ភ្នំពេញ៖ ក្រុមគណៈកម្មការវិន័យរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) និងគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា (CNCC) បាននិងកំពុងសិក្សា និងស៊ើបអង្កេត ចំពោះបទចោទប្រកាន់របស់ខ្សែប្រយុទ្ធក្រុមព្រះខ័នរាជស្វាយរៀង Privat ទៅលើកីឡាករម្នាក់របស់ក្លិបវិសាខាថា បានប្រើពាក្យសម្តីជាលក្ខណៈរើសអើងពូជសាសន៍ មកលើរូបគេនៅក្នុងអំឡុងការប្រកួតរវាងក្រុមទាំង ២ កាលពីថ្ងៃសៅរ៍។
នៅក្នុងការប្រកួតនោះ Privat មានការខឹងសម្បាខ្លាំង ហើយក្រោយមានរូបគេបានបង្ហោះនៅលើហ្វេសប៊ុកផ្ទាល់ខ្លួនថា៖ «ការប្រកួតប្រជែង គឺជាចំណែករបស់វិស័យបាល់ទាត់ ប៉ុន្តែនៅពេលកីឡាករជាក្រុមគូប្រជែងប្រើពាក្យពេចន៍ប្រកាន់ពូជសាសន៍មកលើខ្ញុំ វាជារឿងជ្រុលពេក។ នៅក្នុងការប្រកួតកាលពីថ្ងៃសៅរ៍ កីឡាកររបស់ក្រុមវិសាខាបាននិយាយដាក់ខ្ញុំថា អ្នកឯងស្បែកខ្មៅ (អាស្បែកខ្មៅ) លើសពី ១ ដង»។
កីឡាករជនជាតិកាមេរូនរូបនេះ បានបន្តថា៖ «ការប្រើសម្ដីមើលងាយកីឡាករដទៃ គឺជាផ្នែក ១ នៃការប្រកួតនៅពេលខ្លះ ប៉ុន្តែនៅពេលអ្នកក្លាយជាអ្នកប្រកាន់ពូជសាសន៍បែបនេះ វាគឺជារឿងមិនអាចទទួលយកបានឡើយ។ ខ្ញុំជឿថា នឹងមានការដាក់ពិន័យជាមិនខាន ព្រោះអត់មានកន្លែងសម្រាប់ឱ្យមានការប្រកាន់ពូជសាសន៍ ឬពណ៌សម្បុរនោះឡើយ ទាំងក្នុងវិស័យបាល់ទាត់ និងជីវិតប្រចាំថ្ងៃ ហើយនេះជាមូលហេតុ ដែលអ្នកទាំងអស់គ្នា បានឃើញក្នុងវីដេអូថា ហេតុអ្វីបានជាខ្ញុំប្រតិកម្មតបដោយខឹងសម្បាយ៉ាងខ្លាំង? ខ្ញុំមិនអាចគ្រប់គ្រងអារម្មណ៍ខ្លួនឯងបាន ព្រោះទង្វើនេះមិនគួរអត់ឱនឱ្យនោះទេ»។
ការបង្ហោះសារស័ព្ទដោយភាពឈឺចាប់នេះ បានក្លាយជាប្រធានបទថ្មីដ៏ក្តៅគគុក មិនធ្លាប់មាននៅក្នុងបាល់ទាត់កម្ពុជា ប៉ុន្តែភ្លាមៗនោះ ក្លិបវិសាខា បានចេញសេចក្តីថ្លែងការណ៍បដិសេធតបវិញថា៖ «ក្លិបរបស់យើង សូមធ្វើការបដិសេធ និងសំណូមពរឱ្យមានការស្រាវជ្រាវឱ្យបានច្បាស់លាស់ទាក់ទងអំពីបញ្ហានេះ ចៀសវាងការកាត់សេចក្តីទៅលើកីឡាកររបស់យើង ដោយស្តាប់តែភាគីម្ខាងដោយគ្មានភ័ស្តុតាងមកបញ្ជាក់ ជាហេតុធ្វើឱ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះ កិត្តិយសរបស់កីឡាករ និងក្លិបយ៉ាងខ្លាំង ព្រោះថា ក្លិបរបស់យើង គឺមានបុគ្គលិក និងកីឡាករចម្រុះជាតិសាសន៍ ដែលកំពុងសហការគ្នាយ៉ាងស្អិតល្មួត ក្រោមដំបូលគ្រួសារតែមួយ»។
ជាមួយគ្នានេះ ក្លិបស្វាយរៀងក៏បានចេញសេចក្តីថ្លែងការណ៍ ជំរុញឱ្យមានការស៊ើបអង្កេតលើរឿងនេះដែរ ដោយបានបញ្ជាក់ថា៖ «ក្លិបរបស់យើង សូមគាំទ្រដល់ការស៊ើបអង្កេតរបស់អាជ្ញាធរបាល់ទាត់ក្នុងរឿងនេះ ហើយយើងខ្ញុំកំពុងធ្វើការសន្ទនាជាមួយពួកគាត់ ក្នុងបញ្ហានេះ។ ក្លិបនឹងសហការយ៉ាងពេញទំហឹងជាមួយអាជ្ញាធរបាល់ទាត់ ក្នុងអំឡុងពេលនៃការស៊ើបអង្កេត ដើម្បីធានាបាននូវភាពយុត្តិធម៌ និងលទ្ធផលដ៏ត្រឹមត្រូវចំពោះបញ្ហានេះ»។
ជុំវិញការងារនេះ លោក ឈី កុលបុត្រា លេខាប្រតិបត្តិរបស់ CNCC បានប្រាប់ពីថ្ងៃចន្ទថា៖ «នៅពេលនេះ យើងកំពុងសិក្សាទៅលើករណីនេះ ដោយសហព័ន្ធ ជាអ្នករៀបចំ ពិនិត្យ រៀបចំនីតិវិធីផ្សេងៗ និងធ្វើការសម្រេច ព្រោះការិយាល័យវិន័យស្ថិតនៅក្រោមសហព័ន្ធ ចំណែកខាង CNCC របស់យើងចាំតែចូលរួមប្រជុំ និងសហការជាមួយពួកគាត់ ក្នុងករណីគាត់ត្រូវការឯកសារ និងត្រូវការអ្វីៗផ្សេងទៀតជាដើម»។
លោកបន្ថែមថា៖ «យើងនៅមិនទាន់អាចសន្មតបានថា រឿងនេះ វាពិតដូចការចោទប្រកាន់ ឬយ៉ាងណានោះទេ គឺយើងត្រូវរង់ចាំការរៀបចំ និងការសិក្សារបស់សហព័ន្ធសិន ទើបយើងអាចប្រកាសជាផ្លូវការបាន ហើយជាទស្សនៈរបស់អ្នកដឹកនាំសហព័ន្ធ គឺគាត់ជំរុញឱ្យមានការសិក្សា ត្រួតពិនិត្យ ដើម្បីរកឱ្យឃើញការពិតថា តើពិតជាមានការរើសអើងជាតិសាសន៍មែន ឬក៏អត់? ព្រោះគាត់ចង់ដឹង និងយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហានេះ»៕