ភ្នំពេញ៖ ពហុកីឡដ្ឋាន​ជាតិ (ស្តាតអូឡាំពិក) ដែល​ជា​កន្លែង​សម្រាប់​ប្រមូលផ្តុំ​ការហ្វឹកហាត់​របស់​ក្រុម​ជម្រើសជាតិ និង​រៀបចំ​ការប្រកួត​នៅលើ​ប្រភេទ​កីឡាផ្សេងៗ ជាពិសេស​កីឡា​បាល់ទាត់​នោះ​ត្រូវ​បាន​អាជ្ញាធរ​យក​ទីតាំង​នេះ សម្រាប់​ដាក់​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ១៩ វិញ​ម្តង។

ការសម្រេច​យក​ពហុកីឡដ្ឋាន​ជាតិ​ជា​កន្លែង​សម្រាប់​ព្យាបាល​អ្នកជំងឺ​កូវីដ កម្រិត​ស្រាល​នេះ ក៏​ព្រោះ​តែ​បច្ចុប្បន្ននេះ​ចំនួន​អ្នក​ឆ្លង​ជំងឺ​កូវីដ​នៅ​រាជធានី​ភ្នំពេញ មាន​ការកើនឡើង​ជា​គំហុក ហើយ​តំបន់​មួយចំនួន ដែល​មាន​ការឆ្លង​ខ្លាំង​ក៏​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដាក់​ជា «តំបន់​ក្រហម» ផងដែរ។

មន្ត្រី​អ្នក​មើលការ​ខុសត្រូវ​នៅ​ពហុកីឡដ្ឋាន​ជាតិ​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ហ៊ុន សាមុត នៅ​មិនទាន់​ដឹង​ឱ្យ​ប្រាកដថា ពហុកីឡដ្ឋាន​ជាតិ​នឹង​ត្រូវដាក់​អ្នកជំងឺ​កូវីដ១៩​នៅ​ថ្ងៃ​ណា ហើយ​ត្រូវ​បន្ត​រហូត​ដល់​ពេលណា​នោះទេ ព្រោះ​នេះ​ជា​ដែន​សមត្ថកិច្ច​របស់​អាជ្ញាធរ និង​មន្ត្រី​ជំនាញ​របស់​ក្រសួង​សុខាភិបាល។


យ៉ាងណា​ក៏ដោយ​ប្រធាន​នាយកដ្ឋាន​អប់រំ​កាយ និង​កីឡា​រូបនេះ​បាន​អះអាង​ថា នៅក្នុង​ជំហាន​ដំបូង​នេះ អាជ្ញាធរ​បាន​សម្រេច​យក​សាល​ដំបូលទូក​ចំនួន ៣ គឺ​សាល​ហ្វឹកហាត់​របស់​សហព័ន្ធ​កីឡា​កាយសម្ព័ន្ធ​កម្ពុជា សាល​របស់​សហព័ន្ធ​កីឡា​ចំបាប់​កម្ពុជា និង​សាល​របស់​ខេមរៈ​សហព័ន្ធ​តេក្វាន់ដូ ព្រម​ទាំង​វិមាន​ពហុកីឡដ្ឋាន​ជាតិ ដើម្បី​ដាក់​អ្នកជំងឺ​កូវីដ១៩ ហើយ​នៅពេល​នេះ ក្រុម​កងកម្លាំង បាននិង​កំពុង​ជួយ​រៀបចំ​ទីតាំង​ទាំងនេះ និង​ដាក់​គ្រែ សម្រាប់​ឱ្យ​អ្នកជំងឺ​ស្នាក់នៅ។

សកម្មភាព​ប្រកួត​កីឡា​ចំបាប់​ជ្រើសរើស​ជើងឯក​ថ្នាក់ជាតិ ឆ្នាំ ២០២០ ដែល​ត្រូវបាន​ធ្វើឡើង នៅក្នុង​ពហុកីឡដ្ឋាន​ជាតិ។


លោក ហ៊ុន សាមុត បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ព្រឹក​ថ្ងៃអាទិត្យ​នេះ​ថា៖ «តាម​ការគ្រោង និង​ព័ត៌មាន ដែល​ខ្ញុំ​ទទួល​បាន​គឺ​យើង​នឹងដាក់​អ្នកជំងឺ​នៅ​សាល​ដំបូលទូក​ចំនួន ៣ និង​នៅក្នុង​វិមាន​ពហុកីឡដ្ឋាន​ជាតិ ហើយ​ឥឡូវ​យើង​កំពុង​រៀបចំ​គ្រែ ដោយ​មាន​ការចូលរួម​ជួយ​ពី​កងកម្លាំង​យោធា តែ​គិត​ត្រឹម​ពេលនេះ យើង​នៅ​មិនទាន់​រៀបចំ​រួចរាល់​នៅ​ឡើយ​ទេ»។

ជាមួយ​ការយក​ស្តាត​អូឡាំពិក​មក​ធ្វើជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ១៩​នេះ អាជ្ញាធរ និង​ក្រសួង​សុខាភិបាល តម្រូវ​ឱ្យ​ក្រុម​អត្តពលិក​ជម្រើសជាតិ និង​អ្នក​ផ្សេងទៀត ដែល​ស្នាក់អាស្រ័យ​នៅក្នុង​ពហុកីឡដ្ឋាន​ជាតិ​នេះ ត្រូវ​ចាកចេញ​ពី​ទីតាំង​នេះ​ទាំងអស់ ដើម្បី​ងាយស្រួល​គ្រប់គ្រង និង​កាត់ផ្តាច់​ការឆ្លង​ជំងឺ​កូវីដ១៩ នៅ​ក្នុង​អំឡុង​នៃ​ការព្យាបាល​នេះ។

យ៉ាងណា​ក៏ដោយ ដោយសារ​តែ​ការប្រមូលផ្តុំ​នៃ​ក្រុម​ជម្រើសជាតិ ឆ្នាំ ២០២១ នេះ​នៅ​មិនទាន់​អាច​ហ្វឹកហាត់​ជុំគ្នា​បាន ដោយសារ​វិបត្តិ​ជំងឺ​កូវីដ ហើយ​ស្របពេល​រាជរដ្ឋាភិបាល​បិទខ្ទប់​រាជធានី​ភ្នំពេញ និង​ក្រុង​តាខ្មៅ​ដែរ​នោះ អ៊ីចឹង​ការយក​ពហុកីឡដ្ឋាន​ជាតិ​ធ្វើ​ជា​កន្លែង​ព្យាបាល​អ្នកជំងឺ​កូវីដ​នេះ​បាន​ប៉ះពាល់​ត្រឹម​សហព័ន្ធ ៣ ប៉ុណ្ណោះ គឺ​មាន​កាយសម្ព័ន្ធ វាយសី និង​ហែលទឹក ដែល​បន្ត​ស្នាក់​នោះ​រួម​ក្នុង​ពេលនេះ ចំណែក​សហព័ន្ធ ឬ​ក្រុម​ជម្រើស​ជាតិ​ផ្សេងៗ​ទៀត​ត្រូវ​បាន​ដាក់ឱ្យ​ហ្វឹកហាត់​នៅ​តាម​ផ្ទះ​រៀងៗ​ខ្លួន។

ជុំវិញ​បញ្ហា​នេះ លោក ហ៊ុន សាមុត បាន​បញ្ជាក់ថា៖ «សកម្មភាព​ហ្វឹកហាត់​របស់​ប្រភេទ​កីឡា​មួយចំនួន​នៅ​ពហុកីឡដ្ឋាន​ជាតិ​នេះ យើង​បាន​ផ្អាក ដោយ​ក្រសួង​អប់រំ យុវជន និង​កីឡា​បាន​ឱ្យ​ហ្វឹកហាត់​នៅតាម​ផ្ទះ​រៀងៗ​ខ្លួន ចំណែក​ប្រភេទ​កីឡា ដែល​នៅ​សេសសល់​តិចតួច យើង​បាន​ផ្ទេរ​ពី​ពហុកីឡដ្ឋាន​ជាតិ ឱ្យទៅ​នៅ​ពហុកីឡដ្ឋាន​ជាតិ​មរតក​តេជោ អស់​ហើយ»៕