ភ្នំពេញៈ ការប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោករឿងខ្លី និង​កំណាព្យ​លើក​ទី​ ២០ សម្រាប់​ឆ្នាំ​ ២០១៩ ចាប់ផ្តើម​ទទួល​បេក្ខភាព​ប្រកួតប្រជែង​ហើយ ខណៈ​ការទទួល​ពាក្យ​ចូលរួម​ដើម្បី​ប្រកួត​នឹង​ត្រូវ​ផុតកំណត់​រហូត​ដល់​ថ្ងៃទី​ ៣០ ខែ​មិថុនា​ឆ្នាំ​ ២០១៩ ខាង​មុខ​នេះ​ជាមួយ​នឹង​ប្រធានបទ​សេរី​។

បើ​តាម​លោក កុក រស់ ប្រធាន​នាយកដ្ឋាន​ការអាន និង​សៀវភៅ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​បាន​មាន​ប្រសាសន៍​ថា​៖ «​នេះ​គឺជា​ការប្រកួតប្រជែង​ដើម្បី​ចម្រាញ់​ជ្រើសរើស​យក​ម្ចាស់​ជយលាភី​ផ្នែក​ប្រលោមលោក និង​កំណាព្យ​រឿង​ខ្លី​លើក​ទី​ ២០ នៅក្នុង​ឆ្នាំ​ ២០១៩ ​នេះ​ដែល​ជាការរៀបចំ​ដោយ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ​សហការ​ជាមួយ​សមាគម​អ្នកនិពន្ធ​ខ្មែរ និង​រាជ​បណ្ឌិត្យសភា​កម្ពុជា​​។ រៀងរាល់​ឆ្នាំ​យើង​តែងតែ​ដាក់​ឈ្មោះ​ពាន​រង្វាន់​មាន​លក្ខណៈ​ខុសៗ​គ្នា​ពី​មួយ​ឆ្នាំ​ទៅ​មួយ​ឆ្នាំ ហើយ​ឆ្នាំ​នេះ​យើង​ដាក់​ឈ្មោះ​ថា «​ពានរង្វាន់​ព្រះនាង​ឥន្ទ្រទេវី​» ម្តង​ទៀត​ដែល​នេះ​គឺជា​ការដាក់​ឈ្មោះ​លើក​ទី​ ២ ផង​ដែរ​នៃ​ការរៀបចំ​ប្រឡង​ជ្រើសរើស​ស្នាដៃ​តែង​និពន្ធ​ប្រលោមលោករឿងខ្លី និង​កំណាព្យលី​របស់​ក្រសួង​ដែល​មាន​ចំនួន ២០ លើក​មក​ហើយ​»​។

ម្ចាស់​ពាន​កំណាព្យ​លេខ​ ២ ​ឆ្នាំ​មុន ​កញ្ញា លឹម ផាន់ណា និង​លោក កុក រស់​ ប្រធាននាយកដ្ឋានការអាន និងសៀវភៅ។ រូបថត​ ហ្វេសប៊ុក


ឆ្នាំ​កន្លង​មក​ការប្រកួតប្រជែង​តែង​មាន​ការកំណត់​ប្រធាន​សម្រាប់​ការតែង​និពន្ធ​ទាំង​ប្រលោមលោករឿងខ្លី និង​កំណាព្យ​ តែ​នា​រយៈពេល ២-៣ ឆ្នាំ​ចុង​ក្រោយ​នេះ​ក៏​បាន​ដាក់​ប្រធានបទ​សេរី​វិញ​ដោយសារ​ពេល​ប្រឡង បេក្ខជន​ចូលរួម​ប្រកួត​គឺ​មាន​ការតែង​និពន្ធ​មិន​សូវ​ត្រូវ ឬ​ស្រប​តាម​ប្រធានបទ និង​ក៏​ផល​លំបាក​មួយ​សម្រាប់​ក្រុម​គណៈកម្មការ​វាយតម្លៃ​រក​ម្ចាស់​ជយលាភី​ផង​ដែរ​។

ប្រធាន​នាយកដ្ឋាន​ការអាន និង​សៀវភៅ​បន្ត​ថា​៖ «​ឆ្នាំ​នេះ​យើង​ក៏​ដាក់​ប្រធានបទ​សេរី​ដែរ​ដោយ​ឈរលើ​គោលការណ៍​សំខាន់​ទាំង​ ៣ ​គឺ​មាន​អត្ថន័យ (៣ ចំណុច​គឺ​សច្ចធម៌ សីលធម៌ និង​គុណធម៌​) អត្ថរូប (៣ ចំណុច​​គឺ​វិធី​តែង រចនាប័ទ្ម និង​សិល្ប៍​សោភ័ណ​) និង​អត្ថរស​ (៣ ចំណុច​គឺ​បង្ហាញ​ឲ្យ​ឃើញ​ពី​ការអប់រំ ការអភិវឌ្ឍ និង​រក្សា​តម្លៃ​អត្តសញ្ញាណ​ជាតិ​)​។ ឯ​លក្ខខណ្ឌ​វិញ​ក៏​មាន​ ៣ ​ចំណុច​ដែរ​គឺ អក្ខរាវិរុទ្ធ ត្រូវ​យក​តាម​វចនានុក្រម​ខ្មែរ (​សម្តេច​សង្ឃរាជ ជួន ណាត ជោតញ្ញាណ​) អក្សរ​វាយ​កុំព្យូទ័រ (Font យូនីកូត Khmer OS Metal Chrieng, ទំហំ ១២ ឬ​សរសេរ​ដោយ​ដៃ​ក៏​បាន​) និង​ខ្នាត​ក្រដាស A4 គឺ​ចន្លោះ​ពី ១៥ ទៅ ៣០ ទំព័រ ទាំង​លើ​ការតែង​និពន្ធ​ប្រលោមលោក និង​កំណាព្យ​រឿង​ខ្លី​។ ចំពោះ​វិធីសាស្ត្រ​នៃ​ការ​ចម្រាញ់​ជម្រុះ​យក​បេក្ខភាព​ចាប់ពី​ចូលរួម​ប្រកួត​នោះ យើង​នឹង​ធ្វើ​ ៣ ​ដំណាក់កាល​ផង​ដែរ​ដើម្បី​រើស​រក​បាន​ជើង​ខ្លាំង​ចុងក្រោយ​»​។


ចំណែក​ជយលាភី​នឹង​ត្រូវ​ជ្រើស​យក​ពី​លេខ ១ ទៅ​ដល់​លេខ ៣ (​ប្រលោមលោក ៣ នាក់ និង​កំណាព្យ ៣ ​នាក់​) ដែល​ត្រូវ​ទទួល​បាន​ពានរង្វាន់ ១ អម​ដោយ​ទឹកប្រាក់​រង្វាន់ និង​មាន​ផ្តល់​រង្វាន់​លើក​ទឹកចិត្ត​ដែរ​គឺ​លេខ ៤-៥ (​ប្រលោម​លោក ២ ​នាក់ និង​កំណាព្យ ២ ​នាក់​) ដែល​ទទួល​បាន​បណ្ណសរសើរ ១ អម​ដោយ​ទឹកប្រាក់​រង្វាន់​។

លោក កុក រស់ ក៏​បញ្ជាក់​បន្ថែម​ពី​ចំណុច​ដែល​នៅ​មិន​ទាន់​បាន​ដាក់​ចំនួន​ទឹកប្រាក់​រង្វាន់​ច្បាស់លាស់​នោះ​ផង​ដែរ​ថា​៖ «​សម្រាប់​រង្វាន់​ជា​ទឹកប្រាក់​ថា នឹង​មាន​ចំនួន​ប៉ុន្មាន​នោះ​គឺ​យើង​នៅ​មិន​ទាន់​សម្រេច​នៅ​ឡើយ​ទេ ដោយសារ​តែ​យើង​ក៏​ត្រូវ​រង់ចាំ​មើល​នូវ​ដំណើរការ​នៃ​ការស្នើសុំ​ទៅ​ខាង​ថ្នាក់​លើ​សិន​»៕