ភ្នំពេញៈ កីឡាការិនី​ស្នូកឃ័រ​កម្ពុជា ដែល​កំពុង​រស់នៅ​ប្រទេស​កូរ៉េខាងត្បូង ឈ្មោះ ស្រួង ភាវី បាន​សាង​ឈ្មោះ​ល្បី​បន្ថែម​ទៀត ដោយ​ដណ្តើម​បាន​ចំណាត់​លេខ ១ ក្នុងការ​ប្រកួត​ពាន​រង្វាន់ ប្រចាំ​ឆ្នាំ ចំនួន ២ របស់​ប្រទេស​កូរ៉េខាងត្បូង គឺ​ព្រឹត្តិការណ៍ Tournament of President Korea Sports Federation និង​ពាន​មួយ​ទៀត​ឈ្មោះ The 3 cushion Tournament of Inje Omija នៅ​តំបន់​អូមេហ្គា ខេត្ត Inje កាល​ពី​ថ្ងៃទី ៣១ ខែ​មីនា ឆ្នាំ ២០១៨ និង​ថ្ងៃ​ទី ១ ខែ​មេសា ឆ្នាំ ២០១៨ កាល​ពី​ពេល​ថ្មីៗ​នេះ។

កីឡាការិនី ស្រួ​ង ភា​វី បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ ក្រោយ​ការប្រកួត​ចប់​ភ្លាម កាលពី​យប់​ថ្ងៃ​អាទិត្យ​ថា សម្រាប់​ការ​ប្រកួត ដែល​បាន​ធ្វើ​ឡើង​តាំង​ពី​ថ្ងៃ​ទី ២៤ ខែ​មីនា​មក​នោះ គឺមាន​លក្ខណៈ​តឹង​តែង​បំផុត ព្រោះ​បេក្ខភាព​ចូលរួម​ទាំង ៤០ នាក់ សុទ្ធ​តែ​អ្នក​ល្បីៗ ជា​ពិសេស​ការ​ប្រកួត នៅ​វគ្គ​ពាក់​កណ្តាល​ផ្តាច់​ព្រ័ត្រ និង​វគ្គ​ផ្តាច់ព្រ័ត្រ ជាមួយ​កីឡាការិនី​ចំណាត់​ថ្នាក់​ខ្លាំងៗ និង​ចំណាត់​ថ្នាក់​លេខ ២ ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង។

ស្រួ​ង ភា​វី បាន​បន្តថា៖ «ទោះជា​យ៉ាងណា ខ្ញុំ បាន​យកឈ្នះ​កីឡាការិនី​លេខ ២ របស់​កូរ៉េ Kim Bomi ដើម្បី​ឈ្នះ​ជើង​ជើងឯក​ទាំង ២ ព្រឹត្តិការណ៍ មក​គ្រប់គ្រង​តែម្តង។ នេះ​ជា​ការ​ប្រកួត​ធំ​របស់​ប្រទេស​កូរ៉េ គឺ​ជើង​ឯក​ប្រចាំ​ឆ្នាំ ប៉ុន្តែ​ព្រឹត្តិការណ៍​បែបៗ​នេះ ត្រូវ​បាន​ធ្វើ​ឡើង​ស្រដៀង​គ្នា ២ ទៅ ៣ ដង ក្នុង ១ ឆ្នាំៗ»។


អ្នកស្រី ភា​វី បញ្ជាក់​ថា៖ «ការ​ឡើងទៅ​ជួប​កីឡាការិនី Kim Bomi ដែលមាន​ចំណាត់​ថ្នាក់​លេខ ២ ប្រចាំ​នៅ​កូរ៉េខាងត្បូង វា​ពិតជា​ការ​ប្រកួត​ដ៏​លំបាក ហេតុ​នេះ​ជ័យជម្នះ​របស់​ខ្ញុំ​នេះ បាន​ជួយ​លើក​មុខ​មាត់​ប្រទេស​កម្ពុជា ជាថ្មី​ម្តង​ទៀត ហើយ​សូម​ឲ្យ​ជួយ​ត្រេកអរ​ទាំង​អស់​គ្នា ព្រោះ​បើសិន​ខ្ញុំ​ចាញ់ ក្នុងការ​ប្រកួត​នេះ​ខ្ញុំ​នឹង​ធ្លាក់​ទៅ​ចំណាត់​ថ្នាក់​លេខ ២ ប្រចាំ​ប្រទេស​កូរ៉េខាងត្បូង តែ​ពេល​នេះ​ខ្ញុំ​ឈ្នះ នឹង​នៅ​តែ​ឈរ​នៅ​លេខ ១ ដដែល»។

គួរ​បញ្ជាក់ថា កីឡាការិនី ស្រួ​ង ភា​វី មាន​ស្រុក​កំណើត នៅ​ក្រុង​សួង ខេត្ត​ត្បួងឃ្មុំ ប៉ុន្តែ​គាត់​បាន​ទៅ​រស់​នៅ និង​ហ្វឹកហាត់​កីឡា​ស្នូក​ឃ័រ​នៅ​ប្រទេស​កូរ៉េខាងត្បូង អស់​រយៈពេល ៨ ឆ្នាំ​ហើយ ដោយ​ដណ្តើម​បាន​ជើង​ឯក​ថ្នាក់​ជាតិ នៅ​ប្រទេស​កូរ៉េ ចំនួន ៣ ឆ្នាំ​ជាប់ៗ​គ្នា និង​ពាន​ចំនួន ៣។ តាមរយៈ​ស្នាដៃ​របស់​កីឡាការិនី ស្រួង ភាវី កន្លង​មក និង​ទិសដៅ​ការ​ប្រកួត​លំដាប់​ថ្នាក់​អន្តរជាតិ​នានា គឺ​គាត់​ចង់​ប្រកួត​តំណាង​ឲ្យ​កម្ពុជា​ជានិច្ច។


លោក វ៉ា​ត់ ចំរើន អគ្គលេខាធិការ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា បាន​ថ្លែង​ថា៖ «យើង​បាន​ទទួល​ការ​ណែនាំ​ពី​ថ្នាក់​ដឹកនាំ​កីឡា ជា​ពិសេស​ពី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ បាន​ស្នើ​ឲ្យ​មាន​សហព័ន្ធ​ស្នូឃ័រ​ឡើង​វិញ ស្រប​តាម​ការ​រីក​ចម្រើន​របស់​កីឡាការិនី​ឆ្នើម​របស់​យើង គឺ​អ្នកស្រី ស្រួង ភាវី នៅ​កូរ៉េ​នេះ​ឯង»។

លោក​បន្តថា៖ «ស្នូ​ឃ័​រ ជា​ប្រភេទ​កីឡា​ពេញនិយម​មួយ មិន​នៅក្នុង​ប្រភេទ​កីឡា​អូឡាំពិក​ទេ ប៉ុន្តែ​បាន​បាត់​សកម្មភាព ច្រើន​ឆ្នាំ​មក​ហើយ។ បច្ចុប្បន្ន​អូឡាំពិក​កម្ពុជា កំពុង​ជំរុញ​ឲ្យ​ក្លិប​មួយ​ចំនួន បង្កើត​ជា​សហព័ន្ធ​ជា​ថ្មី​ឡើង​វិញ ក្នុង​នោះ​តាមរយៈ​សហការី​យើង នឹង​បង្កើត​ចេញ​ជា​សហព័ន្ធ នៅ​ចុង​ខែ​មេសា ឆ្នាំ ២០១៨ ដើម្បី​ឆ្លើយ​តប​តាម​សេចក្តី​ត្រូវការ​នៃ​ការ​រីក​ចម្រើន ដើម្បី​ឈាន​ទៅ​ចូលរួម​ការ​ប្រកួត​ថ្នាក់​ពិភពលោក​នានា ស្រប​តាម​ច្បាប់»៕