ភ្នំពេញៈ កីឡាការិនី​ស្នូកឃ័រ​ដ៏ឆ្នើម​បំផុត​របស់​កម្ពុជា ស្រួង ភាវី ដែល​បាន​វិល​មក​មាតុភូមិ​កាលពី​ថ្ងៃទី​ ១៩ ខែ​កក្កដា​នោះ​បាន​យក​ថវិកា​ចំនួន​ ៥០០០ ​ដុល្លារ​មក​ប្រគល់​ជូន​សហព័ន្ធ​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា​កម្ពុជា ដើម្បី​ទ្រទ្រង់​សកម្មភាព និង​ដឹងគុណ​ដល់​សហព័ន្ធ​នេះ​ដែល​បាន​ជួយ​ឲ្យ​អ្នកស្រី​អាច​ប្រកួត​តំណាង​កម្ពុជា​ពេញលេញ ហើយ ភាវី ក៏បាន​នាំ​សម្ភារ​សិក្សា និង​គ្រឿង​បរិភោគ​មួយ​ចំនួន​ជូន​ដល់​កុមារា​កុមារី ដែល​មាន​ជីវភាព​ក្រីក្រ​នៅ​តាម​បណ្តា​ខេត្ត​មួយ​ចំនួន​ផង​ដែរ​។

កីឡាការិនី​វ័យ​ ២៨ ​ឆ្នាំ ស្រួង ភាវី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ថា​៖ «​ខ្ញុំ​មិនមែន​ជា​អ្នក​មាន​អ្វី​ទេ​ជីវភាព​របស់​ខ្ញុំ​នៅ​ប្រទេស​កូរ៉េ​គឺ​សាមញ្ញ​ទទួល​បាន​ប្រាក់​ពី​ការប្រកួត​ផ្សេងៗ​បន្តិចបន្តួច ប៉ុន្តែ​ថវិកា​ដែល​នាង​ខ្ញុំ​ជួយ​ឧបត្ថម្ភ​ចំនួន​ ៥០០០ ​ដុល្លារ​ដល់​សហព័ន្ធ​នេះ​គឺជា​ការដឹងគុណ​ដែល​កន្លងមក​សហព័ន្ធ និង​បងៗ ពូៗ ជួយ​ប្រឹងប្រែង​បង្ក​លក្ខណៈ​ឲ្យ​បាន​ចេញ​ប្រកួត​កម្រិត​ពិភពលោក​ជា​ផ្លូវការ​តំណាង​ឲ្យ​ប្រទេស​កម្ពុជា​យ៉ាង​ពេញលេញ ហើយ​ទទួល​បាន​ចំណាត់ថ្នាក់​ល្អ​»​។

តាមរយៈ​ការប្រឹងប្រែង​តស៊ូ​ព្យាយាម​ហ្វឹកហាត់​កីឡា​ស្នូកឃ័រ និង​ឡើង​ប្រកួត​រយៈពេល​ជាង​​ ១០ ​ឆ្នាំ​មក​នេះ ស្រួង ភាវី បាន​ខំប្រឹង​អភិវឌ្ឍ​ខ្លួន​ឲ្យ​ក្លាយ​ជា​កីឡាការិនី​លំដាប់​ពិភពលោក និង​ធ្លាប់​បាន​ឈ្នះ​ពានរង្វាន់​ច្រើន​បំផុត​ដោយ​សាង​ភាពល្បីល្បាញ​ជូន​សហព័ន្ធ​ក៏​ដូចជា​ប្រទេសជាតិ​ទាំង​មូល​ផងដែរ​។ ស្នាដៃ និង​សមត្ថភាព​របស់​កីឡាការិនី​ស្នូកឃ័រ​ដ៏ឆ្នើម ស្រួង ភាវី នាំ​ឲ្យ​ក្រុមហ៊ុន វិស័យ​ឯកជន និង​ស្ថាប័នរដ្ឋ​នៅ​កូរ៉េ​បាន​ជួយឧបត្ថម្ភ​គាំទ្រ​ជា​សម្ភារ និង​ថវិកា​គួរកត់សម្គាល់​ដើម្បី​លើក​ទឹកចិត្ត​។


ចំណែក​ការមក​ដល់​ប្រទេស​កម្ពុជា​ ៤ ​ថ្ងៃ​នេះ ស្រួង ភាវី បាន​នាំ​យក​អាហារ សម្ភារ​សិក្សា ជូន​ដល់​កុមារ​ក្រីក្រ​តាម​ខេត្ត​មួយ​ចំនួន​មាន​ខេត្ត​កណ្តាល ខេត្ត​ត្បូងឃ្មុំ និង​កំពង់ធំ​ក្នុង​គោលបំណង​មនុស្សធម៌​សុទ្ធសាធ ព្រោះ ភាវី ក៏​ធ្លាប់​ជា​ក្មេង​ក្រីក្រ​រស់នៅ​ជនបទ​នា​នៅ​ខេត្ត​កំពង់ចាម​កាលពី​កុមារភាព​ផង​ដែរ​។

ដោយឡែក​ការប្រគល់​ប្រាក់​ ៥០០០ ​ដុល្លារ​ជូន​ដល់​សហព័ន្ធ​កីឡា​ស្នូកឃ័រ និង​ប៊ីយ៉ា​កម្ពុជា​ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ទីស្នាក់ការ​ធនាគារ PPC Bank ផ្លូវ​នរោត្តម ខណ្ឌ​ចំការមន កាលពី​ល្ងាច​ថ្ងៃ​ចន្ទ​ម្សិលមិញ ហើយ​ជាមួយ​គ្នា​នេះ​លោក ម៉ារ៉ា សុជាតិ ជា​អគ្គលេខាធិការ​សហព័ន្ធ​បាន​ប្រាប់ថា​លោក​នឹង​យក​ប្រាក់​ ៥០០០ ​ដុល្លារ​នេះ​ទៅ​រៀបចំ​ការប្រកួត​ជើងឯក​ថ្នាក់ជាតិ​ឲ្យ​បាន​ជា​លើក​ដំបូង​ក្នុង​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​។


ចំណែក ស្រួង ភាវី បាន​និយាយ​បន្ថែម​ថា​៖ «​ខ្ញុំ​ជា​កូន​កសិករ​ក្រីក្រ​ម្នាក់​នៅ​ខេត្ត​កំពង់ចាម (​បច្ចុប្បន្ន​ក្លាយ​ជា​ខេត្ត​ត្បូងឃ្មុំ​) ដែល​ធ្លាប់​រស់នៅ​ក្នុង​ជីវភាព​ជនបទ ប៉ុន្តែ​ពេល​ខ្ញុំ​បាន​រីកចម្រើន​តាមរយៈ​លេង​កីឡា​ដល់​កម្រិត​កំពូល​នោះ ខ្ញុំ​ប្តេជ្ញា​មិន​ភ្លេច​មាតុភូមិ​កម្ពុជា​នោះ​ទេ​ហើយ​បើ​មាន​លទ្ធភាព ខ្ញុំ​នឹង​បន្ត​ជួយ​សហព័ន្ធ​ទៅ​តាម​លទ្ធភាព​ដែល​អាច​ជួយ​បាន ហើយ​នៅក្នុង​ស្រុក​មាន​ក្រុមហ៊ុន​មួយ​ចំនួន​ដូចជា​ភេសជ្ជៈ​បាកាស ធនាគារ PPC Bank បាន​ជួយ​ឧបត្ថម្ភ​ដល់​យើង​ខ្ញុំ​ដែរ​»​។

ជាមួយ​ការជួយ​ជ្រោមជ្រែង​នេះ ស្រួង ភាវី ដែល​មាន​ស្វាមី​ជា​ជនជាតិ​កូរ៉េ​នោះ​បាន​បញ្ជាក់​ថា​៖ «​ខ្ញុំ​ប្តេជ្ញាចិត្ត​ថា​នឹង​ខំប្រឹងប្រែង​ហ្វឹកហាត់​ឲ្យ​ក្លាយ​ជា​កីឡាការិនី​ដ៏ល្អ​បំផុត ដើម្បី​លេង​តំណាង​ឲ្យ​ប្រទេស​ជាតិ​គឺ​ខ្ញុំ​នឹង​មិន​ធ្វើឲ្យ​ម្ចាស់​ឧបត្ថម្ភ និង​ប្រជាជន​កម្ពុជា​ខកបំណង​នោះ​ទេ​។ ប៉ុន្តែ​ខ្ញុំ​សុំ​អភ័យទោស​ដល់​សាច់ញាតិ និង​ក្រុមគ្រួសារ​របស់​ខ្ញុំ​ផងដែរ ដែល​ខ្ញុំ​ពុំទាន់​មាន​លទ្ធភាព​ជួយ​ដល់​ពួកគាត់​នៅ​ឡើយ គឺ​ខ្ញុំ​សម្រេច​ជួយ​សហព័ន្ធ​សិន​»៕