ភ្នំពេញៈ ទិវា​រត់ប្រណាំង​ពាក់កណ្តាល​ម៉ា​រ៉ា​តុង​អន្ដរជាតិ លើក​ទី ២៣ នៅ​អង្គរ ក្នុង​ទឹកដី​ខេត្ត​សៀមរាប ដែល​នឹង​ត្រូវ​ធ្វើ​នៅ​ថ្ងៃ​ទី ២ ខែ​ធ្នូ ឆ្នាំ ២០១៨ ខាង​មុខ គឺមាន​ចំនួន​អ្នក​ចូលរួម​កើន​ឡើង​ដល់​ការ​បំបែក​ឯតទគ្គ​កម្ម​ឆ្នាំ​ចាស់ ហើយ​គុណភាព​នៃ ការ​រៀបចំ​ក៏ត្រូវ​បាន​បង្កើន ដើម្បី​ធ្វើ​ឲ្យ​ការ​ប្រកួត​នេះ កាន់​តែ​ទទួល​បាន​ជោគ​ជ័យ​ផង​ដែរ។

លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិកា​រ​ជាតិ​អូឡាំពិក កម្ពុជា (NOCC) បាន​ថ្លែង​ប្រាប់​ថា៖ «ជា​យុទ្ធសាស្ត្រ ក្នុង​ការ​រៀបចំ​ទិវា​រត់​ប្រណាំង​នេះ ក្រសួង​ទេសចរណ៍ ក៏​ដូចជា NOCC ក្រោម​ការ​ចង្អុល​បង្ហាញ​របស់​ឯកឧត្តម​បណ្ឌិត ថោង ខុន គឺ​បាន​ធ្វើ​ឲ្យ​គុណភាព​នៃ​ការ​រៀបចំ កាន់​តែ​ល្អ​ប្រសើរ​ឡើង អ៊ីចឹង​ក្នុង​រយៈពេល ២ ទៅ ៣ ឆ្នាំ​ចុង​ក្រោយ​នេះ យើង​ទទួល​បាន​ជោគ​ជ័យ ក្នុង​កំណើន​អ្នក​ចូល​រួម​រត់ ១ ឆ្នាំ​ទៅ ១ ឆ្នាំ ពី ១៥ ទៅ ២០ ភាគរយ គឺ​មាន​ការ​កើន​ឡើង​តាំង​ពី ៣០០ នាក់ កាល​ពី​លើក​ទី ១ ឆ្នាំ ១៩៩៦ រហូត​ដល់​ឥឡូវ​នេះ មាន​ចំនួន​អ្នក​ចូលរួម​រាប់​ម៉ឺន​នាក់»។

លោក​បាន​បន្ថែមថា៖ «កាល​ឆ្នាំ ២០១៧ មាន​អ្នកចូលរួម​ជាង ១០ ១០០ នាក់ ប៉ុន្តែ​នៅ​ឆ្នាំ ២០១៨ គិត​មក​ដល់​ពេល​នេះ មាន​អ្នក​ចូល​រួម​ជាង ១០ ៥០០ នាក់ ហើយ​ចំនួន​នេះ ជា​តួលេខ​អ្នក​បាន​ចុះ​ឈ្មោះ តែ​យើង​នៅ​មាន​អ្នក​មិន​ទាន់​ចុះ​ឈ្មោះ​ជាច្រើន​ទៀត អ៊ីចឹង​ចំនួន​អាច​កើន​លើស​នេះ ព្រោះ​ការ​រត់​កម្សាន្ត ៣ គីឡូម៉ែត្រ យើង​នៅ​បើក​ទទួល​អ្នក​ចូល​រួម ប៉ុន្តែ​ការ​រត់​ចម្ងាយ ១០ គីឡូម៉ែត្រ និង​ពាក់​កណ្តាល​ម៉ារ៉ាតុង (២១ គីឡូម៉ែត្រ) យើង​បាន​បិទ​បញ្ជី​ហើយ»។


នៅក្នុង​ចំនួន​អ្នក​ចុះឈ្មោះ​ជាង ១០៥០០ នាក់​នេះ ត្រូវបាន​លោក វ៉ា​ត់ ចំរើន ប្រាប់ថា មាន​អត្តពលិក​បរទេស​ចូលរួម​ជាង ៥០០០ នាក់ មក​ពី ៧៨ ប្រទេស គឺ​មាន​ការ​កើន​ឡើង​ចូល ២០ ភាគរយ ហើយ​នៅ​ក្នុង​ចំនួន​នេះ ច្រើន​ជាង​គេ គឺ​ទី ១ ជន​ជាតិ​អង់គ្លេស ទី២ ជន​ជាតិ​អាមេរិក និង​ទី ៣ ជន​ជាតិ​បារាំង ទី ៤ ជន​ជាតិ​ជប៉ុន និង​ទី ៥ ជន​ជាតិ​អូស្ត្រាលី។

នាយក​គ្រប់គ្រង​កម្មវិធី​ទិវា រត់ប្រណាំង លោក វ៉ា​ត់ ចំរើន បាន​បន្តថា ចំណែក​ខ្មែរ​យើង មាន​ការ​ចូលរួម​ច្រើន​ណាស់ ចូល​ជិត ៦០០០ នាក់ ហើយ​អ្វី​ដែល​គួរ​ឲ្យ​កត់​សម្គាល់​នោះ គឺ​ក្នុង​ការ​រត់ ២១ គីឡូម៉ែត្រ ដែល​មាន​ជាង ៣០០០ នាក់​នោះ គឺ​មាន​ខ្មែរ​យើង​ជិត ១០០០ នាក់ អ៊ីចឹង​បាន​ន័យ​ថា កម្លាំង​បេះដូង និង​កម្លាំង​សុខភាព​របស់​ពួក​គាត់ មាន​លក្ខណៈ​ល្អ​ប្រសើរ​ច្រើន និង​មាន​ការ​ហ្វឹកហាត់​ជាប់​លាប់​បាន​ល្អ​ជាង​មុន។


លោក វ៉ា​ត់ ចំរើន បាន​បន​ញ្ជា​ក់ថា៖ «ចំនួន​អ្នកចូលរួម​ឥឡូវនេះ យើង​ទទួលបាន​ជោគ​ជ័យ​ហើយ ក្នុង​ការ​បំបែក​ឯតទគ្គ​កម្ម ឆ្នាំ​មុនៗ ហើយ​ក្នុង​ឆ្នាំ​នេះ យើង​បង្កើន​គុណភាព​នៃ​ការ​រៀបចំ​ឲ្យ​មាន​សណ្តាប់​ធ្នាប់ ឲ្យ​មាន​ការ​ទទួល​ខុស​ត្រូវ និង​មាន​សុវត្ថិភាព ដោយ​ក្នុង​នោះ​ឯកឧត្តម​បណ្ឌិត ថោង ខុន បាន​បញ្ជាក់​ថា ត្រូវ​មាន​ការ​បិទ​ផ្លូវ​ឲ្យ​បាន ២ ម៉ោង​ទៅ ៣ ម៉ោង គឺ​បិទ​ផ្លូវ​ទាំង​ស្រុង​តែ​ម្តង ក្នុង​តំបន់​អង្គរ ដើម្បី​កុំ​ឲ្យ​ប៉ះពាល់​ដល់​អ្នក​រត់ ព្រោះ​មនុស្ស​ជាង ១ ម៉ឺន​នាក់ ចូល​ទៅ​ក្នុង​ទីក្រុង​សៀមរាប ក្នុង​ពេល​តែ​មួយ គឺជា​រឿង​មិន​ធម្មតា​ក្នុង​ការ​រៀបចំ»។

យ៉ាងណាក៏ដោយ ជាមួយ​ការកើនឡើង​នៃ​ចំនួន​អ្នកចូលរួម​នេះ ត្រូវបាន​លោក វ៉ា​ត់ ចំរើន លើក​ឡើង​ថា ជា​ការ​បង្កើន​នូវ​តួលេខ​ចំណូល​ទេសចរ​មួយ​ដ៏ធំ នា​ចុង​ឆ្នាំ ២០១៨ នេះ ហើយ​អ្នក​លក់​ដូរ និង​អ្នក​រក​ស៊ី​ផ្នែក​ទេសចរណ៍​នៅ​ខេត្ត​សៀមរាប​នេះ ក៏​ទទួល​បាន​ផល​ប្រយោជន៍​មួយ​ផ្នែក​ធំ​ផង​ដែរ ហេតុ​នេះ យើង​នឹង​សហការ​ជាមួយ​អាជ្ញាធរ​ខេត្ត អាជ្ញាធរ​អប្សរា គ្រឹះស្ថាន​អង្គរ និង​កង​កម្លាំង​ប្រដាប់​អាវុធ​នៅ​ទីនោះ ដោយ​យើង​បាន​ប្រជុំ និង​បែង​ចែក​ការងារ​ធ្វើ​យ៉ាង​ល្អិត​ល្អន់ ហ្មត់​ចត់ ប្រកប​ដោយ​ឆន្ទៈ និង ការ​ទទួល​ខុស​ត្រូវ​ខ្ពស់៕