ភ្នំពេញ៖ ​សហព័ន្ធ​កីឡាបាល់​ទាត់​កម្ពុជា ​បាន​បង្ហាញ​បញ្ជី​ឈ្មោះ​កីឡាករ​ចុង​ក្រោយ ដែល​នឹង​ត្រូវ​ទៅ​ចូលរួម​ការ​ប្រកួត ជម្រុះ​ស៊ីហ្គេម លើ​វិញ្ញាសា​​​បាល់​ទាត់​ផ្នែក​បុរស នៅ​ប្រទេស ​ហ្វីលីពីន ជា​ផ្លូវ​ការ​ហើយ។

ចំណែក​​កីឡាករ​លើស​អាយុ​ចំនួន ​​២ ​នាក់ ដែល​ត្រូវ​បាន​បញ្ចូល​ក្នុង​ក្រុម U22 ​កម្ពុជា​មិន​មែន​ជា​ប្រធាន​ក្រុម​ធំ​ជម្រើស​ជាតិ​កម្ពុជា សឿយ វិសាស របស់​ក្លិប​​ព្រះខ័ន​រាជស្វាយ​រៀង​នោះ​ទេ។

តាម​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​ដែល​បាន​បង្ហាញ​ជា​ផ្លូវ​ការ កាល​ពី​ល្ងាច​ថ្ងៃ​ព្រហស្បតិ៍​ម្សិលមិញ​នោះ គ្រូ​បង្វឹក​លោក Felix Dalmas និង​អ្នក​ចាត់​ការ​ទូទៅ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Keisuke Honda បាន​សម្រេច​ជ្រើសរើស​យក​ខ្សែ​ប្រយុទ្ធ កែវ សុខផេង ​ក្លិប​វិសាខា និង​ខ្សែ​ប្រយុទ្ធ រ៉ឹង ប៊ុនហៀង របស់​ក្លិប​ក្រសួង​ការពារជាតិ ជា​កីឡាករ​លើស​អាយុ សម្រាប់​ដាក់​ទៅ​ប្រកួត​ស៊ីហ្គេម​លើក​នេះ ជាមួយ​កីឡាករ​​មាន​អាយុ​ក្រោម ​២២ ​ឆ្នាំ ចំនួន ​១៨ ​នាក់​ទៀត។


ជាមួយ​គ្នា​នោះ កីឡាករ ទៀត គឹមហេង, សាន​ គឹមហេង, សាវែង សំណាង, ប្រាក់ ធីវ៉ា, ឈង់ ប៊ុនណាត, ណារ៉ុង កក្កដា, ឃៀង ម៉េងហ៊ួ, និង​ខ្សែ​ការពារ លី វ៉ាហេទ ​ត្រូវ​បាន​ជម្រុះ​ចោល ផ្ទុយ​ពី​នេះ​កីឡាករ ជា វេសលី ដែល​គ្មាន​ឈ្មោះ​នៅ​ក្នុង​បញ្ជី​ប្រមូល​ផ្តុំ​ជា​បឋម​ទាំង ​២៥​ នាក់​នោះ ​ត្រូវ​បាន​លោក Felix និង Honda សម្រេច​ជ្រើសរើស​យក​មក​បញ្ចូល​ក្នុង​បញ្ជី​ឈ្មោះ​ចុង​ក្រោយ​នេះ​ទៅ​វិញ។

ចំណែក​កីឡាករ​ចំនួន ​១៧ ​នាក់​ទៀត ដែល​នៅ​បន្ត​ជាប់​​នៅ​ក្នុង​បញ្ជី​ឈ្មោះ​ចុង​ក្រោយ សម្រាប់​​ការ​​ត្រៀម​ទៅ​ប្រកួត​ស៊ីហ្គេម នា​ពេល​ខាង​មុខ​នេះ រួមមាន ស៊ិន សុផាណាត់, អ៊ិន សូដាវីដ, អ៊ុក សុវណ្ណ, សឿត បារាំង, ម៉ៅ ពិសិដ្ឋ, ឆេង ម៉េង ហ៊ុល គឹមហ៊ុយ, សេត រ៉ស៊ីប, ទេស សម្បត្តិ, សៀង ចន្ធា, កាន់ ពិសាស, យ៉ើ សាហ្វី, កែន ច័ន្ទសុភ័ក្រ្ត, យ៉ើ មូស្លីម, កែវ សុខសិលា, ស៊ិន កក្កដា និង អ៊ន ចាន់ប៉ូលីន។


សម្រាប់​ការ​ប្រកួត​ស៊ីហ្គេម នៅ​ប្រទេស ​ហ្វីលីពីន ខាង​មុខ​នេះ ក្រុម​កម្ពុជា​នឹង​ត្រូវ​​ប្រកួត​ជម្រុះ​ប្រចាំ​ពូល ​A​ ជាមួយ​ក្រុម​​ម្ចាស់​ផ្ទះ​ហ្វីលីពីន នៅ​ថ្ងៃទី ​២៥ រួច​បន្ត​​ជួប​ក្រុម​ទីម័រ​ខាង​កើត នៅ​ថ្ងៃទី ​២៧ ខែ​វិច្ឆិកា ហើយ​​ប៉ះ​ក្រុម​មីយ៉ាន់ម៉ា នៅ​ថ្ងៃទី ​២ និង​ប្រកួត​ចុង​ក្រោយ​ជាមួយ​ក្រុម​ម៉ាឡេស៊ី នៅ​ថ្ងៃទី ​៤ ខែ ​ធ្នូ ឆ្នាំ ២០១៩ ខណៈ​ពូល ​B ដែល​គេ​ចាត់​ទុក​ជា​ពូល​មរណៈ​នោះ មាន​ក្រុម​ម្ចាស់​ជើងឯក​ច្រើន​ជំនាន់​ថៃ វៀតណាម ឥណ្ឌូនេស៊ី សិង្ហបុរី ឡាវ និង​ប្រ៊ុយណេ។

ទាក់ទង​​ការ​ប្រកួត​ស៊ីហ្គេម​នេះ លោក Felix ធ្លាប់​បាន​និយាយ​ថា៖ ​«​គ្រប់​ក្រុម​ទាំង​អស់ ដែល​យើង​ត្រូវ​ជួប នៅស៊ីហ្គេម ពិត​ជា​មាន​កីឡាករ​ល្អៗ និង​ជា​ក្រុម​ដែល​ខ្លាំង គឺ​ទាំង​ មីយ៉ាន់ម៉ា, ម៉ាឡេស៊ី, ក្រុមទីម័រ​ខាង​កើត, ហ្វីលីពីន សុទ្ធ​តែ​ជា​ក្រុម​ខ្លាំង តែ​យើង​នឹង​ព្យាយាម​ធ្វើ​ឲ្យ​បាន​ល្អ​ដូច​គ្នា»។

គ្រូ​បង្វឹក​ជនជាតិ​អាហ្សង់ទីន​រូប​នេះ បញ្ជាក់​ថា៖ ​«ប្រាកដ​ណាស់​ ក្រុម​យើង​ពិត​ជា​ពិបាក​សម្រាប់​ការ​លេង​ក្រៅ​ដី ព្រោះ​កីឡាករ​យើង​មិន​សូវ​ស៊ាំ ឬ​ទម្លាប់​ការ​លេង នៅ​​ក្រៅដី​ប៉ុន្មាន​ទេ។ ក្រុម​យើង​ជា​ក្រុម​​ដែល​ក្មេង​ខ្ចី ប៉ុន្តែ​យើង​ក៏​បាន​ត្រៀម​រួច​រាល់ សម្រាប់​ប្រកួត​ស៊ីហ្គេម លើក​នេះ​ផង​ដែរ»៕