ក្រុងបាងកក៖ រាប់តាំងពីគ្រឿងទេស ចំណីបំពង ប្រេង នំខេក នំម៉ាការ៉ូន បង្អែមអាកោ ការ៉េម ភេសជ្ជៈកាហ្វេ និងនំខារ៉ាមែល ទាំងអស់នេះគ្រាន់តែជាផលិតផលច្នៃពីកញ្ឆាត្រួសៗ ដែលត្រូវបានដាក់តាំងពិព័រណ៍ «កញ្ឆា និងឱសថតបុរាណថៃ» នៅទីក្រុងបាងកក កាលពីថ្ងៃទី ១៨ ខែមីនា កន្លងទៅនេះ។
ជាប្រទេសទីមួយនៅអាស៊ីអាគ្នេយ៍ដែលដាក់ឲ្យការប្រើប្រាស់កញ្ឆាស្របច្បាប់ក្នុងឆ្នាំ ២០១៨ ប្រទេសថៃ បានត្រួសត្រាយផ្លូវឈានមុខគេក្នុងការផលិតកែច្នៃ បន្សុទ្ធ និងធ្វើទីផ្សារប្រេងកញ្ឆា ហើយរាជាណាចក្រនេះក៏ស្ទុះស្ទានឹងកើបប្រាក់ពីឧស្សាហកម្មតម្លៃរាប់សិបលានដុល្លារនេះផងដែរ។
រុក្ខជាតិកញ្ឆានេះផងដែរ ទីបំផុតក៏ត្រូវបានដកចេញពីបញ្ជីសារធាតុញៀនណាកូទិកនៅប្រទេសថៃ កាលពីខែមុន ដែលនេះមានន័យថា តាមមន្ទីរពេទ្យមួយចំនួនអាចប្រើប្រាស់ស្លឹក ដើម និងឫសរបស់វាជាអាហារ។
ការប្រើប្រាស់រុក្ខជាតិកញ្ឆាជាគ្រឿងផ្សំចម្អិនអាហារ ហាក់បីដូចជាការវិលត្រឡប់ទៅអតីតកាលរបស់ថៃ។
នេះបើយោងតាមវេជ្ជបណ្ឌិត Pakakrong Kwankhao ដែលដឹកនាំមជ្ឈមណ្ឌលស្រាវជ្រាវឱសថតបុរាណថៃអាស្រ័យលើភស្ដុតាងបែបវិទ្យាសាស្ត្រ នៅមន្ទីរពេទ្យ Chao Phya Abhaibhubejhr។
អ្នកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា៖ «ការប្រើប្រាស់ស្លឹកកញ្ឆាក្នុងការចម្អិនម្ហូបអាហារ គឺជាវប្បធម៌របស់យើងពីដើមស្រាប់ទៅហើយ»។
អ្នកស្រីបានបន្តទៀតថា៖ «កាលពីអតីតកាលមុនពេលមានបម្រាមប្រើប្រាស់កញ្ឆា យើងបានប្រើប្រាស់វាក្នុងបរិមាណតិចតួចសម្រាប់ផ្សំគ្រឿងម្ហូប ហើយយើងក៏ធ្លាប់ប្រើប្រាស់វាជាឱសថសម្រាលជំងឺតម្កាត់នានាដែរ»។
យោងតាមអ្នកជំនាញ ការប្រើប្រាស់កញ្ឆាទទួលទាន ត្រូវបានកំណត់ត្រឹម ៥ស្លឹកកញ្ឆាប៉ុណ្ណោះ ហើយប្រសិនបើនរណាខ្សោយ ពួកគេអាចជ្រើសរើសម្ហូបដែលផ្សំពីកញ្ឆាត្រឹមតែកន្លះស្លឹកបានហើយ។
ស្ត្រីមានផ្ទៃពោះ និងអ្នកមានបញ្ហាសុខភាពមួយចំនួនគួរតែចៀសវាងអាហារមានកញ្ឆាដាច់ខាត។
ស្របនឹងទំនោរប្រទេសជឿនលឿនក្នុងពិភពលោក ដែលអនុម័តឲ្យមានការប្រើប្រាស់កញ្ឆាស្របច្បាប់ក្នុងបរិមាណសមរម្យ អ្នកជំនាញថៃក៏បានអះអាងផងដែរថា ការប្រើប្រាស់ក្នុងបរិមាណតិចតួចក្រៅពីកាត់បន្ថយការឈឺចាប់ ក៏ជួយសម្រួលផ្លូវអារម្មណ៍ដល់អ្នកទទួលទានផងដែរ៕ AFP