ភ្នំពេញ៖ ​កីឡាករ​កម្ពុជា ​យ៉េន ​ឌីណា​ (ប៉ោ ភារិទ្ធ​) របស់​​សមាគម​កីឡា​​ប្រដាល់​ក្រសួង​កសិកម្ម​ នឹង​ត្រូវ​ប្រកួត​ផ្តាច់​ព្រ័ត្រ​ដណ្តើម​ខ្សែ​ក្រវាត់​ខារ៉ាបាវ ទម្ងន់ ​៦៣,៥ គីឡូក្រាម អម​ដោយ​ប្រាក់​រង្វាន់ ​៤ ០០០ ​ដុល្លារ ជាមួយ​អ្នក​ប្រយុទ្ធ​​ថៃ​ Kolap Dam នៅ​លើ​សង្វៀន SEATV នា​រសៀល​ថ្ងៃ​សៅរ៍​នេះ។ ចំណែក ​ពុយ ​វណ្ណៈ ត្រូវ​ប្រកួត​ដណ្តើម​យក​លេខ ​៣ ​ជា​មួយ​ថៃ Loom Leng ខណៈ​ប្រវត្តិ​ប្រកួត​ក្នុង​វគ្គ​ជម្រុះ​ គឺ​កីឡាករ​កម្ពុជា​ទាំង ​២ ​នេះ​ សុទ្ធ​តែ​ចាញ់​​ថៃ​ទាំង ​២ ​នាក់​នេះ​​ដូច​គ្នា​។

បើ​ទោះបី​ជា យ៉េន ឌីណា ធ្លាប់​ចាញ់​ពិន្ទុ Kolap Dam ​​ក្នុង​វគ្គ​ជម្រុះ ប៉ុន្តែ​ការ​វិល​មក​ជួប​គ្នា​ជា​ថ្មី​នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ​នេះ ​ពិត​ជា​លំបាក​ប៉ាន់​ស្មាន ​ឬ​វាយ​តម្លៃ​លទ្ធផល​មុន​ណាស់​ ​ព្រោះ​វគ្គ​សំខាន់ ​និង​ទឹក​ប្រាក់​ច្រើន​យ៉ាង​នេះ ​ពួក​គេ​សុទ្ធ​តែ​មាន​យុទ្ធសាស្ត្រ​​ និង​កលល្បិច​ក្នុង​ការ​យក​ឈ្នះ​រៀងៗ​ខ្លួន​។

នៅ​ក្នុង​ការ​ប្រកួត​លើក​នេះ​ បើ​សិន​គូ​ប្រកួត​វាយ​លុក​ខ្លាំង​ដូច​គ្នា​នោះ ​ត្រឹម​តែ ​៣ ​ទឹក ​កម្លាំង​របស់​ យ៉េន​ ឌីណា ​ស្រុត​ចុះ​តែ​ម្ដង ​គឺ​អាច​ចាញ់​ថៃ​ ​ព្រោះ​មួយរយៈ​នេះ​ ការ​វាយ​របស់​គេ​ទំនង​ដូច​ជា​មិន​កាច​ដូច​មុនៗ​ទេ​ គឺ​សន្សំ​ និង​ថ្នម​កម្លាំង ​ប៉ុន្តែ​មាន​​ស្នៀត​កែង​ល្អ​។ ​ចំពោះ​ Kolap Dam វិញ​ គេ​វ៉ៃ​ដោយ​មិន​សម្រុក​ខ្លាំង​នោះ​ទេ ​តែ​បើ​មាន​ឱកាស ​គេ​នឹង​បញ្ចប់​គូ​ប្រកួត​ឲ្យ​សន្លប់​យ៉ាង​លឿន​បំផុត​ ដោយ​​ក្បាច់​ទាត់ ​និង​ជង្គង់​ខ្លី​។


យ៉េន ​ឌីណា​ មាន​ប្រវត្តិ​ប្រកួត​ចំនួន ​៧៧ ​ដង ​ឈ្នះ ​៦៥​ និង​ចាញ់ ​១២ ​ដង ហើយ​គេ​​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ចំនួន ​២ ​និង​ពាន​​មួយ​ចំនួន​ទៀត​​ផង​ដែរ​។ ​ចំពោះ​អ្នក​ប្រដាល់​ថៃ​ Kolap Dam វិញ​​មាន​ប្រវត្តិ​ប្រកួត​ចំនួន ​១០៥ ដង ឈ្នះ ​៨៩ ​ចាញ់ ១៥ និង​ស្មើ ​១ ដង ហើយ​គេ​​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង​កម្ពុជា​ច្រើន​ហើយ​។​

លោក ​អេ ​ភូថង​ គ្រូ​បង្វឹក​របស់​ យ៉េន ​ឌីណា​ ​ប្រាប់​ថា​៖ «​យ៉េន ​ឌីណា​ ហ្វឹកហាត់​ពេញ​បាន ​៣ ​សប្តាហ៍ ​ដើម្បី​បំប៉ន​កម្លាំង ​និង​បច្ចេកទេស ​ហើយ​ក្បាច់​ដែល​អាច​យក​ឈ្នះ​បាន​របស់​ឌីណា​ គឺ​ស្នៀត​កែង​ និង​ការ​​ខ្ចី​កម្លាំង​ដៃ​គូ ​ដោយ​មិន​វាយ​​សម្រុក​ផ្តេសផ្តាស​នោះ​ឡើយ ​គឺ​វាយ​តាម​ប្លង់​បច្ចេកទេស​ជាក់​ស្តែង ​ដែល​ខ្ញុំ​ជួយ​ប្រាប់​ពេល​ឲ្យ​ទឹក។ ​ខ្ញុំ​រំពឹង​ឈ្នះ​ ៧០ ​ភាគរយ លើ​កីឡាករ​ថៃ​​ Loom Leng»​។


ចំណែក​គ្រូ​បង្វឹក​កីឡាករ​ថៃ​ឈ្មោះ ​ថាញ់ ​វ៉ាឡេក​ បាន​ប្រាប់​ថា​៖ «​ខ្ញុំ​ឈប់​ធ្វើ​គ្រូ​បង្វឹក​ Kolap Dam ​ហើយ​ ប៉ុន្តែ​ការ​ប្រកួត​នេះ ធ្វើ​​ទៅ​តាម​កុងត្រា​ចាស់​ជាមួយ​ SEATV ​ប៉ុណ្ណោះ​ គឺ​ Kolap Dam ​ហ្វឹកហាត់​ខ្លួន​ឯង ​ក្រោម​ការ​គ្រប់គ្រង​ជាមួយ​លោក ​ថៃ ​អ៊ូ​»។ ​

ទោះ​ជា​យ៉ាង​នេះ​ក្តី ​លោក​ ថាញ់​ វ៉ាឡេក​ បន្ថែម​ថា ​ Kolap Dam ​មាន​ប្រៀប​ជាង ​គឺ​មាន​ភាគរយ​ឈ្នះ ​យ៉េន ​​ឌីណា​ ត្រង់​ស្នៀត​ទាត់​នេះ​តែ​ម្តង​។ ​លោក​បន្ថែម​ថា​ បើ​វ៉ៃ​ក្នុង​ភាព​ប្រហាក់​ប្រហែល​គ្នា ​គឺ​គេ​មិន​ឲ្យ​ថៃ​ឈ្នះ​នោះ​ទេ​។​

ចំណែកឯ​ ពុយ ​វណ្ណៈ​ និង​ Loom Leng ​​ត្រូវ​បាន​​គេ​មើល​ឃើញ​ថា ​ពុយ ​វណ្ណៈ ​ពិត​ជា​លំបាក​យក​ឈ្នះ​ ព្រោះ​ វណ្ណៈ ធ្លាប់​ចាញ់​​កន្លង​មក​ និង​មាន​សមត្ថភាព​ចាញ់​ស្នៀត​ជង្គង់​កីឡាករ​ថៃ​។​ ពុយ​ វណ្ណៈ​ ធ្លាប់​​ប្រកួត​ ​៧៦ ដង ​ឈ្នះ ​៥៦ ​ចាញ់ ​១៨​ និង​ស្មើ ២ ដង​។ រីឯ Loom Leng ធ្លាប់​​ប្រកួត ​៨៦ ឈ្នះ ​៧០ ចាញ់ ១៥ និង​ស្មើ ១ ដង​។

កីឡាករ​ថៃ Loom Leng ​ទាត់​ចេញ​​បាន​ល្អ ហើយ​មាន​អ្នក​ប្រដាល់​ខ្មែរ​មិន​តិច​នាក់​ទេ​ដែល​សន្លប់​ដោយសារ​ស្នៀត​ទាត់​នេះ​ ហើយ​ថៃ​ម្នាក់​នេះ ​ក៏​​ធ្លាប់​ឈ្នះ​ខ្សែ​ក្រវាត់​ពី​សង្វៀន SEATV ​នេះ​ផង​ដែរ​ ខណៈ​ការ​ប្រកួត​នេះ អ្នក​ដណ្តើម​បាន​លេខ ​៣ នឹង​ទទួល​បាន​ប្រាក់​រង្វាន់​ ១ ៥០០ ដុល្លារ គឺ​តិច​ជាង​អ្នក​លេខ ​២ ចំនួន ​១ ០០០ ដុល្លារ ចំណែក​​អ្នក​ជាប់​លេខ ​៤ នឹង​បាន​ប្រាក់​ ​១ ០០០ ដុល្លារ៕