ភ្នំពេញ៖ ក្លិប​ភ្នំពេញក្រោន ​សង្ឃឹម​ថា ការ​វិល​មក​ដឹក​នាំ​​របស់​គ្រូ​បង្វឹក​ជន​ជាតិ​អ៊ុយ​ក្រែន លោក Oleg Starynskyi វា​នឹង​ធ្វើ​ឱ្យក្រុម​មាន​មូល​ដ្ឋាន ​នៅ​ភ្នំពេញ​មួយ​នេះ កាន់​តែ​ទទួល​បាន​ជោគជ័យ និង​មាន​ភាព​ខ្លាំង​ក្លា​សម្រាប់​ការ​ប្រកួត​​ប្រជែង​នៅ​រដូវកាល​ថ្មី ឆ្នាំ ​២០២១ ខាង​មុខ​នេះ។

ភ្នំពេញក្រោន ដែល​​បាន​បញ្ចប់​រដូវកាល​ឆ្នាំ ​២០២០ ដោយ​ទទួល​បាន​​លេខ ​៣ ក្នុង​ការ​ប្រកួត​លីគ​កំពូល​កម្ពុជា និង​បាន​លេខ ​៤ ក្នុង​ការ​ប្រកួត​ពាន​រង្វាន់​សម្តេច ហ៊ុន សែន ​នោះ បាន​បង្ហោះសារ​នៅ​លើ​ផេច​ហ្វេសប៊ុក​របស់​ក្លិប​ថា៖ «ក្លិប​​​ភ្នំពេញក្រោន​សង្ឃឹម​ថា ការ​វិល​ត្រឡប់​​មក​កម្ពុជា​សាជាថ្មី​របស់​លោក Oleg Starynskyi នឹង​ជួយ​ឱ្យ​​ក្រុម​ឈុត​ធំ​របស់​យើង កាន់​តែ​ខ្លាំង​ក្លាថែម​​ទៀត នា​រដូវកាល​ក្រោយ​នេះ»។

ការ​បង្ហោះ​សារ​ស័ព្ទ ប្រកប​ដោយ​ភាព​ជឿជាក់​ទៅ​លើ​លោក Oleg ដែល​នឹង​ត្រូវ​ចូល​ខ្លួន​មក​ដឹកនាំ​ក្រុម​ភ្នំពេញ​ក្រោន ជំនួស​​លោក ស៊ុំ វណ្ណា ដែល​ត្រូវ​បាន​ផ្លាស់ប្តូរ​តួនាទី​ពី​​គ្រូ​បង្គោល​ឱ្យ​ទៅ​ធ្វើ​​ជា​នាយក​បច្ចេកទេស ដោយ​ផ្តោត​សំខាន់​លើ​ការ​អភិវឌ្ឍ​យុវជន​​ថ្នាល​​អាយុ​​ក្រោម ​១៥ ​ឆ្នាំ អាយុ​ក្រោម ​១៨ ​ឆ្នាំ ​អាយុ​ក្រោម ​២១ ​ឆ្នាំ និង​​ក្រុម​នារី​​​នោះ គឺ​បន្ទាប់​ពី​​ប្រធាន​ក្លិប​ភ្នំពេញក្រោន លោក ឫទ្ធី សំណាង សម្រេច​ជ្រើសរើស និង​ចុះ​កុងត្រា​ជាមួយ​​លោក Oleg មក​ធ្វើ​ជា​គ្រូ​បង្គោល។


ការ​​ជ្រើសរើស​​យក​លោក Oleg មក​ធ្វើ​ជា​គ្រូ​បង្គោល​នេះ គឺ​ខុស​ទៅ​នឹង​ការ​ព្យាករ​របស់​មហាជន ពិសេស​អ្នក​គាំទ្រ​បាល់​ទាត់​កម្ពុជា ដែល​ពួក​គេ​ភាគ​ច្រើន​បាន​គិត​ថា ភ្នំពេញក្រោន នឹង​ចុះ​កុងត្រា​ជាមួយ​អតីត​គ្រូ​បង្វឹក​ក្រុម​ជម្រើស​ជាតិ​កម្ពុជា លោក Lee Tae Hoon ដោយសារ​តែ​គ្រូ​បង្វឹក​ជនជាតិ​កូរ៉េ​ខាង​ត្បូង​ម្នាក់​នេះ មាន​បទពិសោធ​​ច្រើន ពិសេស​លោក​ជា​គ្រូ​បង្វឹក​ដែល​បាន​ដឹង ​និង​ស្គាល់​ពី​ស្ថាន​ភាព​បាល់ទាត់​នៅ​កម្ពុជា​ច្បាស់​ជាង​គ្រូ​បរទេស​ណាៗ​ទាំង​អស់ នៅ​ពេល​លោក Lee ​ដឹកនាំ​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ពី​ឆ្នាំ ​២០១០ ដល់​ឆ្នាំ ​២០១២ និង​លើកទី​២ ពី​ឆ្នាំ ​២០១៣ ដល់​ឆ្នាំ ​២០១៧។

យ៉ាង​ណា​ក៏​ដោយ គ្រូ​បង្វឹក​មាន​វិញ្ញាបនបត្រ UEFA A licence លោក Oleg Starynskyi បាន​អះអាង​ថា ការ​វិល​មក​ដឹកនាំ​ក្រុម​ភ្នំពេញក្រោន​ ជា​ថ្មី នៅ​ពេល​នេះ មិន​មែន​លោក​មក​ធ្វើ​ការងារ​តែ ​១ ​មុខ​នោះ​ទេ ប៉ុន្តែ​លោក​មក​​ជួប​មនុស្ស ដែល​លោក​​ស្គាល់ ដើម្បី​បង្កើត​ឱ្យ​មាន​បរិយាកាស​ល្អ​ក្នុង​វិស័យបាល់​ទាត់។


លោក Oleg បាន​និយាយ​ថា៖ ​«ខ្ញុំ​មាន​អារម្មណ៍​រីករាយ​ណាស់ ដែល​បាន​ត្រឡប់​មក​ទី​នេះ​ម្តង​ទៀត ព្រោះ​នៅ​ទីនេះ ជា​កន្លែង និង​ជា​ក្លិប ដែល​ខ្ញុំ​គួរ​តែ​នៅ ហើយ​វា​ពិត​ជា​សំខាន់​ណាស់ ដែល​ខ្ញុំ​មក​ទី​នេះ​ម្តង​ទៀត ​ដែល​មិន​មែន​មក​ ដើម្បី​ធ្វើ​ការ​តែ ​១ ខ​នោះ​ទេ គឺ​មក​​ដើម្បី​ជួប​មនុស្ស​ដែល​ខ្ញុំ​ស្គាល់ ​គឺ​វា​កើត​ចេញ​មក​ពី​ចិត្ត ដើម្បី​បង្កើត​ឱ្យមាន​បរិយាកាស​ល្អ​ក្នុង​វិស័យ​បាល់ទាត់»។

គួរ​រំឭក​ថា លោក Oleg ធ្លាប់ បាន​ចូលរួម​ជាមួយ ភ្នំពេញក្រោន ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០១៦ ដោយ​ដឹកនាំ​ក្រុម U19 ភ្នំពេញ​ក្រោន ឱ្យ​​ឈ្នះ​ពាន Smart RSN Youth Competition 2016 និង​ធ្លាប់​បាន​ចូលរួម​ភារកិច្ច​ជា​គ្រូ​ជំនួយ​ក្រុម U19 កម្ពុជា សម្រាប់​ការប្រកួត AFF U19 Championship 2016 ផង​ដែរ។

នៅ​​ចុង​ឆ្នាំ ២០១៦ គឺ​​ពេល​លោក សែម សំណាង ត្រូវ​បាន​ក្លិប​ផ្លាស់​តួនាទីពី​គ្រូ​បង្គោល​ទៅ​ជា​នាយក​បច្ចេកទេស​វិញ​នោះ លោក Oleg ​​ត្រូវ​បាន​ក្លិប​ភ្នំពេញក្រោន ​ផ្ដល់​សេចក្ដី​ទុក​ចិត្ត​ឱ្យ​ដឹកនាំ​ក្រុម​នៅ​រដូវកាល​ឆ្នាំ ​២០១៧ ហើយ​​បញ្ចប់​​រដូវកាល ដោយ​ការ​ទទួល​បាន​​លេខ ​៦ ក្រោយ​ប្រកួត ២២ ​ដង ឈ្នះ ​១២ ស្មើ​ ៦ និង​ចាញ់ ​៤។

ក្រោយ​ចេញ​ពី​ ភ្នំពេញក្រោន លោក Oleg ​បាន​ទៅ​ធ្វើ​ជា​នាយក​បច្ចេកទេស​ជាមួយ​ក្រុម​យុវជន​ Destiny Football Development Centre មួយ​រយៈ​នៅ​​ម៉ាឡេស៊ី ក្នុង​ឆ្នាំ​ ២០១៨ បន្ទាប់​មក​លោក​ត្រឡប់​ទៅ​ប្រទេស​កំណើត ធ្វើ​ការ​ជាមួយ​ក្លិប Shakhtar Donetsk ក្នុង​នាម​ជា​គ្រូ​ជំនួយ និង​ជា​អ្នក​វិភាគការ​ប្រកួត​ឱ្យ​​ក្រុម U19 ហើយ​មុន​ត្រឡប់​មក​កម្ពុជា​ជា​ថ្មី​នេះ លោក Oleg ​ត្រូវ​បាន​ថ្នាក់​ដឹកនាំ​ក្លិប ​ដំឡើង​​តំណែង​ទៅ​​ជា​នាយក​ផ្នែក​វិភាគ​ការ​ប្រកួត​របស់​ក្រុម Shakhtar Donetsk៕