ភ្នំពេញ៖ លោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងប្រធានគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ត្រូវបានអង្គមហាសន្និបាត សហព័ន្ធកីឡា កាយសម្ព័ន្ធកម្ពុជា បោះឆ្នោតដោយសំឡេងគាំទ្រ ១០០ ភាគរយ ដើម្បីឲ្យលោកបន្តធ្វើជាប្រធានសហព័ន្ធ ក្នុងអាណតិ្តទី ៦ ឆ្នាំ ២០១៩ ដល់ ២០២៣ រីឯសមាសភាពក្បាលម៉ាស៊ីនដឹកនាំសំខាន់ៗសឹងតែ ៩០ ភាគរយទៀត បន្តតួនាទីដូចអាណត្តិចាស់ដដែល។
នៅក្នុងមហាសន្និបាតបញ្ចប់អាណត្តិទី ៥ និងបន្តអាណត្តិទី ៦ ដែលសហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជាបានធ្វើឡើងនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា (NOCC) កាលពីថ្ងៃអង្គារនោះ គឺលោកឧកញ៉ា សុខ ហុង បានបន្តជាប់ជាអនុប្រធាន ឯលោក ណយ ផាណា បន្តជាប់ជាអគ្គលេខាធិការ លោក មាស សារ៉េត ជាអគ្គលេខាធិការរង លោក ខៀវ ចិន្តា ជាអគ្គហេរញ្ញិក ចំណែកអ្នកស្រី ដួង សាម៉ៃ អ្នកស្រី ពេជ្រ យូ លោក ជុំ រ៉ាទី និងលោក អៀម វ៉ាងឌុល ជាសមាជិកប្រតិបត្តិថ្មីសម្រាប់អាណត្តិថ្មី។
តាមរបាយការណ៍ដែលអានដោយលោក ណយ ផាណា ដែលជាអគ្គលេខាធិការសហព័ន្ធមានបទពិសោធយូរឆ្នាំនោះ បានឲ្យដឹងថា សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា បច្ចុប្បន្នមានក្លិបជាសមាជិកចំនួន ៩ គឺក្លិប ៧ មករាសែនជ័យនៅរាជធានីភ្នំពេញ, ក្លិបខេមឃីតឃុំខ្វាវ នៅស្រុកសំរោងខេត្តតាកែវ ក្លិបខេមឃីតត្រពាំងឃ្លោក ខេត្តតាកែវ ក្លិបហ្សាក់កឹះម៉ាញ នៅខេត្តក្រចេះ ក្លិបកំពង់ក្តារ នៅខេត្តកំពង់ឆ្នាំង ក្លិបកំពង់ត្រឡាចលើ ខេត្តកំពង់ឆ្នាំង ក្លិបកៀនរកា ខេត្តកំពង់ឆ្នាំង ក្លិបបឋមសិក្សាសាលាលេខ ៥ ខេត្តកំពង់ឆ្នាំង និងក្លិបសាលាបាក់ទូក នៅរាជធានីភ្នំពេញ។
លោក ណយ ផាណា បានបន្ដថា ក្នុងអាណត្តិទី ៥ កន្លងមក សហព័ន្ធកីឡាកាយសម្ព័ន្ធកម្ពុជា ទទួលបានលទ្ធផលជោគជ័យល្អប្រសើរ ទាំងកិច្ចសហការថ្នាក់ជាតិ និងអន្តរជាតិ ជាពិសេសសហព័ន្ធទទួលបានការបណ្តុះបណ្តាលគ្រូថ្នាក់ជាតិ អន្តរជាតិ ចៅក្រមជាតិ និងចៅក្រមអន្តរជាតិ។ សមិទ្ធផលទាំងនេះ បានកើតឡើងដោយសារមានការដឹកនាំចង្អុលបង្ហាញពីថ្នាក់ដឹកនាំអំពីចក្ខុវិស័យ នៃការអភិវឌ្ឍកីឡាជំនាញ ដោយរួមសហការពី NOCC និងក្រសួងអប់រំ យុវជន និងកីឡា។
ចំណែកមួយរយៈចុងក្រោយនេះ សកម្មភាពទាំងនេះ ក្រោមកិច្ចសហការជាមួយគណៈកម្មាធិការជាតិរៀបចំកីឡាអាស៊ីអាគ្នេយ៍ លើកទី ៣២ (CAMSOC) និងអង្គភាពពាក់ព័ន្ធមួយចំនួនទៀត ទាំងក្នុងប្រទេស និងក្រៅប្រទេស។ ទោះបីជាយ៉ាងណា សហព័ន្ធក៏នៅខ្វះខាតសម្ភារ ធនធានមន្ត្រីបច្ចេកទេស គ្រូបង្វឹក ចៅក្រម ជាពិសេសថវិកាសម្រាប់បញ្ជូនមន្ត្រីបច្ចេទេស ចូលរួមវគ្គអន្តរជាតិនានា និងបញ្ជូនគ្រូបង្វឹកកីឡាករ កីឡាការិនី ទៅចូលរួមប្រកួតជាលក្ខណៈអន្តរជាតិ។
លោក ថោង ខុន ក្រោយទទួលបានជាប់ជាប្រធានសហព័ន្ធបន្ត បានផ្តាំផ្ញើឲ្យអត្តពលិកវ័យក្មេងខិតខំហ្វឹកហាត់ ដើម្បីទទួលបានលទ្ធផលល្អ ដើម្បីឆ្ពោះទៅកាន់ការប្រកួតស៊ីហ្គេម លើកទី ៣២ ឆ្នាំ ២០២៣ ដែលកម្ពុជាធ្វើម្ចាស់ផ្ទះ។ ជាមួយគ្នានេះ លោក ថោង ខុន បានផ្តល់ការលើកទឹកចិត្តដល់អត្តពលិកវ័យក្មេងក្នុងម្នាក់ៗចំនួន ១០ ម៉ឺនរៀលផងដែរ៕