ភ្នំពេញ៖ ​ព្រឹត្តិការណ៍​​ប្រកួត​កង់​ភ្នំ Cambodia MTB Series 2019 បាន​កំណត់​យក​គិរីរម្យ ជា​កន្លែង​ប្រកួត​ជុំ​ទី ​៥ ​ផ្តាច់​ព្រ័ត្រ ដើម្បី​រក​ម្ចាស់​ជើងឯក​ដ៏​ពិត​ប្រាកដ​នៅ​តាម​វិញ្ញាសា​នីមួយៗ ខណៈ​ថ្នាក់​ដឹកនាំ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន​បាន​ចាត់​ទុក​ការ​ប្រកួត​នៅ​ព្រឹក​ថ្ងៃ​អាទិត្យ​នេះ ជា​ការ​ប្រកួត​ដ៏​ទាក់ទាញ និង​មាន​ភាព​ស្វិតស្វាញ​ជាង ​៤ ជុំ​កន្លង​មក។

នៅ​ក្នុង​ការ​ប្រកួត​ដំណាក់​កាល​ដ៏​សំខាន់​នេះ ក្រុម​ការងារ​បច្ចេកទេស​របស់​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន ក៏​បាន​រៀបចំ​ឲ្យ​មាន​ការ​បោះ​តង់​ស្នាក់នៅ នៅ​​លើ​ភ្នំ​គិរីរម្យ​ នា​យប់​ថ្ងៃ​សៅរ៍​ផង​ដែរ ដើម្បី​សម្រួល​ដល់​អ្នក​ធ្វើ​ដំណើរ​មក​ពី​ខេត្ត​ឆ្ងាយៗ មាន​ពេល​សម្រាក និង​ត្រៀម​ខ្លួន​ប្រកួត​បាន​ល្អ ព្រោះ​ការ​ប្រកួត​នេះ នឹង​ត្រូវ​ចាប់​ប្រកួត​នៅ​ព្រឹក​ព្រលឹម​ថ្ងៃ​អាទិត្យ​តែ​ម្តង។​

លោក នូ ចំរើន អគ្គ​លេខាធិការ​សហព័ន្ធ​ខ្មែរ​កីឡា​ទោចក្រយាន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា៖ ​«​ការ​ប្រកួត​នេះ នឹង​មាន​ភាព​ទាក់ទាញ និង​ស្វិតស្វាញ​​ខ្លាំង​ជាង​ជុំណាៗ​ទាំង​អស់ ព្រោះ​ជា​ការ​ប្រកួត​ជុំ​ផ្តាច់​ព្រ័ត្រ ដែល​គ្រប់​គ្នា ត្រូវ​តែ​ខំ​ប្រឹងប្រែង ដើម្បី​ទទួល​បាន​ពិន្ទុ​បន្ថែម ក្នុង​ការ​ឈាន​ទៅ​រក​ការ​ទទួល​បាន​ចំណាត់​ថ្នាក​លេខ ​១»។


បើ​តាម​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​បាន​ឲ្យ​ដឹង​ថា ​ក្រុម​អត្តពលិក​ប្រមាណ ​១៥០ ​នាក់ ​បាន​ចុះ​ឈ្មោះ​ចូលរួម​ក្នុង​ការ​ប្រកួត​នៅ​ក្នុង​ជុំ​ផ្តាច់ព្រ័ត្រ​នេះ ហើយ​ទីលាន​បត់​បែន នៅ​លើ​ភ្នំ​គិរីរម្យ ដែល​ហ៊ុមព័ន្ធ​ទៅ​ដោយ​ដើម​ស្រស់ និង​រុក្ខជាតិ​តូច​ធំ​ចម្រុះ​គ្នា​ដ៏​ស្រស់​បំព្រង​នោះ វា​នឹង​ក្លាយ​ជា​វេទិកា​ប្រកួត​ប្រជែង​ដ៏​ល្អ​បំផុត សម្រាប់​ក្រុម​អត្តពលិក ដែល​ត្រូវ​ប្រជែង​គ្នា ដើម្បី​រក​ឲ្យ​ឃើញ​អ្នក​ឈ្នះ​តំណែង​ជើង​ឯក នៅ​លើ​ប្រភេទ​​វិញ្ញាសានីមួយៗ ព្រោះ​ការ​ប្រកួត ​៤ ​ជុំ​កន្លង​មក គណៈកម្មកា​បាន​កត់ត្រា និង​បូក​ពិន្ទុ ទៅ​តាម​ជុំ​នីមួយៗ​យ៉ាង​ច្បាស់​លាស់ ហើយ​លើក​នេះ​ជា​ការ​ប្រកួត​ជុំ​ចុង​ក្រោយ កំណត់​រក​អ្នក​ឈ្នះ​តំណែង​ជើងឯក។

លោក នូ ចំរើន ​​បន្ថែម​ថា៖ ​«​ទីលាន​ប្រកួត​នៅ​ជុំ​ផ្តាច់​ព្រ័ត្រ​នេះ គឺ​មាន​ឧបសគ្គ​ច្រើន​ជាង​ ​៤ ជុំ ​កន្លង​មក ព្រោះ​យើង​ត្រូវ​ប្រកួត​នៅ​លើ​ភ្នំ​តែ​ម្តង ដែល​ហ៊ុមព័ទ្ធ​ដោយ​ព្រៃ​ឈើ ហើយ​មាន​ផ្លូវ​ចុះ​ចំណោត ឡើង​ចំណោម​ និង​ឡើង​ទួល​ផង​ដែរ​ អ៊ីចឹង​កីឡាករ កីឡាការិនី​​គ្រប់​រូប ពិសេស​អ្នក​ត្រូវ​ប្រជែង​គ្នា​យក​ជយលាភី គឺ​ទាមទារ​ឲ្យ​មាន​ការ​ហ្វឹកហាត់​គ្រប់គ្រាន់ និង​មាន​ភាព​អំណត់ ទើប​អាច​បញ្ចប់​ការ​ប្រកួត​ដោយ​ជោគជ័យ​បាន»៕ ​