ភ្នំពេញ៖ កីឡាករ អេលីត សាន់ ដែល​ធ្លាប់​ឈ្នះ​ប្រាក់​លាន ២ លើក​មក​ហើយ​នោះ ត្រូវ​បាន​សង្វៀន​ថោន ផ្គូផ្គង​ឱ្យ​ឡើង​ប្រកួត​ម៉ារ៉ាតុង​ដណ្តើម​ប្រាក់​លាន​ជា​ថ្មី​នៅ​ថ្ងៃ​អាទិត្យ​នេះ ហើយ​ក៏​​ជា​ពេល​ដែល​រូប​គេ ត្រូវ​ប្រឈម​ជាមួយ​ជើង​ខ្លាំង តាញ់ មករា និង ឡុង ជិន ដែល​ធ្លាប់​ធ្វើ​ឱ្យ​រូប​គេ​ចាញ់​យ៉ាង​គ្រាំគ្រា​ផង​ដែរ ចំណែក​បេក្ខភាព​ម្នាក់​ទៀត គឺ ធី វ៉ារិទ្ធ ដែល​ត្រូវ​បាន​ដាក់​ជំនួស​ការ​ដក​ខ្លួន​របស់ ម៉ឺន មេឃា។

សម្រាប់​ការ​ប្រកួត​លើក​នេះ អេលីត សាន់ បាន​មើល​ឃើញ​ថា នឹង​ជួប​ឧបសគ្គ​ធំ តែ​រូប​គេ​នៅ​តែ​រំពឹង​ឈ្នះ​ខ្ពស់។ សាន់ បាន​និយាយ​ថា៖ «ការ​ប្រកួត​លើក​នេះ ពិត​ជា​លំបាក​ឈ្នះ​ណាស់​ព្រោះ​ខ្ញុំ​ធ្លាប់​ចាញ់ តាញ់ មករា ចាញ់ ឡុង ជិន និង​មិន​ធ្លាប់​ប៉ះ ធី វ៉ារិទ្ធ នោះ​ទេ។ តែ​ទោះបី​ជា​យ៉ាងណា ខ្ញុំ​សង្ឃឹម​ឈ្នះ​ខ្ពស់ ព្រោះ​ហាត់​បាន​ល្អ និង​សម្រេច​ចិត្ត​ចូល​វ៉ៃ​សម្រុក​គ្មាន​ញញើត​នោះ​ឡើយ គឺ​ខ្ញុំ​ដឹង​តែ​ចូល​វ៉ៃ​ឱ្យ​អស់​ពី​សមត្ថភាព ហើយ​បើ​វ៉ៃ​គេ​មិន​សន្លប់ ​ខ្ញុំ​សន្លប់​វិញ ក៏​មិន​ដឹង​ដែរ ដ្បិតអី​ខ្ញុំ​មិនមែន​ឡើង​រាំ​ទេ»។

ជាមួយ​គ្នា​នេះ លោក ស៊ន អេលីត ជា​គ្រូបង្វឹក​បាន​ស្នើ​ឱ្យ​គណៈកម្មការ​របស់​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ​កាត់​សេចក្តី​ឱ្យ​បាន​សុក្រឹត ព្រោះ​កន្លង​មក​កូន​សិស្ស​របស់​លោក​មួយ​ចំនួន​ចាញ់​ទាំង​អយុត្តិធម៌។


លោក ស៊ន អេលីត បាន​ប្រាប់​ថា៖ «អេលីត សាន់ ធ្លាប់​ឈ្នះ​ប្រាក់​រង្វាន់​ពី​កម្មវិធី​នេះ ២ លើក​ហើយ ប៉ុន្តែ​មិន​ធ្លាប់​ឈ្នះ​ជើង​ខ្លាំង តាញ់ មករា និង ឡុង ជិន នេះ​ទេ ហើយ​មួយរយៈ​ចុង​ក្រោយ​នេះ សាន់ បាន​ចាញ់ ម៉ឺន មេឃា និង ឃីម បូរ៉ា។ ទោះ​យ៉ាងណា បញ្ហា​ប្រកួត​ចាញ់​ឈ្នះ​ជា​រឿង​ធម្មតា ប៉ុន្តែ​ការ​ផ្តល់​ពិន្ទុ មិន​សុក្រឹត​របស់​ចៅក្រម និង​គណៈកម្មការ ទើប​ជា​បញ្ហា​ផ្លូវ​ចិត្ត​របស់​កីឡាករ និង​គ្រូ​បង្វឹក។ កូន​សិស្ស​ខ្ញុំ​ភាគ​ច្រើន បើ​វ៉ៃ​គេ​មិន​សន្លប់ មិន​ងាយ​បាន​លទ្ធផល​ឈ្នះ​ឡើយ ដោយសារ​ខ្ញុំ​មិន​ចូលចិត្ត​អែបអប​គេ ហើយ​ចៅក្រម​ខ្លះ​គេ​ស្អប់​ខ្ញុំ ដែល​ខ្ញុំ​រិះគន់​តាម​ការ​ពិត​ជាក់ស្តែង»។

ស៊ន អេលីត បាន​រិះគន់​ចំៗ ដល់​មន្ត្រី​សហព័ន្ធ​កីឡា​ប្រដាល់​គុន​ខ្មែរ ថា៖ «លក្ខខណ្ឌ​ដាក់​ពិន័យ​របស់​សហព័ន្ធ​ស្រាលៗ​ពេក ព្រោះ​កន្លង​មក ចៅក្រម​ណា​ផ្តល់​ពិន្ទុ​ខុស​ប្រក្រតី លម្អៀង ឬ​ខុស​អ្វី​មួយ ត្រូវ​ពិន័យ ១ ខែ ៣ ខែ ឬ​ច្រើន​ជាង​នេះ គឺ​មិន​ឱ្យ​មក​ធ្វើ​ការ ប៉ុន្តែ​នៅ​តែ​បើក​លុយ​តម្លៃ​ខ្លួន​ធ្វើ​ការ​បាន​ដដែល តើ​ធ្វើ​អ៊ីចឹង ម៉េច​នឹង​ពួក​គាត់​រាងចាល​ទៅ»។


ចំណែក ឡុង ជិន និយាយ​ថា៖ «ខ្ញុំ​មាន​ទំនុក​ចិត្ត​ឈ្នះ ៨០ ភាគរយ ប៉ុន្តែ​លំបាក​ប្រកួត​ព្រោះ​ប៉ះ​សុទ្ធ​តែ​ចិត្តធំ​ដូចគ្នា»។ រីឯ តាញ់ មករា ដែល​មិន​ធ្លាប់​ចូល​ប្រកួត​ក្នុង​កម្មវិធី​នេះ បាន​ប្រាប់​ថា៖ «ខ្ញុំ​បារម្ភ​ខ្លាំង ពេល​ដែល​ប៉ះ ឡុង ជិន ប៉ុន្តែ​ក្រៅ​ពី​នេះ​ដូចជា អេលីត សាន់ ឬ ធី វ៉ារិទ្ធ ខ្ញុំ​គិត​ថា មិន​លំបាក​ខ្លាំង​នោះ​ឡើយ»។

ចំពោះ​លោក ធន់ សុភា ជា​គ្រូបង្វឹក បាន​និយាយ​ថា៖ «ខ្ញុំ​បារម្ភ​ដែរ ព្រោះ​សុទ្ធតែ​កំពូល​កីឡាករ​លំដាប់​ល្អ ហើយ​ម្យ៉ាង​ទៀត តាញ់ មករា បញ្ចុះ​ទម្ងន់ អាច​ខ្សោយ​កម្លាំង​ដែរ។ ទោះ​យ៉ាង​ណា ខ្ញុំ​រំពឹង​ឈ្នះ ៧០ ភាគរយ»។

ចំណែក ធី វ៉ារិទ្ធ បាន​និយាយ​ថា៖ «ខ្ញុំ​មិន​សង្ឃឹម​ច្រើន​ទេ ព្រោះ​ខ្ញុំ​ឡើង​ជំនួស ម៉ឺន មេឃា។ ទោះ​យ៉ាងណា ខ្ញុំ​ធានា​វ៉ៃ​អស់​ពី​សមត្ថភាព ហើយ​ពួក​គេ​ទាំង​នេះ​ទោះ​ជា​ឈ្នះ​ខ្ញុំ​ក៏​លំបាក​ដែរ មិន​អាច​ស៊ី​ផុយ​ស្រួយ​ឡើយ»។ តាម​កំណត់ត្រា​កាល​ពី​សប្តាហ៍​មុន ​ថៃ រ៉េត បាន​ឈ្នះ ធី វ៉ារិទ្ធ ទាំង​វេទនា​ខ្លួន ខណៈ​ដែល វ៉ារិទ្ធ កំពុង​ឡើង​ប្រិយភាព​ខ្លាំងណាស់ នៅ​ក្នុង​ទម្ងន់ ៦០ គីឡូក្រាម​នេះ៕