ភ្នំពេញ៖ ទីបំផុតការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោករឿងខ្លី និងកំណាព្យលើកទី ២០ សម្រាប់ឆ្នាំ ២០១៩ បានរកឃើញម្ចាស់ជយលាភីហើយ គឺបានទៅលើកវីស្រីស្អាតកញ្ញា លឹម ផាន់ណា ដែលបានតែងកំណាព្យរឿងមានចំណងជើងថា «សោភ័ណស្រ្តី» ខណៈលេខ ២ បានទៅលើលោកកវី វង្ស សុភាជ តែងកំណាព្យរឿងមានចំណងជើងថា «ចន្ទ្របន្ទាបកាយ» និងលេខ ៣ បានទៅលើលោកកវី មឿន សំណាង តែងកំណាព្យរឿងមានចំណងជើងថា «សស្នេហ៍ក្នុងភ្លើងសង្គ្រាម»។
កញ្ញា លឹម ផាន់ណា គឺជាកវីស្រី ដែលមានស្នាដៃលើការនិពន្ធប្រលោមលោកខ្លី កំណាព្យ និងទំនុកច្រៀងនានាផងនោះ ក៏ទើបតែផុសចំណាប់អារម្មណ៍យ៉ាងខ្លាំងនឹងទំនុកច្រៀងបទចម្រៀងថា «កុំថាខ្ញុំស្រីចាស់» ច្រៀងដោយតារាចម្រៀងស្រីកញ្ញា គង់ ចាន់រដ្ឋា នៅផលិតកម្ម Seven Production ចេញពីខែ មិថុនា ឆ្នាំ ២០១៨ និងធ្លាប់បានឈ្នះពានជយលាភីលេខ ២ ទៅលើផ្នែកកំណាព្យរឿងនៃកម្មវិធីប្រកួតតែងនិពន្ធប្រលោមលោក និងកំណាព្យរឿងឆ្នាំ ២០១៨ ឬពានរង្វាន់លោកលី ធាមតេង ឆ្នាំ ២០១៨ នាពេលកន្លងមកដែរ។
កវីស្រី ដែលទើបបានបន្ថែមភាពល្បីក្នុងការតាក់តែងទំនុកច្រៀងថ្មីគឺ «ឆ្នាំថ្មីរកប្តីមិនបាន» ដែលបកស្រាយដោយតារាចម្រៀងល្បីកញ្ញា មាស សុខសោភា នៅក្នុងឆ្នាំ ២០១៩ ពេលថ្មីៗនេះ តាមរយៈផលិតកម្ម Camtrax។ កញ្ញា លឹម ផាន់ណា ជាម្ចាស់ជយលាភីលេខ ១ ផ្នែកកំណាព្យរឿងនៃការប្រឡងជ្រើសរើសស្នាដៃតែងនិពន្ធប្រលោមលោករឿងខ្លី និងកំណាព្យឆ្នាំ ២០១៩ ឬពានរង្វាន់ព្រះនាងឥន្ទ្រទេវីនេះ គឺបានតែងកំណាព្យរឿងដែលមានចំណងជើងថា «សោភ័ណស្រ្តី»។ កញ្ញា ផាន់ណា ប្រាប់ឲ្យដឹងពីដំណើរនៃការតាក់តែង និងពេលវេលាតែងថា៖ «ដោយសារតែខ្ញុំមិនសូវជាមានពេលច្រើន ដូច្នេះទើបបានជាប្រើពេលវេលាដើម្បីប្រមូលគំនិត ឬរិះរកគំនិតយកមកតាក់តែងឲ្យស៊ីទៅនឹងប្រធានបទនៃពានរង្វាន់ឆ្នាំនេះ ត្រូវប្រើពេលចំនួន ៣ ខែ ក្នុងការតែងនិពន្ធជាកំណាព្យរឿងដាក់ចំណងជើងថា «សោភ័ណស្រ្តី» នេះបាន»។
កញ្ញា លឹម ផាន់ណា បានបន្តថា៖ «ហើយការដាក់ចំណងជើងនេះ ក៏ដោយសារតែនាងខ្ញុំបានគិតទៅនឹកឃើញដល់ព្រះនាមរបស់អតីតព្រះម្ចាស់ក្សត្រីយ៍អង្គនេះតែម្តង។ នាងខ្ញុំបានតែងជាអត្ថបទកំណាព្យក្នុងទំនុកជើងកាព្យបទ «ពាក្យប្រាំពីរ» ដែលមានចំនួន ២២ ទំព័រ។ ម្យ៉ាងវិញទៀត សម្រាប់បទពាក្យប្រាំពីរនេះដែរ វាហាក់ដូចជាមានភាពសមសួន ទៅតាមស្ថានភាពនៃការតាក់តែងកំណាព្យគ្រប់ពេលវេលាផងដែរ»។
ទោះបីជាពុំមែនជាអ្នកប្រកបមុខរបរអ្នកនិពន្ធពេញទីនៅឡើយនោះទេ ព្រោះថាធ្លាប់ជាអតីតនិស្សិតរៀនជំនាញផ្នែកចិត្តវិទ្យា ដែលបានចប់ឆ្នាំ ២០១២ នៅឯសាកលវិទ្យាល័យភូមិន្ទភ្នំពេញ រូបនេះក៏មានសារផ្តាំផ្ញើខ្លះៗផងដែរ សម្រាប់អ្នកស្រឡាញ់ការតែងនិពន្ធនានា ដែលជាពិសេស ធនធានជាស្រ្តី ព្រោះថានាពេលបច្ចុប្បន្ននេះ គឺមិនសូវសម្បូរនោះឡើយ។
កវីស្រីជាម្ចាស់ទំនុកបទចម្រៀង «កុំថាខ្ញុំស្រីចាស់» និងបទ «ឆ្នាំថ្មីរកប្តីមិនបាន» លឹម ផាន់ណា សំណូមពរថា៖ «នាងខ្ញុំលើកទឹកចិត្តទៅដល់បងប្អូនស្រ្តីជំនាន់ថ្មីគ្រប់រូប ដែលស្រឡាញ់ការតែងនិពន្ធទាំងអស់ដែរ ប្រសិនបើយើងមានក្តីស្រឡាញ់ ហើយក៏បានតាក់តែងស្នាដៃនោះ ក៏ត្រូវតែហ៊ានយកទៅប្រកួតប្រជែងជាមួយក្រុមបេក្ខជនជាបុរសៗនោះ ដើម្បីលើកស្ទួយនូវសមភាពយេនឌ័ររបស់ស្រ្តីយើង ព្រោះសព្វថ្ងៃធនធានវិស័យនេះមិនសម្បូរឡើយ»៕