ភ្នំពេញ: ការប្រកួត​ជម្រុះ​សន្សំ​ពិន្ទុ​នៃ​ខ្សែក្រវាត់​ខារ៉ាបាវ​ទម្ងន់ ៦៥ គីឡូក្រាម​រដូវកាល​ទី ៥ សង្វៀន​អាស៊ី​អាគ្នេយ៍ នឹង​ឈាន​ដល់​វគ្គ​ចុង​ក្រោយ​ថ្ងៃ​សៅរ៍​នេះ ខណៈ​កីឡាករ​មឿន សុខហ៊ុច របស់​កម្ពុជា ត្រូវ​ប៉ះ​កីឡាករ​ថៃ Kreang Krai ដែល​ជា​គូ​ខ្លាំង​ប៉ះ​ខ្លាំង ហើយ​មួយ​គូ​ទៀត​កីឡាករ​ជឹម ចិត្ត្រា ត្រូវ​ជួប​ជាមួយ ថៃ Sen Khum។

សម្រាប់​ការ​ប្រកួត​ខ្សែក្រវាត់​ទាំង ២ គូ​នេះ ទោះ​ជា​ទទួល​បាន​លទ្ធផល​ក្រោយ​ប្រកួត​បែប​ណា​ក៏ដោយ ក៏​មិន​អាច​ប្រែ​ប្រួល​បេក្ខភាព​អ្នក​ប្រដាល់​ដែល​មាន​ពិន្ទុ​គ្រប់គ្រាន់​ដើម្បី​ឡើង​ទៅ​កក់​កៅអី​ក្នុង​វគ្គ​ផ្តាច់ព្រត័​រួច​ទៅ​ហើយ​ឡើយ ហេតុនេះ វា​គ្រាន់​តែ​ជា​ការ​ប្រកួត​បង្គ្រប់​កិច្ច​តាម​រូបមន្ត​ប៉ុណ្ណោះ។

យោង​លទ្ធផល ៣ ប្រកួត​កន្លងមក កីឡាករ​ប្រដាល់​តែ ២ រូប​ប៉ុណ្ណោះ​ដែល​បាន​ទៅ​វគ្គ​ផ្តាច់ព្រ័ត្រ ខណៈ​ភាគ​កីឡាករ​ខាង​កម្ពុជា គឺ មឿន សុខហ៊ុច ហើយ​ភាគី​កីឡាករ​ថៃ គឺ Kreang Krai នេះ​ឯង។


លទ្ធផល ៣ ប្រកួត​ម្នាក់ៗ​កន្លង​មក សុទ្ធតែ​បានបង្ហាញ​យ៉ាងច្បាស់​ពី​សមត្ថភាព​រៀងៗ​ខ្លួន ដោយ​កីឡាករ​ថៃ Kre-ang Krai បាន​ឈ្នះ​ទាំង ៣ ប្រកួត មាន ៩ ពិន្ទុ​ខ្ពស់​ដាច់​ក្នុង​ពូល B ហើយ​មឿន សុខហ៊ុច ៣ ប្រកួត ឈ្នះ ២ ចាញ់ ១ មាន ៧ ពិន្ទុ​ខ្ពស់​ដាច់​ក្នុង​ពូល A ។

ទោះជា​លទ្ធផល​ឈ្នះ ឬ​ចាញ់​គ្នា​យ៉ាងណា សុខហ៊ុច និង Kreang Krai នឹងត្រូវ​ដឹក​ដៃ​គ្នា​ទៅ​ប្រកួត​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​ដណ្តើម​យក​ខ្សែក្រវាត់​អម​ដោយ​ទឹក​ប្រាក់ ៥០០០ ដុល្លារ នា​ថ្ងៃ​ទី ២៨ ខែ​មេសា ឆ្នាំ ២០១៨ ខាង​មុខ ទៅ​តាម​កម្មវិធី​ប្រកួត​ដែល​បាន​គ្រោង​ទុក។


យោងតាម​ប្រវត្តិ​ជួប​ប្រកួត​គ្នា​ក្រៅ​អំឡុង​ខ្សែក្រវាត់ មឿន សុខហ៊ុច ធ្លាប់​ឈ្នះ​កីឡាករ​ថៃ Kreang Krai ដោយ​ពិន្ទុ​ចំនួន ២ លើក ប៉ុន្តែ​បើ​គិតពី​ការ​រីក​ចម្រើន​ផ្នែក​កម្លាំង និង​កម្រិត​វិជ្ជា​គុន​មក​ដល់​បច្ចុប្បន្ន មឿន សុខហ៊ុច ហាក់​ដូចជា​ធ្លាក់​ចុះ​មួយ​កម្រិត ហើយ​កីឡាករ​ថៃ Kreang Krai មាន​កម្លាំង និង​ក្បាច់​គុន​ល្អ​ជាង​មុន​ច្រើន​ណាស់។

ទោះជា​យ៉ាងណា សម្រាប់​ការ​ចាញ់ ឬ​ឈ្នះ​មួយគូ​នេះ​ពិតជា​ស្វិតស្វាញ ឬ​អាច​និយាយ​បាន​ថា ឈ្នះ​គ្នា​ក្នុង​លក្ខណៈ​តឹងតែង​បំផុត ខណៈ​ដែល​ច្បាប់​ប្រកួត​ក្នុង​អំឡុង​ខ្សែក្រវាត់ មិន​អាច​ឲ្យ​ស្មើ​គ្នា​នោះ​ទេ ហើយ​បើ​និយាយ​ពី​បទ​ពិសោធ​ឡើង​ប្រកួត​វិញ សុខហ៊ុច ច្រើន​ជាង។

លោក​ណន រិ​ទ្ធ គ្រូបង្វឹក​របស់​មឿ​ន សុខហ៊ុច បាន​និយាយថា៖ «សុខ​ហ៊ុ​ច កំពុង​ព្យាយាម​ហ្វឹកហាត់​ត្រៀម​បាន​ល្អ​សម្រាប់​ការ​ប្រកួត​នេះ ហើយ​នៅ​ក្នុង​ជំនួប​លើក​នេះ ខ្ញុំ​មាន​សង្ឃឹម​ឈ្នះ ៧០ ភាគរយ។ យុទ្ធសាស្ត្រ​សម្រាប់​ប្រកួត​គឺ​ប្រើ​ស្នៀត​ទាត់​ឆ្ងាយ និង​ប្រើ​ស្នៀត​ជង្គង់​ពេល​ឱប​គ្នា»។

លោក​ថា​ញ់ វ៉ាឡេក គ្រូបង្វឹក​កីឡាករ​ថៃ បាន​និយាយថា៖ «Kreang Krai មួយរយៈ​នេះ មាន​ការ​រីក​ចម្រើន​ទាំង​បច្ចេកទេស និង​កម្លាំង ហើយ​កន្លង​មក ក៏​ធ្លាប់​ឈ្នះ​ខ្សែក្រវាត់​មក​គ្រប់គ្រង​ដែរ។ ខ្ញុំ​សង្ឃឹម និង​អះអាង​ថា Kreang Krai នឹង​ឈ្នះ ១០០ ភាគរយ​ដោយ​ប្រើ​ស្នៀត​កែង និង​ជង្គង់»។

ចំណែក​គូ​ប្រដាល់​ខ្សែក្រវាត់​មួយគូ​ទៀត​រវាង​ជឹម ចិត្ត្រា មកពី​ក្លិប​ខ្លារខិន​មានរិទ្ធ ជាមួយ​កីឡាករ​ថៃ Sen Khum ក៏​ជាការ​ប្រកួត​បង្គ្រប់​កិច្ច​តាម​រូបមន្ត​ដែរ។ តាមរយៈ​ការ​ប្រកួត ៣ លើក​កន្លង​មក ជឹម ចិត្ត្រា បាន​ចាញ់​សន្លប់ ២ លើក និង​ឈ្នះ ១ លើក ដោយ​មាន​តែ ៥ ពិន្ទុ​ប៉ុណ្ណោះ។

ចំណែក​កីឡាករ Sen Khum ចាញ់ ២ ប្រកួត ឈ្នះ ១ ប្រកួត មាន ៥ ពិន្ទុ​ដូចគ្នា ហើយ​ទោះ​ចាញ់ ឬ​ឈ្នះ​ក៏​មិន​បាន​ឡើង​ទៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​ដូចគ្នា។ អ្នកស្រី​ឡុង រ៉ាវី ប្រធាន​ក្លិប​ខ្លារខិន បាន​និយាយ​ថា៖ ជឹម ចិត្ត្រា ធានា​ប្រកួត​អស់​ពី​សមត្ថភាព ប៉ុន្តែ​រឿង​ចាញ់ ឬ​ឈ្នះ ខ្ញុំ​មិន​ហ៊ាន​ព្យាករ​នោះទេ​ពី​ព្រោះ​ខ្លាច​ខុស។ ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា ជឹម ចិត្ត្រា មាន​ភាគរយ​ឈ្នះ​ច្រើន​ដោយសារ​ហ្វឹកហាត់​ល្អ​គោរព​វិន័យ​ល្អ៕