ភ្នំពេញ៖ វីរកីឡាការិនី ខាន់ ចេសា (Khan Jessa) បានចូលរួមលើកមុខមាត់ឲ្យប្រទេស កម្ពុជា ជាថ្មីម្តងទៀត ខណៈកីឡាការិនីធំធាត់នៅអាមេរិករូបនេះ បានយកឈ្នះកីឡាការិនីម្ចាស់ផ្ទះ Napolis Jenma Kaila នៅវគ្គផ្តាច់ព្រ័ត្រ ដើម្បីឈ្នះមេដាយមាសទី ៤ ឲ្យកម្ពុជា ក្នុងការប្រកួតស៊ីហ្គេមលើកទី ៣០ នៅប្រទេស ហ្វីលីពីន នោះ ចំណែកក្រុមចំបាប់បានឈ្នះមេដាយសំរឹទ្ធ ១ ហើយ។
សម្រាប់ការប្រកួតលើប្រភេទកីឡាជឺជិតស៊ូ ក្នុងទម្ងន់ក្រោម ៤៩ គីឡូក្រាម កាលពីថ្ងៃចន្ទនោះ ខាន់ ចេសា ដែលជាម្ចាស់មេដាយមាស កីឡាអាស៊ី លើកទី ១៨ ឆ្នាំ ២០១៨ នៅឥណ្ឌូនេស៊ីនោះ បានយកឈ្នះវៀតណាម Duong Thi Thanh Minh ដោយការប្រើជើងទាំង ២ ក្លេកៀបក បង្ខំឲ្យគូប្រកួតសុំចុះចាញ់ នៅក្នុងនាទីទី ៤ ក្នុងការប្រកួត ដែលមាន ៥ នាទី ហើយ ចេសា បានបន្តប្រើក្បាច់ក្លេ បង្ខំឲ្យកីឡាការិនីសិង្ហបុរី សុំចុះចាញ់ក្នុងការប្រកួតវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រផងដែរ ដើម្បីយកឈ្នះលើពិន្ទុ ១០០-០ ដូចគ្នា។
យ៉ាងណាក៏ដោយ សម្រាប់ការឡើងទៅជួប Napolis Jenma Kaila នៅវគ្គផ្តាច់ព្រ័ត្រ ខាន់ ចេសា បានចាញ់ប្រៀបលើគូប្រកួត ធ្វើឲ្យកីឡាការិនីម្ចាស់ផ្ទះមានពិន្ទុនាំមុខ ២-០ មុននៅក្នុងនាទីទី ២ ប៉ុន្តែម្ចាស់មេដាយមាសពិភពលោកច្រើនជំនាន់រូបនេះ បានព្យាយាមលើកគូប្រកួត ហើយឈរកៀបទៅលើគូប្រកួតតែម្តង ដើម្បីទទួលបាន ២ ពិន្ទុស្មើវិញ។
បន្ថែមលើនេះ សម្រាប់ការប្រកួតនៅនាទីទីចុងក្រោយ ខាន់ ចេសា បានប្រើជើងកៀបកទៅលើ Napolis Jenma Kaila រហូតចប់ម៉ោងប្រកួត ហើយគណៈកម្មការវិនិច្ឆ័យ បានសម្រេចឲ្យវីរកីឡាការិនីកម្ពុជារូបនេះ ទទួលបានជ័យជម្នះតាមរយៈការមានប្រៀបលើការប្រើក្បាច់ក្លេនេះតែម្តង បើទោះបីជាអ្នកទាំង ២ មាន ២ ពិន្ទុ ស្មើគ្នាក៏ដោយ។
ជាមួយការឈ្នះបានមេដាយមាសរបស់ ខាន់ ចេសា នេះ បានធ្វើឲ្យកម្ពុជា ឡើងទៅឈរនៅលេខរៀងទី ៧ ក្នុងចំណោមប្រទេសទាំង ១១ លើប្រទេស មីយ៉ាន់ម៉ា ប្រ៊ុយណេ ឡាវ និងទីម័រខាងកើត ជាថ្មីម្តងទៀតគិតត្រឹមយប់ម៉ោង ៨ ថ្ងៃចន្ទនោះ ដោយកម្ពុជាមានមេដាយសរុបចំនួន៤១ ក្នុងនោះមានមេដាយមាស ៤ ប្រាក់ ៦ និងសំរឹទ្ធចំនួន ៣១។
ទោះយ៉ាងណាក៏ដោយការប្រកួតក្នុងទម្ងន់ក្រោម ៦២ គ.ក្រ របស់កីឡាករ ខូវ វីវឌ្ឍាណា ដែលគេស្គាល់ថា ជាគ្រូបង្វឹកកីឡាជឺជីតស៊ូប្រចាំនៅកម្ពុជានោះ គឺបានចាញ់កីឡាករវៀតណាម Can Van Thang នៅក្នុងការប្រជែងយកមេដាយសំរឹទ្ធ បន្ទាប់ពីរូបគេ បានចាញ់កីឡាកររបស់ហ្វីលីពីន ១០០-០ ក្នុងវគ្គជម្រុះលើកទី ១ និងឈ្នះម៉ាឡេស៊ី ១០០-០ ក្នុងវគ្គជម្រុះលើកទី ២ នោះ។ ចំណែកកីឡាករ ហួរ សេងហុង ដែលប្រកួតទម្ងន់ក្រោម ៦៩ គ.ក្រ បានចាញ់ហ្វីលីពីន និងវៀតណាម ជាមួយពិន្ទុ ១០០-០ ដូចគ្នា។
ជាមួយគ្នានេះក្រុមចំបាប់កម្ពុជា ដែលត្រូវបានចាត់ទុកថា ជាប្រភេទកីឡាមានសក្តានុពលខ្ពស់ក្នុងការប្រជែងយកមេដាយមាសឲ្យកម្ពុជានោះ ដណ្តើមបានមេដាយសំរឹទ្ធ ១ ហើយ ដែលរកបានដោយកីឡាករ អេង ផានិត លើការប្រកួតក្រិចកូរ៉ូម៉ាំង ទម្ងន់ ៦៣ គ.ក្រ។
ប៉ុន្តែសម្រាប់ការប្រកួត ៤ វិញ្ញាសាទៀត បានចាញ់ទាំងអស់ ដោយក្នុងនោះកីឡាការិនី ឌិត សំណាង ដែលប្រកួតសេរី លើទម្ងន់ ៥០ គ.ក្រ បានចាញ់កីឡាការិនីថៃ ៦-០ ចាញ់វៀតណាម ៦-២ និងចាញ់ហ្វីលីពីន ៧-២ ក្នុងវគ្គជម្រុះវិលជុំលើកទី ៣។
ចំណែកការប្រកួតចំបាប់ក្រិចកូរ៉ូម៉ាំងវិញ កីឡាករទម្ងន់ ៧២ គីឡូក្រាម កែវ សុភ័ក្រ្ត បានចាញ់វៀតណាម ៩-០ ចាញ់ហ្វីលីពីន ៩-០ ចាញ់ឡាវ ១០-២ ហើយកីឡាករទម្ងន់ ៧៧ គីឡូក្រាម ងួន មករា បានចាញ់វៀតណាម ៩-០ ចាញ់ហ្វីលីពីន ៩-១ ចាញ់ថៃ ៨-០ ខណៈកីឡាករទម្ងន់ ៨៧ គីឡូក្រាម ហេង វុទ្ធី បានចាញ់ហ្វីលីពីន ១០-១ ចាញ់វៀតណាម ៨-០ និងចាញ់ថៃ ៦-០ ដែលធ្វើឲ្យពួកគេធ្លាក់ដូចគ្នា៕