ភ្នំពេញៈ គ្រូបង្វឹកក្រុមអគ្គិសនីកម្ពុជា លោក ប្រាក់ វុទ្ធី បានសម្តែងការសោកស្តាយ នៅពេលរនាំងការពាររបស់លោកមិនអាចទប់មហិច្ឆតាក្រុមវិសាខាបាន ចំណែកខ្សែប្រយុទ្ធ Timothy របស់ក្រុមអង្គរថាយហ្គឺរ បានបំបែកកំណត់ត្រាក្នុងនាមជាកីឡាកររកបានលើសពី ៣ គ្រាប់មុនគេនៅក្នុងការប្រកួតលីកកំពូលកម្ពុជាឆ្នាំ ២០១៩ នេះ។
សម្រាប់ការប្រកួតនៅកីឡដ្ឋានវិសាខាកាលពីថ្ងៃសៅរ៍កន្លងមកនេះក្រុមដែលប្រើប្រាស់កីឡាករខ្មែរសុទ្ធ អគ្គិសនីកម្ពុជាបានរៀបចំប្រព័ន្ធលេងការពារស្ទើរតែ ១០០ ភាគរយតែម្តងគឺពួកគេបានចុះមកលេងការពារនៅមុខទីរបស់ខ្លួនស្ទើរតែទាំងអស់ ប៉ុន្តែសំណាញ់ការពារដ៏រឹងមាំមួយនេះនៅតែមិនអាចទប់ការវាយសម្រុកយ៉ាងខ្លាំងរបស់ក្រុមវិសាខាបានដដែលគឺពួកគេបានចាញ់ ៤-០។
លទ្ធផលនេះវាផ្ទុយទៅនឹងអ្វីដែលលោក ប្រាក់ វុទ្ធី បានត្រៀមទុកជាមុន។ លោកបាននិយាយក្រោយការប្រកួតថា៖ «ក្រោយពីចូលឆ្នាំរួច កម្លាំងរបស់យើងមួយចំនួនមានការបាត់បង់ ហើយចំពោះគោលការណ៍របស់យើងគឺធ្វើម៉េចត្រូវទប់ឲ្យបានស្មើ ឬមួយក៏អាចរបូតគ្រាប់បាល់តិច ដូច្នេះយើងលេងបែបការពាររហូតដល់ ៩០ ភាគរយ អ៊ីចឹងការគ្រប់គ្រងបាល់ និងការបញ្ចេញបាល់ វាតែងតែមានការបាត់បង់ច្រើន»។
គ្រូបង្វឹកជើងចាស់រូបនេះបានបន្ថែមថា៖ «ការលេងការពារ ៩០ ភាគរយ វាជាគោលការណ៍របស់យើង ប៉ុន្តែអ្វីដែលយើងសោកស្តាយគឺយើងមិនអាចទប់គ្រាប់បាល់ទៅតាមអ្វីដែលយើងចង់បានដោយសារ វិសាខា មានកីឡាករបរទេសខ្ពស់ៗដែលអាចលេងបាល់ខ្ពស់បានល្អគឺយើងពិបាកនឹងតទល់ជាមួយកីឡាករបែបនេះហើយយើងបានប្រឹងប្រែងអស់ពីសមត្ថភាពហើយ»។
ជាមួយនឹងរនាំងការពារនេះ ក្រុមវិសាខារកបានត្រឹម ១ គ្រាប់ប៉ុណ្ណោះនៅតង់ទី ១ ដែលរកបានដោយខ្សែបម្រើកូរ៉េខាងជើង Pak Song Chol នៅនាទីទី ១២ ប៉ុន្តែនៅតង់ទី ២ ក្រុមមួយនេះរកបន្ថែមបាន ៣ គ្រាប់ទៀតដែលរកបានដោយ ទិត្យ ឌីណា នៅនាទីទី ៤៧ Skraparas Evangelos នៅនាទីទី ៦៧ និង Masski នៅនាទីទី ៧៣ ប៉ុន្តែលោក ហុក សុជីវ័ន ហាក់មិនសូវសប្បាយចិត្តជាមួយការឈ្នះក្រុមអគ្គិសនីកម្ពុជាត្រឹម ៤-០ នេះទេ។
លោក ហុក សុជីវ័ន គ្រូបង្វឹកក្រុមវិសាខាបាននិយាយថា៖ «នៅតង់ទី ១ យើងធ្វើច្រើន តែយើងអត់សូវបានគុណភាពដោយសារទម្រង់លេងរបស់ក្រុមអគ្គិសនីកម្ពុជា គេលេងចុះទាំងអស់គឺទុកតែម្នាក់ទេ សម្រាប់វាយបកមកយើងវិញ នៅពេលគេដណ្តើមបាល់បាន អ៊ីចឹងហើយយើងមានការពិបាកលេងមែនទែននៅពេលគេលេងបែបនេះហើយការរៀបចំរបស់យើងក៏មិនបានល្អ ១០០ ភាគរយទៅតាមអ្វីដែលយើងចង់បាននោះដែរ»។
ដោយឡែកក្រុមអង្គរថាយហ្គឺរ បានយកឈ្នះក្រុមសាលាកីឡាបាល់ទាត់ជាតិបាទី ៦-០ ដើម្បីមាន ៨ ពិន្ទុតាមពីក្រោយក្រុមវិសាខាដែលមាន ១០ ពិន្ទុ តែច្រើនជាងក្រុមអគ្គិសនីកម្ពុជាដែលមាន ៦ ពិន្ទុដដែល។ រីឯក្រុមអាស៊ីអឺរ៉ុប បានយកឈ្នះក្រុមគិរីវង់សុខសែនជ័យ ២-១ ដើម្បីមាន ៦ ពិន្ទុ។
ជាមួយការឈ្នះ ៦-០ នេះខ្សែប្រយុទ្ធ Timothy របស់ក្រុមអង្គរថាយហ្គឺរ រកបាន ៤ គ្រាប់តែម្នាក់ឯង បន្ថែមទៅលើការរកបាន ២ គ្រាប់នៅពេលពួកគេបានឈ្នះក្រុមខេត្តសៀមរាប ១១-០ ហើយការរកបាន ៤ គ្រាប់នេះ វាបានក្លាយជាកំណត់ត្រាថ្មីដែលបានលុបចោលនូវកំណត់ត្រារកបាន ៣ គ្រាប់ (Hat-Trick) របស់ខ្សែប្រយុទ្ធ Coulbaly Souleymane របស់ក្រុមគិរីវង់ ខ្សែប្រយុទ្ធ Bata និង រ៉ឹង ប៊ុនហៀង របស់ក្រុមទ័ពរួមទាំងខ្សែប្រយុទ្ធជនជាតិជប៉ុន Yadai Ogawa ដែលជាមិត្តរួមក្រុមរបស់គេផងដែរ៕