ភ្នំពេញៈ គណៈកម្មការ​រៀបចំ​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​ ៦ ឆ្នាំ​ ២០១៩ (6th Khmer Empire Full Marathon) បាន​សម្រេច​បន្ថែម​នូវ​គោលដៅ​ថ្មី​មួយ​ទៀត គឺ​ការយក​ព្រឹត្តិការណ៍​នេះ​ដើម្បី​ចាប់ផ្តើម​ផ្សព្វផ្សាយ​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ ដែល​កម្ពុជា​ត្រូវ​ធ្វើជា​ម្ចាស់​ផ្ទះ ហើយ​ជាមួយ​គ្នា​អ្នក​រៀបចំ​ក៏​សុំ​ចិត្ត​ដល់​អ្នករត់​ក្នុង​ស្រុក កែប្រែ​ទម្លាប់​ចាស់​ចោល ជុំវិញ​ការ​មក​ចុះ​ឈ្មោះ​ចូលរួម​យឺត​ផង​ដែរ​។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា (NOCC) បាន​ថ្លែង​នៅក្នុង​សន្និសីទ​កាសែត​កាលពី​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​ថា​៖ «​យើង​ដឹង​ហើយ​ថា​នៅក្នុង​រដូវភ្លៀង​នេះ​ធ្វើឲ្យ​ចំនួន​អ្នក​មក​ទស្សនា​នៅ​អង្គរ មាន​ការធ្លាក់​ចុះ​អ៊ីចឹង​ការរៀបចំ​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុង​នៅ​ថ្ងៃទី​ ៤ ខែ​សីហា គឺ​ដើម្បី​កៀងគរ​ឲ្យ​ភ្ញៀវទេសចរ​នៅ​តែ​បន្ត​មក​ទស្សនា​នៅ​អង្គរ ហើយ​ព្រឹត្តិការណ៍​នេះ​ក៏​ដើម្បី​ប្រមូល​ថវិកា​សម្រាប់​ការងារ​មនុស្សធម៌​ផង​ដែរ និង​ចូលរួម​ផ្សព្វផ្សាយ​ពី​បរិស្ថាន​ស្អាត​នៅ​តំបន់​បេតិកភណ្ឌ​អង្គរ​របស់​យើង​»​។

លោក ចំរើន ដែល​ជា​រដ្ឋលេខាធិការ​ក្រសួង​ទេសចរណ៍​ផង​នោះ​បាន​បន្ថែម​ថា​៖ «​ជាមួយ​គ្នា​នេះ​ឯកឧត្តម​ប្រធាន ថោង ខុន បាន​ផ្តល់​អនុសាសន៍​ឲ្យ​យើង​យក​ទិវា​រត់ប្រណាំង​ដ៏ធំ​នេះ​ជា​ការចាប់ផ្តើម​ផ្សព្វផ្សាយ​ពី​ដំណើរ​ឆ្ពោះ​ទៅ​កាន់​ការប្រកួត​ស៊ីហ្គេម​ឆ្នាំ​ ២០២៣ នៅ​កម្ពុជា ព្រោះ​នេះ​ជា​ពេលវេលា​ដ៏ល្អ ដោយសារ​ទិវា​នេះ​មាន​អត្តពលិក​មកពី​ជុំវិញ​ពិភពលោក​បាន​ចូលរួម​»​។


តាម​លោក វ៉ាត់ ចំរើន ដដែល​បាន​ឲ្យ​ដឹងថា គិត​មក​ដល់​ពេល​នេះ​មាន​អ្នក​ចុះឈ្មោះ​ចូលរួម​ក្នុង​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុង​អន្តរជាតិ​ចក្រភព​ខ្មែរ​លើក​ទី​ ៦ ​នេះ​បាន​ជិត​ ២០០០ ​នាក់​ក្នុង​នោះ​មាន​បរទេស​ជាង​ ១០០០ ​នាក់​មកពី​ ៣៨ ​ប្រទេស ប៉ុន្តែ​ចំនួន​នេះ​អាច​នឹង​មាន​ការកើនឡើង​ទៀត ព្រោះ​ពេលនេះ​ទើប​មាន​អត្តពលិក​ក្នុង​ស្រុក​ជាង​ ២០០ ​នាក់​ទេ ហើយ​ជា​ទម្លាប់​អ្នករត់​នៅ​កម្ពុជា​ភាគច្រើន លុះត្រា​ជិត​ដល់ ឬ​ដល់​ថ្ងៃ​ប្រកួត​ទើប​លេច​មុខ​ទៅ​ចុះឈ្មោះ​រួច​ចូលរួម​រត់​តែ​ម្តង​។

ជាមួយ​ទម្លាប់​ចុះឈ្មោះ​ចូលរួម​យឺត​នេះ​លោក សែម ផល្លា នាយក​ចាត់ការ​ទូទៅ​ព្រឹត្តិការណ៍​ម៉ារ៉ាតុង​បាន​ទទូច​សុំ​យ៉ាង​ដូច្នេះ​ថា​៖ «​ខ្ញុំ​សុំ​ឲ្យ​អ្នករត់​របស់​ខ្មែរ​យើង ដែល​ចង់​ចូលរួម​ព្រឹត្តិការណ៍​នេះ មេត្តា​ទៅ​ចុះ​ឈ្មោះ​ឲ្យ​បាន​លឿន ដើម្បី​យើង​ងាយស្រួល​រៀបចំ ព្រោះ​ទាក់ទង​ទៅ​នឹង​ការធ្វើ​ស្លាក​លេខ​អាវ និង​មេដាយ​សម្រាប់​ប្រគល់​ជូន​ដល់​អ្នករត់​ទាំងអស់​គឺ​យើង​កុម្ម៉ង់​មកពី​ក្រៅ​ប្រទេស អ៊ីចឹង​បើ​យើង​ចុះឈ្មោះ​យឺត វា​នឹង​ធ្វើឲ្យ​មាន​ការពិបាក​រៀបចំ​»​។


យ៉ាងណា​ក៏ដោយ​អ្នក​ចូលរួម​ត្រូវ​បាន​តម្រូវ​ឲ្យ​ចុះ​ហត្ថលេខា​ទទួល​ខុសត្រូវ​ទៅលើ​សុខភាព​ខ្លួនឯង​។ លោក សែម ផល្លា បាន​បញ្ជាក់​ថា​៖ «​អ្នក​ចូលរួម​ទាំងអស់​ត្រូវ​តែ​ស៊ីញ៉េ​ទទួល​ខុសត្រូវ​លើ​បញ្ហា​សុខភាព​ខ្លួនឯង ដែល​នេះ​ជា​ច្បាប់​អន្តរជាតិ ព្រោះ​មាន​តែ​ពួកគាត់​ទេ ដែល​ដឹង​ថា​សុខភាព​របស់​គាត់​បែប​ណា​»​។

ទោះ​យ៉ាងណា​លោក​បញ្ជាក់​ថា​៖ «​យើង​មាន​ឡាន​សង្គ្រោះ និង​ក្រុម​គ្រូពេទ្យ ចាំ​ជួយ​សង្គ្រោះ​ដល់​អ្នក​ចូលរួម​ពេល​មាន​ហេតុការណ៍​ចៃដន្យ​ណា​មួយ​កើតឡើង​គឺ​យើង​ព្យាយាម​រៀបចំ​ធ្វើ​យ៉ាងម៉េច​ឲ្យ​ព្រឹត្តិការណ៍​នេះ​កាន់តែ​មាន​ការរីកចម្រើន ដើម្បី​ប្រណាំង​ប្រជែង​ជាមួយ​ម៉ារ៉ាតុង​របស់​ប្រទេស​គេ​ដែល​កំពុង​មានការគាំទ្រ​ខ្លាំង ហេតុនេះ​យើង​ត្រូវ​តែ​ខិតខំ​រួម​គ្នា​ដណ្តើម​មុខមាត់​ជូន​ជាតិ​»​។

នៅក្នុង​ទិវា​រត់ប្រណាំង​ម៉ារ៉ាតុង​នេះ​មាន​ ៤ ​វិញ្ញាសា ហើយ​តម្លៃ​ចុះ​ឈ្មោះ​ខុសគ្នា​គឺ​រត់​ម៉ារ៉ាតុង​ ៤២ ​គីឡូម៉ែត្រ បរទេស​តម្លៃ​ពី​ ៦០ ទៅ​ ៦៥ ​ដុល្លារ (​ចុះ​ឈ្មោះ​លឿន​ ៦០ ​យឺត​ ៦៥ ​ដុល្លារ​) ឯ​ខ្មែរ​ ២០ ​ដុល្លារ​។ រត់​ ២១ ​គីឡូម៉ែត្រ បរទេស​តម្លៃ​ពី​ ៤៥ ដល់​ ៥៥ ​ដុល្លារ ឯ​ខ្មែរ​យើង​ ១៥ ​ដុល្លារ​ចម្ងាយ​ ១០ ​គីឡូម៉ែត្រ បរទេស​ពី​ ៤០ ទៅ​ ៥០ ​ដុល្លារ ឯ​ខ្មែរ​ ១២ ​ដុល្លារ ហើយ​រត់​ ៣ ​គីឡូម៉ែត្រ បរទេស​ពី​ ២០ ​ទៅ​ ៣០ ​ដុល្លារ ឯ​ខ្មែរ​ ៥ ​ដុល្លារ​៕