ភ្នំពេញៈ ក្លិបភ្នំពេញក្រោន បានសម្រេចចែកផ្លូវជាមួយគ្រូបង្វឹកប្រេស៊ីល លោក Leonardo Vitiorino ត្រឹមពាក់កណ្តាលផ្លូវ ហើយការបញ្ចប់កុងត្រានេះត្រូវបានក្លិបមានមូលដ្ឋាននៅភ្នំពេញមួយនេះ ប្រកាសជាសាធារណៈនៅលើផេចហ្វេសប៊ុករបស់ខ្លួនកាលថ្ងៃអង្គារម្សិលមិញ។
ក្លិបនេះបានប្រកាសថា៖ «ក្លិបភ្នំពេញក្រោនសូមជម្រាបជូនអ្នកគាំទ្រក៏ដូចជាសាធារណជនឲ្យបានជ្រាបថា ក្លិប និងលោកគ្រូបង្វឹក Leonardo Vitorino បានសម្រេចឯកភាពគ្នាបញ្ចប់កុងត្រាជាផ្លូវការ ក្រោយការដឹកនាំក្រុមបានត្រឹមសប្តាហ៍ទី ៦ នៃលីកកំពូលកម្ពុជាឆ្នាំ ២០១៩ នេះ»។
ជុំវិញការចែកផ្លូវជាមួយលោក Leonardo នេះ លោក លី ហៀង អគ្គលេខាធិការ ក្លិបភ្នំពេញក្រោន បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីល្ងាចថ្ងៃអង្គារថា៖ «តាមពិតយើងឃើញមានសម្ពាធទាក់ទងនឹងក្រុមគឺយើងមានសម្ពាធខ្ពស់ ទាក់ទងទៅនឹងលទ្ធផល ហើយនេះជាអ្វីដែលយើងបានគិត ហើយបញ្ហានេះវាមិនមែនជារឿងងាយស្រួលនោះទេ អ៊ីចឹងហេតុផលដែលយើងបានពិភាក្សាជាមួយគាត់កន្លងមក និងយោងទៅតាមអ្វីដែលបានកើតឡើងចំពោះលទ្ធផលនៃការប្រកួតគឺយើងបានសម្រេចបញ្ចប់កុងត្រាជាមួយគាត់»។
គួររំឭកថាលោក Leonardo ធ្លាប់បានថ្លែងនៅក្នុងសន្និសីទពេលលោកសម្រេចមកដឹកនាំក្រុមភ្នំពេញក្រោនកន្លងមកថា ការកំណត់កុងត្រារបស់លោកជាមួយក្លិបភ្នំពេញក្រោនគឺអាស្រ័យទៅលើលទ្ធផលនៃការប្រកួត ដោយលោកបញ្ជាក់ថា៖ «បើសិនជាលទ្ធផលមិនបានល្អ គ្រូបង្វឹកត្រូវតែចាកចេញគឺគ្មានអ្វីដែលសំខាន់នោះទេ ហើយខ្ញុំមកទីនេះដើម្បីធ្វើអ្វីឲ្យអស់ពីចិត្ត និងឲ្យមានការរីកចម្រើន»។
យ៉ាងណាក៏ដោយក្រោមការដឹកនាំរបស់លោក Leonardo ផ្ទាល់នៅក្នុងលីកកំពូលកម្ពុជា ឆ្នាំ ២០១៩ ចំនួន ៦ ប្រកួតនេះ ក្រុមភ្នំពេញក្រោនទទួលបានលទ្ធផលមិនល្អទេគឺពួកគេបានចាញ់ក្រុមបឹងកេត ៣-២ ឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិ ២-០ ចាញ់ក្រុមវិសាខា ៣-១ ចាញ់ក្រុមព្រះខ័នរាជស្វាយរៀង ៥-១ ឈ្នះក្រុមអាស៊ីអឺរ៉ុប ១-០ និងបានចាញ់ក្រុមណាហ្គាវើល ៣-០ កាលពីសប្តាហ៍មុន ហើយការឈរនៅលេខ ១០ មាន ៦ ពិន្ទុនេះហើយទើបធ្វើឲ្យភ្នំពេញក្រោនសម្រេចចែកផ្លូវគ្នានឹងលោក Leonardo។
តាមរយៈការបញ្ចប់កុងត្រានេះដែរវាក៏អាចជាការបិទផ្លូវសម្រាប់លោក Leonardo ក្នុងការវិលមកប្រកបអាជីពបាល់ទាត់ក្នុងនាមជាគ្រូបង្វឹកនៅកម្ពុជា ដើម្បីសាងស្នាដៃទៅតាមការប្តេជ្ញារបស់លោកផងដែរ ព្រោះគ្រូបង្វឹករូបនេះក៏ត្រូវបានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាបញ្ចប់កុងត្រាមុនពេលកំណត់កាលពីឆ្នាំ ២០១៧ ជុំវិញការដឹកនាំក្រុមជម្រើសជាតិកម្ពុជាទទួលបានលទ្ធផលមិនល្អ ក្នុងស៊ីហ្គេម ឆ្នាំ ២០១៧ នៅម៉ាឡេស៊ីដែរ។
ទាក់ទងទៅនឹងការចែកផ្លូវជាមួយក្រុមជម្រើសជាតិកម្ពុជានោះលោក Leonardo Vitorina បាននិយាយពេលមកដឹកនាំក្រុមភ្នំពេញក្រោនថា៖ «ខ្ញុំមកទីនេះដើម្បីជួយដល់បាល់ទាត់កម្ពុជា និងផ្តល់អ្វីដ៏អស្ចារ្យដល់អ្នកគាំទ្រកម្ពុជា ព្រោះបេសកកម្មរបស់ខ្ញុំនៅកម្ពុជានៅមិនទាន់បានបញ្ចប់នៅឡើយទេ។ អ៊ីចឹងខ្ញុំមានការងារដែលត្រូវធ្វើជាបន្តទៀតនៅកម្ពុជា ហើយខ្ញុំមិនបានបំភ្លេចពីអ្វីដែលខ្ញុំត្រូវធ្វើនោះទេ គឺការជួយអភិវឌ្ឍវិស័យបាល់ទាត់កម្ពុជាឲ្យមានការរីកចម្រើន»។
ប៉ុន្តែក្តីសង្ឃឹមក្នុងការបង្កើតស្នាដៃក្នុងនាមជាគ្រូបង្វឹកល្អរបស់លោក Leonardo នៅកម្ពុជាត្រូវបានរលាយបាត់ជាលើកទី ២ តាមរយៈការបញ្ចប់កុងត្រារបស់ក្លិបភ្នំពេញក្រោននេះ ចំណែកគ្រូជំនួយលោក ស៊ុំ វណ្ណា ដែលទើបតែរៀនចប់វគ្គសិក្សា AFC A License កាលពីពេលថ្មីៗនេះ ត្រូវបានក្លិបភ្នំពេញក្រោន តែងតាំងឲ្យធ្វើជាគ្រូបង្វឹកជាបណ្តោះអាសន្ន ដើម្បីដឹកនាំក្រុមភ្នំពេញក្រោន ជំនួសលោក Leonardo៕
៕