ភ្នំពេញៈ ទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រ (Women Run 10k ដែលត្រូវបានធ្វើឡើងនៅមុខវត្តបទុមកាលពីព្រឹកថ្ងៃអាទិត្យម្សិលមិញមិនបានថមថយនូវចំនួនអ្នកចូលរួម ដោយសារភាពការភ័យខ្លាចទៅនឹងការរកឃើញករណីជំងឺកូវីដ ១៩ ទៅលើបុរសជនជាតិខ្មែរវ័យ ៣៨ ឆ្នាំនៅខេត្តសៀមរាបកាលពីថ្ងៃសៅរ៍នោះទេ គឺព្រឹត្តិការណ៍មួយនេះមានអ្នកចូលរួមរហូតដល់ជាង ២ ពាន់នាក់។
ជាមួយគ្នានេះមន្ត្រីជំនាញផ្នែកកីឡារបស់គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) លោក វ៉ាត់ ចំរើន បានប្រកាសពីភាពជោគជ័យសម្រាប់ការរៀបចំទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រនេះ ហើយបានចាត់ទុកទិដ្ឋភាពដ៏សប្បាយរីករាយរបស់អ្នកចូលរួមនៅក្នុងព្រឹត្តិការណ៍នេះថា បានបង្ហាញពីការមិនភ័យខ្លាចទៅនឹងជំងឺរាតត្បាតកូវីដ ១៩។
លោក វ៉ាត់ ចំរើន អគ្គលេខាធិការ NOCC បានថ្លែងថា៖ «នៅក្នុងដំណាក់កាលនៃការភ័យខ្លាចជំងឺកូវីដ ១៩ នេះគឺយើងឃើញថា ព្រឹត្តិការណ៍នេះបានបង្ហាញទៅដល់មហាជន និងប្រជាពលរដ្ឋទូទាំងប្រទេសថាវាមិនទាន់មានអីប៉ះពាល់ដល់កម្មវិធីរបស់យើងនៅឡើយទេ គឺយើងបានជួបជុំគ្នានៅទីនេះ ព្រោះការបញ្ជាក់ច្បាស់របស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាលបានធ្វើឲ្យប្រជាពលរដ្ឋមានភាពកក់ក្តៅនៅក្នុងការចូលរួមនេះ»។
រដ្ឋលេខាធិការក្រសួងទេសចរណ៍ លោក វ៉ាត់ ចំរើន បានបន្ថែមថា៖ «យើងឃើញថា មិនមែនតែប្រជាពលរដ្ឋខ្មែរទេដែលបានចូលរួម ប៉ុន្តែសិស្សនិស្សិតបរទេស និងជនបរទេស ជាច្រើនក៏បានចូលរួម ហើយពួកគាត់គ្មានពាក់ម៉ាសទេ គឺគាត់មកដោយសប្បាយ ដោយមានទំនុកចិត្ត អ៊ីចឹងសូមឲ្យការភ័យខ្លាចនេះក្លាយទៅជាការសប្បាយរីករាយ និងទុកចិត្តគ្នាទៅវិញទៅមក»។
សម្រាប់អ្នកចូលរួមជាង ២ ពាន់នាក់ដែលបានចូលរួមក្នុងទិវារត់ប្រណាំងស្ត្រីចម្ងាយ ១០ គីឡូម៉ែត្រកាលពីព្រឹកម្សិលមិញនោះ គឺពួកគេបានប្រកួតគ្នាក្នុងចម្ងាយ ៤ គីឡូម៉ែត្រ និង ១០ គីឡូម៉ែត្រ។
លោក ចំរើន បានថ្លែងថា៖ «អ្នកចូលរួមនៅព្រឹកនេះមានរហូតដល់ជាង ២ ពាន់នាក់ ហើយនៅក្នុងនោះចូល ៧០ ភាគរយជាស្ត្រីដែលគាត់បានយល់ដឹងពីសិទ្ធិរបស់គាត់នៅថ្ងៃទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា នេះអ៊ីចឹងហើយបានធ្វើឲ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ»។
ជាមួយគ្នានេះអ្នកជំនាញកីឡាលោក វ៉ាត់ ចំរើន ក៏បានផ្ញើសារទៅដល់ជនរួមជាតិឲ្យនាំគ្នាប្រយុទ្ធប្រឆាំងជំងឺកូវីដ ១៩។
លោកបាននិយាយថា៖ «យើងទាំងអស់គ្នាត្រូវគោរពទៅតាមគោលនយោបាយ ការដឹកនាំរបស់រាជរដ្ឋាភិបាល ពិសេសក្រសួងសុខាភិបាលរបស់យើងដែលយើងត្រូវតែមានជំហរច្បាស់លាស់ គឺដូចទៅនឹងប្រសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ដែលថា ជំងឺភ័យខ្លាចនេះវាខ្លាំងជាងជំងឺកូវីដហ្នឹងទៅទៀត អ៊ីចឹងយើងកុំដាក់អារម្មណ៍ទៅលើរឿងហ្នឹងខ្លាំងពេក»។
លោកបញ្ជាក់ថា៖ «ការយកចិត្តទុកដាក់ខ្ពស់របស់អ្នកជំនាញក្រសួងសុខាភិបាលគឺនឹងផ្តល់ក្តីទុកចិត្តឲ្យយើងទាំងអស់គ្នា ហើយក្នុងនោះក៏គេបាននិយាយដែរថា សកម្មភាពកីឡា ឬលេងកីឡាឲ្យរាងកាយយើងមាំមួន និងមានកម្លាំងខ្លាំង គឺយើងអាចឈ្នះនូវជំងឺអ្វីទាំងអស់ ហេតុនេះសូមប្រជាពលរដ្ឋទូទាំងប្រទេសនាំគ្នាហាត់ប្រាណ និងលេងកីឡាឲ្យបានគ្រប់គ្នា ដើម្បីឈ្នះនូវជំងឺដង្កាត់ទាំងឡាយ»៕