ភ្នំពេញ៖ ​ប្រធាន​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​(E-Sports)​ លោក​ ជា​ ច័ន្ទបរិបូរណ៍​ បាន​លើក​ឡើង​ថា ការ​បង្ហាញ​វត្តមាន​ជា​លើក​ដំបូង​របស់​​ក្រុម​ E-Spotrs ក្នុង​ការ​ប្រកួត​​ស៊ីហ្គេម លើក​ទី​៣០ ​នៅ​ប្រទេស ​ហ្វីលីពីន នៅ​ចុង​ឆ្នាំ ​២០១៩ នេះ យើង​មិនមែន​ទៅ​យក​បទពិសោធ​នោះ​ទេ គឺ​យើង​​ហ៊ាន​វាយ​តម្លៃ ​និង​ប្តេជ្ញា​​ថា​ យើង​​ទៅ​យក​មេដាយ​ជូន​ជាតិ។

លោក​ ជា​ ច័ន្ទបូរិបូរណ៍​ ​បាន​ថ្លែង​ថា៖ ​«នៅ​ក្នុង​​តំបន់​អាស៊ាន​​យើង​នេះ​ ក្រុម​កម្ពុជា​មាន​​សមត្ថភាព​ប្រហាក់​ប្រហែល ​ឬ​អាច​ក្រោម​​ប្រទេស​​​ហ្វីលីពីន ​និង​ម៉ាឡេស៊ី​ តែ​បន្តិច​ប៉ុណ្ណោះ​ហើយ​ក្រៅ​ពី​នេះ​ក្រុម​កម្ពុជា​ ត្រូវ​បាន​វាយ​តម្លៃ​ថា កម្ពុជា​មាន​កម្រិត​អាច​ប្រកួត​ប្រជែង​ស្មើ​ដៃ​ និង​លើ​ប្រទេស​មួយ​ចំនួន​ទៀត​ផង​»។​

រដ្ឋលេខាធិការ​ក្រសួង​ព័ត៌មាន​រូប​នេះ បាន​​បញ្ជាក់​ថា​៖ «បើ​ទោះបី​ជា​យើង​ទើប​បាន​ចូលរួម​ការ​ប្រកួត​​ស៊ីហ្គេម ជា​លើក​ទី​១ ក្នុង​​ឆ្នាំ​​នេះ ​​ប៉ុន្តែ​យើង​​មាន​គោលដៅ​ច្បាស់លាស់​ និង​ហ៊ាន​វាយ​តម្លៃ ​និង​ប្តេជ្ញា​​ថា​ យើង​មិនមែន​ទៅ​យក​បទពិសោធ​ទេ​ គឺ​ទៅ​យក​មេដាយ​ជូន​ជាតិ​។ ​ពី​មុនៗ​ យើង​យល់​ដឹង​ពី​កីឡា​លេង​រវាង​មនុស្ស​ និង​មនុស្ស​, ​មនុស្ស​ និង​ឧបករណ៍​ ឬ​ មនុស្ស​ និង​សត្វ​ ប៉ុន្តែ​ពេល​នេះ​ គឺ​ជា​សម័យ​ទំនើប​មួយ​ដែល​មនុស្ស​លេង​ជាមួយ​ឧបករណ៍​បច្ចេកវិទ្យា​ ដោយ​ប្រកួតគ្នា​​តាមរយៈ​ការ​គិត​ប្រាជ្ញា​ស្មារតី​»​។​


ការ​លើក​ឡើង​របស់​លោក ជា ច័ន្ទបរិបូរណ៍ ត្រូវ​បាន​ធ្វើ​ឡើង​នៅ​ពេល​សហព័ន្ធ​កីឡា​អេឡិចត្រូនិក​កម្ពុជា ​បាន​រក​ឃើញ​ក្រុម​ម្ចាស់​ជើង​ឯក​ថ្នាក់​ជាតិ​ប្រចាំ​ឆ្នាំ ​២០១៩ គឺ​ក្រុម Helheim បន្ទាប់​ពី​ក្រុម​​មួយ​នេះ បាន​យក​ឈ្នះ​ក្រុម ​Man​Version Pro ក្នុង​​វគ្គ​ផ្ដាច់​ព្រ័ត្រ លើ​វិញ្ញាសា​ Mobile Legends ​ដែល​បាន​ធ្វើ​នៅ​ផ្សារ​ទំនើប​អ៊ីអន ​២ កាល​ពី​ចុង​សប្តាហ៍​មុន​។ ហេតុ​នេះ Helheim ជា​ក្រុម​តំណាង​ឲ្យ​កម្ពុជា​ដែល​​នឹង​ត្រូវ​ចូលរួម​ការ​ប្រកួត​ស៊ីហ្គេម នៅ​ហ្វីលីពីន​លើក​នេះ។

លោក ជា ច័ន្ទបរិបូរណ៍ បាន​បន្ថែម​ថា៖​ «ភាព​រីក​ចម្រើន​នៃ​បច្ចេកវិទ្យា ​គឺ​បាន​រុញ​កីឡា​ E-Sports ឲ្យ​​មាន​សកម្មភាព​លេច​ធ្លោ​ នៅ​លើ​ពិភព​លោក ​និង​នៅ​កម្ពុជា​ផង​ដែរ ​ហើយ​កីឡា​ប្រភេទ​នេះ​ ត្រូវ​បាន​គេ​វាយ​តម្លៃ​ថ្មីៗ​នេះ​ថា ​មាន​ភាព​ពេញ​និយម​ខ្លាំង​ បន្ទាប់​ពី​បាល់​ទាត់​។​ ជាមួយ​គ្នា​នេះ ក្រោយ​ពី​ចំណាយ​ពេល​វេលា​ និង​ថវិកា​ជា​ច្រើន​ ដើម្បី​ប្រកួត​ប្រជែង​មួយ​រយៈ​ធំ​កន្លង​មក ​សហព័ន្ធ ​បាន​រក​ឃើញ​បេក្ខភាព​បញ្ជូន​ទៅ​ប្រកួត​ស៊ីហ្គេម​នៅ​​ហ្វីលីពីន​​ហើយ គឺ​ក្រុម ​Helheim»។​


នៅ​ក្នុង​វិញ្ញាសា​ចំនួន​ ៥​ ដែល​​ត្រូវ​ដាក់​ឲ្យ​ប្រកួត​ក្នុង​ស៊ីហ្គេម នៅ​ហ្វីលីពីន ខាង​មុខ​នេះ​ កម្ពុជា​បាន​​សម្រេច​​ចិត្ត​ដាក់​តែ​ក្រុម ​Helheim ​១ ​​ទេ ឲ្យ​ចូលរួម​ដោយ​មាន​កីឡាករ​ ​៥​ នាក់​ បម្រុង​ ១ នាក់។ ពួក​គេ​នឹង​ត្រូវ​​លេង​នូវ​វិញ្ញាសា​ Mobile Legends​ ហើយ​សហព័ន្ធ ជឿជាក់​​ថា ក្រុម Helheim នឹង​ទទួល​បាន​លទ្ធផល​ល្អ ព្រោះ​​តាមរយៈ​ការ​ប្រកួត​ជើងឯក​ថ្នាក់​ជាតិ ដែល​មាន ១០០ ​ក្រុម​ចូលរួម​លើក​នេះ​ Helheim បាន​បង្ហាញ​ការ​ប្រកួត​ប្រជែង​តាម​ប្រព័ន្ធ​ Online យ៉ាង​ល្អ ដោយ​ទទួល​បាន​ជ័យជម្នះ​ជា​បន្តបន្ទាប់ មុន​ពួក​គេ​​យក​ឈ្នះ​​ក្រុម Man Version Pro នៅ​វគ្គ​ផ្តាច់​ព្រ័ត្រ ដើម្បី​យក​តំណែង​ជើង​ឯក និង​​ប្រាក់​រង្វាន់ ​៥ លាន​រៀល៕