ភ្នំពេញ៖ គ្រូបង្វឹក​ក្រុម​អាស៊ី​អឺរ៉ុប លោក សុក វាសនា នៅ​តែ​បង្ហាញ​ពី​ការ​បារម្ភ​ចំពោះ​ការ​ស្វាគមន៍​ក្រុម​កងយោធពល​ខេមរភូមិន្ទ (ទ័ព) សម្រាប់​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា នៅ​កីឡដ្ឋាន AEU នា​រសៀល​ម៉ោង ៣:៣០ ថ្ងៃ​ពុធ​នេះ ចំណែក​ក្លិប​វិសាខា បាន​ប្រកាស​ដំណឹង​ដ៏​រីករាយ​មួយ គឺ​មនុស្ស​ទាំង ១៦៦ នាក់​របស់​ក្លិប​មួយ​នេះ មិន​មាន​នរណា​ម្នាក់​បាន​ឆ្លង​ជំងឺ​កូវីដ ១៩ នោះ​ទេ។

ការ​វិល​មក​ជួប​គ្នា​រវាង​ក្រុម​អាស៊ី​អឺរ៉ុប និង​ទ័ព នៅ​ថ្ងៃ​នេះ វា​បាន​ក្លាយជា​ការ​ប្រកួត​តែ ១ គត់ ដែល​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ក្រោម​សម្ពាធ​នៃ​ការ​រីក​រាលដាល​នៃ​ជំងឺ​កូវីដ ១៩ ខណៈ​ជំនួប​រវាង​ក្រុម​ចំនួន ១០ ទៀត សុទ្ធតែ​ត្រូវ​បាន​លើក​ពេល ដើម្បី​បញ្ចៀស​ការ​ឆ្លង​ជំងឺ​កូវីដ ដែល​កំពុង​ផ្ទុះ​ខ្លាំង​នៅ​កម្ពុជា​នោះ។

ជាមួយ​គ្នា​នេះ លោក សុក វាសនា បាន​អះអាងថា ការ​ផ្ទុះ​ឡើង​ជា​ថ្មី​នៃ​ជំងឺ​កូវីដ ១៩ ក៏​បាន​ប៉ះពាល់​ដល់​ការ​ហ្វឹកហាត់​របស់​ក្រុម​លោក​ផង​ដែរ។ «សម្រាប់​ការ​ជួប​ក្រុម​ទ័ព លើក​នេះ យើង​នៅ​តែ​មាន​ការ​បារម្ភ ដោយ​យើង​បាន​កែប្រែ​តំបន់​ការពារ និង​ពង្រឹង​តំបន់​ប្រយុទ្ធ ប៉ុន្តែ​វា​នៅ​មិន​ទាន់​បាន​គ្រប់គ្រាន់​នៅ​ឡើយ​ទេ ព្រោះ​មាន​កង្វះខាត​នូវ​ពេលវេលា​ហ្វឹកហាត់ ដោយ​ក្រុម​របស់​យើង ហាត់​បាន​តែ ១ ពេល ខណៈ​ក្រុម​គេ​ផ្សេង​ទៀត ហាត់​បាន​ដល់​ទៅ ២ ពេល ​ក្នុង ១ ថ្ងៃ ហើយ​រដូវកាល​នេះ មាន​ការ​​ផ្ទុះ​ឡើង​នូវ​ជំងឺ​កូវីដ ១៩ ទៅ​ទៀត អ៊ីចឹង​ធ្វើ​ឱ្យ​ការ​ហ្វឹកហាត់​របស់​យើង​អត់​បាន​ពេញ គឺ​មាន​ផលវិបាក​សម្រាប់​យើង»។


យ៉ាងណា​ក៏​ដោយ លោក សុក វាសនា បាន​បន្ថែម​ថា៖ «យើង​តែងតែ​ទទួល​បាន​លទ្ធផល​មិន​សូវ​ល្អ​សម្រាប់​ការ​ជួប​ក្រុម​ទ័ព​កន្លង​មក អ៊ីចឹង​ការ​ជួបគ្នា​លើក​នេះ យើង​ត្រូវតែ​ខំ​ប្រឹងប្រែង​លេង​ឱ្យ​បាន ៩០ នាទី​ពេញ ដើម្បី​យើង​អាច​ទទួលបាន​ពិន្ទុ​ខ្លះ មក​ក្នុង​ដៃ​វិញ។ យើង​នឹង​លេង​បែប​ការពារ រួច​វាយ​បក​ទៅ​តាម​ស្ថានភាព​ជាក់​ស្តែង គឺ​ធ្វើ​យ៉ាង​ណា ដណ្តើម​ឱ្យ​បាន​ពិន្ទុ ទោះ​បាន ១ ពិន្ទុ​ក៏​យើង​យក​ដែរ»។

តាម​ប្រវត្តិ​ជួបគ្នា​ចំនួន ៣ រដូវកាល​ចុង​ក្រោយ​ កន្លង​មក​នេះ ក្រុម​អាស៊ី​អឺរ៉ុប​បាន​ឈ្នះ​ក្រុម​ទ័ព តែ ១ លើក​គត់ និង​បាន​ចាញ់​ដល់ ៤ លើក គឺ​ពួក​គេ​បាន​ចាញ់ ២-១ និង ៣-១ កាល​ពី​ឆ្នាំ ២០១៨ រួច​បាន​បន្ត​ចាញ់ ៤-១ និង​ឈ្នះ​វិញ ២-១ សម្រាប់​ការ​ជួប​គ្នា​ទាំង ២ ជើង កាល​ពី​ឆ្នាំ ២០១៩ ចំណែក​ការ​ជួប​គ្នា​ត្រឹម ១ លើក នា​ការ​ប្រកួត​លីគ​កំពូល​កាល​ពី​ឆ្នាំ ២០២០ ក្រុម​អាស៊ី​អឺរ៉ុប​បាន​ចាញ់​ក្រុម​ម្ចាស់ផ្ទះ ទ័ព ២-០ នៅ​កីឡដ្ឋាន​ស្តាត​ចាស់។


យ៉ាងណា​មិញ សម្រាប់​ការ​បង្ហាញ​ខ្លួន​ចំនួន ១ លើក​ដូចគ្នា​នៅ​រដូវ​កាល​ថ្មី ឆ្នាំ ២០២១ នេះ ក្រុម​អាស៊ី​អឺរ៉ុប បាន​ចាញ់​ក្រុម​ម្ចាស់​ផ្ទះ​គិរីវង់​សុខសែនជ័យ ៤-២ រីឯ​ក្រុម​ទ័ព បាន​ស្មើ ០-០ ជាមួយ​ក្រុម​វិសាខា ដែល​បង្ហាញ​បាន​ថា ក្រុម​ទ័ព នៅ​តែ​មាន​ទម្រង់​លេង​ល្អ។ ចំណែក​ការ​ជួប​ក្រុម​អាស៊ី​អឺរ៉ុប​លើក​នេះ មន្ត្រី​ព័ត៌មាន​របស់​ក្រុម​ទ័ព​បាន​ប្រាប់​ថា ក្រុម​ទ័ព ត្រៀម​ខ្លួន​បាន​ល្អ​សម្រាប់​ជំនួប​នេះ ព្រោះ​ពួក​គេ​ត្រូវ​បាន​ដាក់​ឱ្យ​រស់នៅ​ជុំ​គ្នា នៅ​ស្តាតចាស់ តែ​ហ្វឹកហាត់​នៅ​ទីលាន​ជើង​ទឹក ដ្បិតអី​កីឡដ្ឋាន​ស្តាតចាស់ ពេល​នេះ កំពុង​ជួសជុល។

ដោយ​ឡែក​ថ្នាក់​ដឹកនាំ បុគ្គលិក គ្រូបង្វឹក និង​កីឡាករ​ទាំង​អស់​របស់​ក្លិប​វិសាខា​សរុប​ចំនួន ១៦៦ នាក់ ដែល​បាន​ធ្វើ​ចត្តាឡីស័ក តាម​គោលការណ៍​របស់​ក្រសួងសុខាភិបាល​តាំង​ពី​ថ្ងៃទី ៨ ខែមីនា មក​នោះ គឺ​បាន​ធ្វើ​សំណាក​ជា​លើក​ទី២ ហើយ ដោយ​ទទួល​បាន​លទ្ធផល​អវិជ្ជមាន​ជំងឺ​កូវីដ ១៩ ទាំង​អស់។

ក្លិប​វិសាខា​បាន​បញ្ជាក់ តាម​សេចក្តី​ជូន​ដំណឹង​របស់​ខ្លួន​ថា៖ «ជា​លទ្ធផល ដោយ​មន្ទីរ​ពិសោធន៍​នៃ​ក្រសួង​សុខាភិបាល​នៅ​ថ្ងៃទី ២២ ខែ មីនា ឆ្នាំ ២០២១ បាន​បញ្ជាក់​ថា ការ​ធ្វើ​តេស្ត​សំណាក​លើក​ទី២ គឺ​អវិជ្ជមាន​ទាំង​ចំនួន ១៦៦ នាក់ ដែល​មាន​ន័យ​ថា ក្រោយ​ធ្វើ​តេស្ត​សំណាក​ចំនួន ២ លើក និង​ការ​ធ្វើ​ចត្តាឡីស័ក រយៈពេល ១៤ ថ្ងៃ ថ្នាក់​ដឹកនាំ បុគ្គលិក គ្រូបង្វឹក និង​កីឡាករ​ទាំងអស់​របស់​យើង គឺ​មិន​មាន​ករណី​ឆ្លង​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ឡើយ»៕