ភ្នំពេញ៖ ប្រធាន​សហព័ន្ធ​កីឡា​វ៉ូវីណាម​កម្ពុជា លោក ស៊ូម សារឿន បាន​ធ្វើ​ការ​បកស្រាយ និង​បញ្ជាក់​ពី​ភាព​ស្អាតស្អំ​របស់​លោក ក៏​ដូចជា​គណៈកម្មាធិការ​ប្រតិបត្តិ​ទាំង​អស់​របស់​សហព័ន្ធ​នៅ​ចំពោះមុខ​ក្រុម​គ្រូបង្វឹក អត្តពលិក និង​ប្រតិភូ​កីឡា​មក​ពី​រាជធានី-ខេត្ត កាល​ពី​ពេល​ថ្មីៗ​នេះ​ថា ថ្នាក់​ដឹកនាំ​សហព័ន្ធ​មិន​ធ្លាប់​បាន​កាត់​ប្រាក់​ឧបត្ថម្ភ​របស់​កីឡាករ កីឡាការិនី ណា​ម្នាក់​នោះទេ។

លោក ស៊ូ​ម សារឿន បាន​ថ្លែងថា៖ «បន្ទាប់ពី​ក្រុម​អត្តព​លិ​ក​យើងទទួលបាន​ប្រាក់រង្វាន់ពី​ការ​ដណ្តើមបាន​មេដាយ​ជើងឯក​ពិភពលោក ឆ្នាំ ២០១៩ គឺ​អ្នកសារព័ត៌មានបាន​ផ្ញើ​សារ​មក​សួរ​ខ្ញុំថា តើ​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជាមានបាន​កាត់ប្រាក់ឧបត្ថម្ភ​ជា​ភាគរយពី​ពួកគាត់​ដែរឬទេ? អ៊ីចឹង​ខ្ញុំ​សូម​ស្រាយ​បំភ្លឺនៅថ្ងៃនេះ​ថា នៅក្នុង​រយៈពេល ១ ឆ្នាំ ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​សហព័ន្ធ គឺ​មិន​មានការ​កាត់ ឬ​អនុញ្ញាតឱ្យ​នរណាម្នាក់​កាត់​ប្រាក់ឧបត្ថម្ភ​ពី​អត្តព​លិ​ក​នោះទេ។ សូម​សួរ​ទៅ​អត្ត​ព​លិ​ក​របស់​យើង​ទៅថា ​តើ​ថ្នាក់ដឹកនាំ​សហព័ន្ធមានបាន​កាត់​ថវិកា​ពី​អត្ត​ព​លិ​កណា​ម្នាក់​អត់! គឺ​ក្នុងនាម​ខ្ញុំ​ជា​ប្រធាន​សហព័ន្ធ ខ្ញុំ​ហ៊ាន​ធានា​អះអាងថា អត់​មាន​ទេ»។

លោក ស៊ូ​ម សារឿន បាន​បន្ថែមថា៖ «ក្រោយពេល​បានជា​ប់​ជា​ប្រធាន​សហព័ន្ធ​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា គឺ​នៅក្នុង​ថ្ងៃ​មហាសន្និបាត ខ្ញុំ​បានប្រកាស​ហើយ​ថា ក្នុងនាម​ជា​ប្រធាន ខ្ញុំ​មិនសូវ​មានលទ្ធភាព​ធនធាន​ថវិកា​ក៏ពិតមែន ប៉ុន្តែ​ខ្ញុំ​មាន​ទឹកចិត្ត មាន​បេះដូង និង​មាន​ឧ​ត្ត​ម​គតិ ជួយ​ជាតិ ជួយ​យុវជន​ជំនាន់ក្រោយ​ឱ្យមាន​ការរស់រាន និង​រីកចម្រើន​ត​ទៅមុខទៀត អ៊ីចឹង​ពាក់ព័ន្ធ​រឿងនេះ គឺ​ខ្ញុំ​សូមបញ្ជាក់ថា ថ្នាក់ដឹកនាំ​សហព័ន្ធ គឺ​យើង​អត់​មាន​កាត់​ប្រាក់ឧបត្ថម្ភ​របស់​កីឡាករ កីឡាការិនី​ណា​ម្នាក់​នោះទេ»។


ការបកស្រាយ​ពី​ភាព​មន្ទិល​របស់លោក ស៊ូ​ម សារឿន បានធ្វើ​ឡើងនៅក្នុង​ពិធី​បិទ​ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​កម្ពុជា ប្រចាំឆ្នាំ ២០២០ នៅក្នុង​សាល​របស់​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡាកាលពី​ថ្ងៃ​សុក្រ ហើយ​ព្រឹត្តិការណ៍​នេះ មាន​ក្រុម​ចូលរួម ១២ ក្លិប មកពី​រាជធានី-ខេត្ត និង​ក្រសួង​ស្ថាប័ន ២ និង​មាន​កីឡាករ ៤៨ នាក់ កីឡាការិនី ២៨ នាក់ សរុប​ចំនួន ៧៦ នាក់ ដោយ​ត្រូវ​ចូល​ប្រកួតប្រជែង​លើ ១៧ វិញ្ញាសា។

ទាក់ទង​នឹង​ការប្រកួត​ថ្នាក់ជាតិ​នេះ លោក ស៊ូ​ម សារឿន បាន​បញ្ជាក់ថា៖ «ការប្រកួត​ជើងឯក​ថ្នាក់ជាតិ រយៈពេល ៤ ថ្ងៃ នៅពេលនេះ យើង​មាន​គោលបំណងត្រៀមខ្លួន និង​ពង្រឹងសមត្ថភាព ឆ្ពោះទៅកាន់​ការប្រកួត​ស៊ី​ហ្គេម ហេតុនេះ​សូមប្អូនៗ ត្រូវ​បន្ត​ខិតខំ​ប្រឹងប្រែង​ហ្វឹកហាត់ ពង្រឹង​សមត្ថភាព និង​អភិវឌ្ឍ​សមត្ថភាព​ឱ្យ​កាន់តែ​ខ្លាំងក្លា និង​រឹងមាំ​បន្ថែមទៀត ព្រោះ​ការ​ដណ្តើមបាន​ជយលាភី ពី​ការប្រកួត​ស៊ី​ហ្គេម គឺជា​កិត្តិយស មិន​ត្រឹមតែ​ខ្លួន​ប្អូន​ផ្ទាល់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ជា​កិត្តិយស សម្រាប់​គ្រួសារ និង​ប្រទេសជាតិ​ផងដែរ»។


ជាមួយគ្នា​នោះ លោក ប៊ូ ជុំ​សេរី អនុរដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ថ្លែង​នៅក្នុង​ពិធី​បិទ​ការប្រកួត កាលពី​ថ្ងៃទី ២៩ ខែ មករា ឆ្នាំ ២០២១ នោះដែរ​ថា៖ «ការប្រកួត​កីឡា​វ៉ូ​វី​ណា​ម​ថ្នាក់ជាតិត្រូវបាន​រៀបចំ​ឡើងជា​រៀងរាល់ឆ្នាំ​ក្នុង​គោលបំណង​ធ្វើការ​វាស់ស្ទង់ និង​ពង្រឹងសមត្ថភាព​របស់​អត្ត​ព​លិ​ក​បន្ថែមទៀត ដើម្បី​ស្វែងរក​ចំណុចខ្លាំង និង​ចំណុចខ្សោយ​របស់​ក្រុម​អត្ត​ព​លិ​ក​យើង ធ្វើជា​មូលដ្ឋាន សម្រាប់​កែលម្អ​ចំណុច​ខ្វះខាត​ទាំងអស់នោះ ក្នុងន័យ​ចូលរួម​ការប្រកួត​ប្រកបដោយ​សក្តានុពល និង​ពោរពេញ​ដោយ​លក្ខណៈ​បច្ចេកទេស​ខ្ពស់ សម្រាប់​ត្រៀម​ការប្រកួត​ស៊ី​ហ្គេម នៅ​វៀតណាម ឆ្នាំ ២០២១ នេះ និង​ស៊ី​ហ្គេម ឆ្នាំ ២០២៣ ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ»៕