ភ្នំពេញ៖​ កីឡាការិនី​ស្នូកឃ័រ​ដ៏​ឆ្នើម​របស់​​កម្ពុជា ​ស្រួង ភាវី​ បាន​បន្ត​សាង​ភាព​ល្បីល្បាញ និង​នាំ​យក​កិត្តិយស​ជូន​ជាតិ​ជា​ថ្មី​ទៀត​ បន្ទាប់​ពី​លោកស្រី​បាន​​ការពារ​តំណែង​ជើងឯក​បាន​សម្រេច​ ក្នុង​ការ​ប្រកួត​កីឡា​ស្នូកឃ័រ​​ជើងឯក​អាស៊ី​ផ្នែក​ស្ត្រី​ ឆ្នាំ ​២០១៩​ (The 2nd Asian Championship 3-Cushion Ladies) នៅ​សាធារណរដ្ឋ​កូរ៉េ ​បន្ទាប់​ពី​កីឡាការិនី​ដ៏​ឆ្នើម​រូប​នេះ បាន​ឈ្នះ​ទាំង ​៦ ​​ប្រកួត​ជាប់ៗ​គ្នា នៅ​មណ្ឌល​កីឡា​ស្នូកឃ័រ ​Kuri Che yuk wan ក្រុង​សេអ៊ូល​ ដែល​បាន​បញ្ចប់​កាលពី​ល្ងាច​ថ្ងៃ​អាទិត្យ។

លោក ​ជា ​វ៉ាន់សាន្ត​ គណៈកម្មាធិការ​ប្រតិបត្តិ​សហព័ន្ធ កីឡា​​ស្នូកឃ័រ និង​ប៊ីយ៉ា​​កម្ពុជា​ ដែល​មាន​វត្តមាន ​នៅ​ប្រទេស ​កូរ៉េ ​នោះ​ស្រាប់​ ​បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍ ​កាល​ពី​​ថ្ងៃ​ចន្ទ​ថា​ ព្រឹត្តិការណ៍​ប្រកួត​ The 2nd Asian Championship 3-Cushion Ladies ​នេះ​ មាន​កីឡាការិនី​ចូលរួម​ប្រជែង​សុទ្ធ​តែ​ឆ្នើមៗ​ចំនួន ​១៦ ​នាក់​ ដែល​ប្រជុំ​សុទ្ធ​តែ​ជើង​ខ្លាំង​ ពិសេស​ម្ចាស់​ផ្ទះ​នៅ​កូរ៉េ​នេះ​តែ​ម្តង ​ខណៈ​ដែល​វគ្គ​ជម្រុះ​នោះ​ ​ជប៉ុន​មាន​កីឡាការិនី​ ​៦ ​នាក់ ​ម្ចាស់​ផ្ទះ​​កូរ៉េ​ មាន​ ​៧ ​នាក់​ ​វៀតណាម​មាន​ ​២ ​នាក់​ ហើយ​កម្ពុជា​មាន​តែ​ ភាវី ម្នាក់​គត់។

លោក​​បាន​ប្រាប់​​បន្ត​ថា​៖ «​ជា​លទ្ធផល​​ គួរ​ឲ្យ​មោទនភាព​ខ្លាំង​បំផុត​ដែល ​ស្រួង ភាវី ​ធ្វើ​បាន​យ៉ាង​ល្អ ​ដោយ​ដណ្ដើម​បាន​ជ័យជម្នះ​ចំនួន ​៦ ​ប្រកួត​ផ្ទួនៗ​ ក្នុង​រយៈពេល ​២ ​ថ្ងៃ ​គឺ​ថ្ងៃ​សៅរ៍​ ​និង​អាទិត្យ​កន្លង​មក​នេះ ដោយ​ក្នុង​នោះ ​វគ្គ​ពាក់​កណ្តាល​ផ្តាច់ព្រ័ត្រ​ ភាវី បាន​ឈ្នះ​កីឡា​ការិនី​ម្ចាស់​ផ្ទះ​កូរ៉េ​ Lim Kyun Ji ​និង​វគ្គ​ផ្តាច់ព្រ័ត្រ​ឈ្នះ​ Yung Hyon Ji ទទួល​បាន​មេដាយ​មាស​ប្រចាំ​ព្រឹត្តិការណ៍​នេះ​តែ​ម្តង»​។


កីឡាការិនី ​ស្រួង ​ភាវី ដែល​មាន​ស្រុក​កំណើត​ នៅ​​ខេត្ត​ត្បូង​ឃ្មុំ​​នោះ ​បាន​ប្រាប់​​ថា៖ «​ខ្ញុំ​បាន​ឈ្នះ​គ្រប់​ការ​ប្រកួត​ទាំង​អស់ ​ដើម្បី​ទទួល​បាន​មេដាយ​មាស​ ដែល​​នេះ​ ​ជា​ជ័យជម្នះ​លើក​ទី ២ ​ហើយ ដែល​នាង​ខ្ញុំ​ឈ្នះ​បាន​​មេដាយ​មាស​ក្នុង​ព្រឹត្តិការណ៍​នេះ​ ហើយ​ការ​ឈ្នះ​មេដាយ​មាស​ក្នុង​នាម​ជា​កីឡាការិនី​តំណាង​ឲ្យ​សហព័ន្ធ​ស្នូកឃ័រ និង​​ប៊ីយ៉ា​កម្ពុជា​ និង​ប្រទេស ​កម្ពុជា ​ខ្ញុំ​កាន់​តែ​សប្បាយ​ចិត្ត​»។

កីឡាការិនី​មាន​ស្វាមី ជា​ជនជាតិ​កូរ៉េ ស្រួង ភាវី បាន​បន្ថែម​ថា៖ ​«​ខ្ញុំ​មាន​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង ​ដែល​បាន​នាំ​មក​នូវ​ជ័យជម្នះ និង​លើក​ទង់ជាតិ​កម្ពុជា​ បង្ហាញ​លើ​ឆាក​អន្ដរជាតិ​ជា​ថ្មី​ម្តង​ទៀត​។ លើស​ពី​នេះ ​ខ្ញុំ​ក៏​បាន​អរគុណ​សហព័ន្ធកីឡា​ស្នូកឃ័រ​ និង​ប៊ីយ៉ា​កម្ពុជា​ ដែល​តែងតែ​យក​ចិត្ត​ទុក​ដាក់​សម្រាប់​​ខ្ញុំ ​ពិសេស​ប្រជាពលរដ្ឋ​កម្ពុជា ដែល​តែងតែ​គាំទ្រ​ និង​ផ្ដល់​កម្លាំង​ចិត្ត​ដល់​នាង​ខ្ញុំ ​តាមរយៈ​បណ្តាញ​សង្គម​​ហ្វេសប៊ុក»​។


គួរ​បញ្ជាក់​ថា​ កីឡាការិនី​ ស្រួង ភាវី បាន​ចាប់​ផ្ដើម​អាជីព​ ជា​កីឡាការិនី​ស្នូកឃ័រ​ បន្ទាប់​ពី​នាង​បាន​​រៀប​អាពាហ៍ពិពាហ៍​ជាមួយ​ស្វាមី​ជា​ជនជាតិ​កូរ៉េ ហើយ​រយៈពេល​ជាង ​១០ ​ឆ្នាំ ​ភាវី បាន​ឈ្នះ​មេដាយ​មាស ប្រាក់ សំរឹទ្ធ និង​ពាន​កិត្តិយស​ច្រើន​ណាស់។ នៅ​ក្រោយ​ពេល​ល្បីល្បាញ​នៅ​លើ​ឆាក​អន្តរជាតិ​នេះ ស្រួង ភាវី ​តែងតែ​គិត​គូរ​ជួយ​ជ្រោមជ្រែង​ដល់​សហព័ន្ធកីឡា​ស្នូកឃ័រ និង​​ប៊ីយ៉ាង​កម្ពុជា​។

លោក​ ជា​ វ៉ាន់សាន្ត ​ដែល​ជា​អ្នក​ប្រឹងប្រែង​ជួយ​បង្កើត​ឲ្យ​មាន​សហព័ន្ធ​នោះ បាន​ប្រាប់​​បន្ថែម​ថា​៖ «​ស្រួង​ ភាវី​ បន្ទាប់​ពី​វិវត្ត​ខ្លួន​បាន​ក្លាយ​ជា​កីឡាការិនី​ជើង​ខ្លាំង​ស្នូកឃ័រ​លំដាប់​អន្ដរជាតិ នាង​មិន​បាន​ភ្លេច​ប្រទេស​កំណើត​ខ្លួន​ជា​ខ្មែរ​ឡើយ ​ដោយ ​ស្រួង ​ភាវី តែង​ខិតខំ​ចែក​រំលែក​ចំណេះ​ជំនាញ​ និង​ធនធាន​បន្តិច​បន្តួច​ដល់​កុមារ​ក្រីក្រ ​នៅ​កម្ពុជា ​ហើយ​មាន​ឱកាស​បាន​លើក​ទង់ជាតិ​កម្ពុជា​ ក្នុង​ព្រឹត្តិការណ៍​អន្ដរជាតិ​ជា​ច្រើន​ ធ្វើ​ឲ្យ​អន្តរជាតិ​មាន​ការ​ភ្ញាក់​ផ្អើល​នឹង​វិស័យ​កីឡា​ស្នូកឃ័រ​កម្ពុជា»៕