ភ្នំពេញ៖ កីឡាករ សុខ សាវិន ទទួលបានជោគជ័យក្នុងការសម្រេចការសងសឹកទៅលើជើងខ្លាំងរបស់ថៃ Link Loom សម្រាប់ការជួបគ្នាជាថ្មី នៅលើសង្វៀន CNC ចំណែកអ្នកប្រដាល់ជួរមុខរបស់កម្ពុជា ឡុង សុភី, យ៉េន ឌីណា, មឿន សុខហ៊ុច និង ឡុង ជិន បានយកឈ្នះលើកីឡាករបរទេស នៅលើសង្វៀនមួយនេះដូចគ្នា ប៉ុន្តែ ធឿន ធារ៉ា បានបាត់បង់ឱកាសឈ្នះប្រាក់លាន ក្រោយចាញ់ជើងខ្លាំងថៃ។
តាមរយៈការប្រកួតដណ្តើមយកប្រាក់លាននៅលើសង្វៀន CNC កាលពីថ្ងៃសៅរ៍ កន្លងមកនេះ សុខ សាវិន មកពីក្លិបប៉ែនកាក់គុនខ្មែរ បានយកឈ្នះអ្នកប្រយុទ្ធរបស់ថៃ Link Loom ដោយពិន្ទុ ក្រោមការប្រកួតយ៉ាងស្វិតស្វាញបំផុត។ ជ័យជម្នះនេះ បានជួយឲ្យរូបគេអាចលាងជម្នះភាពហ្មងសៅនៅក្នុងចិត្ត ចំពោះការចាញ់ថៃម្នាក់នេះកន្លងមកហើយ សាវិន ក៏ទទួលបានប្រាក់លានចំនួន ១ លានរៀលផងដែរ។
យ៉ាងណាមិញ នៅមុនការទទួលបានជ័យជម្នះរបស់ សុខ សាវិន នេះ លោក ស៊ន អេលីត ដែលជាគ្រូបង្វឹករបស់ សុខ សាវិន បានធ្វើការប្រកាសជាសាធារណៈតាមហ្វេសប៊ុករបស់ខ្លួន បញ្ឈរជើងកីឡាករ អេលីត សាន់ មិនឲ្យឡើងប្រកួតចំនួន ៣ ខែ ជុំវិញការមិនគោរពវិន័យ និការធ្វើចរិតជាតួឯករបស់ អេលីត សាន់។
លោក ស៊ន អេលីត ដែលជាបងប្រុសបង្កើតរបស់វីរកីឡាការិនី ស៊ន សៀវម៉ី បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា៖ «សព្វថ្ងៃ ខ្ញុំបានដើរមកដល់ចំណុចនេះហើយ អ៊ីចឹងខ្ញុំក៏មិនចង់បោះបង់ (បិទក្លិប) នោះដែរ ប៉ុន្តែខ្ញុំក៏ត្រូវការកម្លាំងចិត្តពីកូនសិស្សដែរ។ បើយើងខំប្រឹងជួយពួកគាត់បានប៉ុណ្ណឹងហើយ តែគាត់មិនដែលគិតពីទឹកចិត្តយើងជាគ្រូ គាត់មិនដែលគិតពីវិន័យ គិតពីមុខមាត់ និងកិត្តិយសរបស់គាត់ គឺគាត់បំផ្លាញខ្លួនគាត់ចោល អាហ្នឹងខ្ញុំជាគ្រូក៏អស់ទឹកចិត្តធ្វើទៅមុខទៀតដែរ»។
ស៊ន អេលីត បានបន្ថែមថា៖ «យើងជួយលើកឲ្យគាត់មានឈ្មោះល្បីហើយ បែរជាគាត់ធ្វើចរិតតួឯកនិយាយលែងស្តាប់គ្នា អ៊ីចឹងខ្ញុំអត់ទុកនោះទេ ដូចជា អេលីត សាន់ ខ្ញុំឲ្យបញ្ឈរជើង ៣ ខែ ហើយពេលត្រឡប់មកវិញ គាត់ខំប្រឹងហាត់កែខ្លួន គឺខ្ញុំឲ្យឡើងវ៉ៃវិញ ប៉ុន្តែបើ ៣ ខែហើយ ចរិតនៅដដែល ខ្ញុំឲ្យទៅ ៣ ខែទៀត»។
ជាមួយការបញ្ឈរជើងនេះ អាចនិយាយបានថា ការប្រកួតជម្រុះដណ្តើមខ្សែក្រវាត់ជាមួយជើងខ្លាំងថៃ Vithak Yayuth កាលពីថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០២០ នៅលើសង្វៀន CNC វាបានក្លាយជាការបង្ហាញខ្លួនលើកចុងក្រោយរបស់ អេលីត សាន់ ខណៈ អេលីត សាន់ ក៏បានធ្លាក់ចេញពីការប្រកួតខ្សែក្រវាត់នេះដែរ ដោយរូបគេបានចាញ់ Vithak Yayuth ដោយពិន្ទុ។
ផ្ទុយពីនេះ កីឡាករកម្ពុជា តាញ់ មករា និង បាង កាយ៉ាក បានក្លាយជាបេក្ខភាពដែលត្រូវឡើងទៅប្រឈមជាមួយ Vithak Yayuth និងកីឡាករថៃម្នាក់ទៀតឈ្មោះ Phat Kreangkrai នៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ព្រោះការប្រកួតកាលពីថ្ងៃសៅរ៍កន្លងមកនេះ តាញ់ មករា បានយកឈ្នះថៃ Khun Phun Noy ដោយពិន្ទុ ហើយ កាយ៉ាក បានឈ្នះថៃ Braphairy Phyanorn Yim ដោយពិន្ទុដូចគ្នា។
ដោយឡែកសម្រាប់ការប្រកួតមិត្តភាពអន្តរជាតិនៅលើសង្វៀន CNC កាលពីថ្ងៃសៅរ៍នោះដែរ អ្នកលេងជង្គង់ ឡុង សុភី បានយកឈ្នះកីឡាករថៃ Pu Sang Yai ដោយពិន្ទុ ក្រោមការប្រកួតយ៉ាងស្វិតស្វាញបំផុត។ រីឯ យ៉េន ឌីណា ក៏បានយកឈ្នះពិន្ទុថៃ Korng Napha ដោយលំបាកដូចគ្នា ប៉ុន្តែ ឡុង ជិន បានផ្តួលកីឡាករឥណ្ឌា Muhkerjee Anup ឲ្យសន្លប់ក្នុងទឹកទី៣។
ចំណែកកីឡាករអាងទៅលើកម្លាំងទាត់ចេញ មឿន សុខហ៊ុច បានយកឈ្នះជើងខ្លាំងរបស់ថៃ Noeng Trakan ដោយពិន្ទុជាថ្មីម្តងទៀត ប៉ុន្តែអ្នកធ្លាប់ល្បីឈ្មោះខ្លាំង ធឿន ធារ៉ា បានចាញ់ជើងខ្លាំងរបស់ថៃ Korng MoerngChang ដោយពិន្ទុ ហើយតាមរយៈការប្រកួតនេះ អ្នកទស្សនាមួយចំនួនបានធ្វើការរិះគន់ថា ធារ៉ា នៅពេលនេះមានសមត្ថភាពធ្លាក់ចុះជាងមុន៕