស្មង​ជើង ​ដៃ ​ក្បាល​ និង​មាន​អាជ្ញាកណ្តាល​​នៅ​ចាំ​ឃាត់​ការពារ ​មិន​ឱ្យ​គ្រោះ​ថ្នាក់​ឡើយ​។ ​ផ្ទុយ​ពី​នេះ បើ​អ្នក​ធ្វើ​ឱ្យ​ដៃ​គូ​មាន​គ្រោះ​ថ្នាក់​ធ្ងន់ធ្ងរ ​ឬ​បណ្តាល​ឱ្យ​ដៃ​គូ​សន្លប់​ នឹង​ត្រូវ​ពិន័យ​ឱ្យ​ចាញ់ ​ដោយ​ស្វ័យ​ប្រវត្តិ​ ព្រោះ​គោលដៅ​ឈ្នះ​ចាញ់​ត្រឹម​បច្ចេកទេស​ប៉ុណ្ណោះ​៕​