ឈើ​គ្រប់​ដើម​សុទ្ធតែ​ផ្ដល់​អុកស៊ី​សែន​ដល់​មនុស្ស​ តែ​ដើម​ឈើ​ខ្លះ​ផ្ដល់​នូវ​​ប្រយោជន៍​លើស​ពី​នេះ​ ដោយ​ពួក​វា​មាន​គុណ​សម្បត្ដិ​ប្លែក​ៗ​។

រូប​ភាព​ ​ទាំង​នេះ​បាន​បង្ហាញ​ពី​ដើម​ឈើ​អស្ចារ្យ​​​ក្នុង​លោក​ដែល​មាន​រូបរាង​ស្រស់​ស្អាត ចាស់​បំផុត ធំ​បំផុត និង​ចម្លែក​ៗ​បំផុត​ក្នុង​លោក​។ រូប​ភាព​ទាំងនេះ​ត្រូវ​បាន​ដក​ស្រង់​ចេញ​ពី​សៀវភៅ​ «ដើម​ឈើ​វៃ​ឆ្លាត» ដែល​មាន​ដំណាល​រឿង​ប្រវត្ដិ​សាស្ដ្រ​ និង វប្បធម៌​របស់​វា​ចាប់​ពី​កាលីហ្វរនីញ៉ា ​រហូត​ដល់ ​ឥណ្ឌា​។

វា​បង្ហាញ​ពី​រូបភាព​ដែល​ថត​ដោយ​អ្នក​ថតរូប​ Diane Cook និង​ Len Jenshel ដែលចំណាយ​ពេល ២ ឆ្នាំ​ធ្វើដំណើរ​ជុំវិញ​ពិភព​លោក ​ដើម្បី​ផ្ដិត​យក​រូប​ភាព​ដើម​ចម្លែក ៥៩ ដើម​។


ដើម​ស្រល់​យក្ស​​ Great Basin ស្ថិត​ក្នុង​តំបន់​ព្រៃ​ជាតិ​អុីនយ៉ូ រដ្ឋ​កាលីហ្វរនីញ៉ា គឺជា​ប្រភេទ​ដើម​ឈើ​ចំណាស់​បំផុត​ក្នុង​លោក​ ដោយ​ពូជ​ខ្លះ​មាន​អាយុ​កាល​ជាង ៥០០០ ឆ្នាំ​ឯនោះ​។


យោងតាម​សៀវភៅ​នេះ ទីតាំង​ពិត​ប្រាកដ​នៃ​រុក្ខជាតិ​បុរាណ​នេះ​ត្រូវ​បាន​រក្សា​ជា​អាថ៌​កំបាំង​ដោយ​ឆ្មាំព្រៃ​ដើម្បី​បញ្ជៀស​ពី​ការ​កាប់​បំផ្លាញ​។

«ដើម​ហាង​លក់​បង្អែម​​» ដែល​ដុះ​ក្នុង​ហាង​លក់​បង្អែម​របស់​គ្រួសារ​យ៉ាដាវ ក្នុងក្រុង​វ៉រ៉ាណាស៊ី ប្រទេស​ឥណ្ឌា​។ គ្រួសារ​នេះ​សង់​ហាង​ព័ទ្ធ​ជុំវិញ​ដើម​ឈើ​ ជា​​វត្ថុ​​ដ៏ពិសិដ្ឋ​មួយ​របស់​ឥណ្ឌា។

សៀវភៅ​នេះ​បាន​បង្ហាញ​ថា​៖ «​អស់រយៈ​ពេល​ជា​ច្រើន​សតវត្សរ៍​ គ្រប់​ផ្នែក​ទាំង​អស់​នៃ​ដើម​នីម​នេះ ត្រូវ​បាន​ប្រើ​ក្នុង​ឱសថ​បុរាណ​ឥណ្ឌា​។ នៅ​តំបន់​ជន​បទ​នៃប្រទេស វា​ត្រូវ​បាន​ប្រើ​ជា​ឱសថ​បំបាត់​ការ​ឈឺ​ចាប់ គ្រុន​ក្ដៅ ជំងឺ​ឆ្លង និង​ជំងឺ​ផ្សេង​ៗ​ទៀត​។

ដើម​ជូនីព័រ​អ៊ូតា​ពន្យួ​ស្បែក​ជើង ​នៅ​សហគមន៍ Hallelujah Junction លើ​ដងវិថី​ហាវ៉េ​លេខ ៣៩៥ រដ្ឋ​កាលីហ្វរនីញ៉ា​សហរដ្ឋ​អាមេរិក​​។

សៀវភៅ​បាន​ឲ្យ​ដឹងថា​ គ្មាន​នរណា​ច្បាស់​ពី​មូលហេតុ​ដែល​មនុស្ស​នាំ​គ្នា​យក​ស្បែក​ជើង​ទៅ​ពន្យួ​លើ​ដើម​ឈើ​នោះ​ឡើយ​ កាល​ពី​ប៉ុន្មាន​ទសវត្សរ៍​មុន ហើយ​នាយក​ដ្ឋាន​ដឹក​ជញ្ជូន​រដ្ឋ​កាលីហ្វរនីញ៉ា ត្រូវ​តែ​យក​ស្បែក​ជើង​នោះ​ចេញ​ជា​រឿយ​ៗ​។

ឈើ​អូករស់ ឯ​​ភាគ​ខាង​ត្បូង​ឧទ្យានស៊ីធី នៃ​ទីក្រុង​ញូវ​អរលែនស៍ រមែង​ត្រូវបាន​ចាត់​ទុក​ជា​ដើ​មឈើ​អូក​​ចម្បាំង​។ នេះ​ដោយសារ​តែ​សុភាព​បុរស​សតវត្សរ៍​ទី​១៩ រមែង​ណាត់​​គ្នា​​ប្រយទ្ធ​នៅក្រោម​ដើមអូក​​ដោយ​ប្រើ​កាំភ្លើង និង​ដាវ​។ សៀវភៅ​បន្ដ​ថា ចន្លោះ​ឆ្នាំ​១៨៣៤ និង​ឆ្នាំ​១៨៤៤ គូ​ប្រជែង​ទាំងពីរ​ត្រូវបាន​ប្រទះ​ឃើញ​ប្រយុទ្ធ​គ្នា​រាល់​ថ្ងៃ​។

ដើម​ឈើ​ដែប៊ី បូប នៅ​តំបន់​គីមបែលី ​រដ្ឋ​វ៉េស្ទើន​​អូស្ដ្រាលី​ ​ប្រទេស​អូស្ដ្រាលី​។ យោងតាម​សៀវភៅ ​អ្នក​ស្រុក​ដើម​រមែង​ប្រើ​ដើម​ឈើ​នេះ​ជា​ប្រភព​ទឹក​អំឡុងរដូវ​ប្រាំង​។ ពូជ​ឈើ​ពេញ​វ័យ​មួយ​ដើម​អាច​ផ្ទុក​ទឹក​​ជិត ១០០ ម៉ែត្រ​គូប​។ វា​ក៏​ត្រូវបាន​ប្រើ​ជា​កន្លែង​រក្សា​អធិធាតុ​ និង​ត្រូវ​បាន​ជឿ​ថា​ មាន​អាយុ ១៥០០ ឆ្នាំ​។

ដើម​ឈើ​ឌីស្កូវើរី ស្ថិត​ក្នុង​ឧទ្យាន ​Calaveras Big Trees State Park រដ្ឋ​កាលីហ្វរនីញ៉ា​។ ឈើ​នេះ​ជា​ដើម​ឈើ​ធំ​ដែល​ទើប​ត្រូវបាន​កាប់​រំលំ​កាល​ពី​ឆ្នាំ​មុនក្រោយ​ពី​រក​ឃើញ​ដំបូង (​វា​ចំណាយ​មនុស្ស ២៥ នាក់ និង​រយៈ​ពេល ៣ សប្ដាហ៍​ទើប​អាច​ផ្ដួល​វាបាន​)​។ គេ​ជឿ​ថា វា​មាន​អាយុ​កាល​ជាង ១២០០ ឆ្នាំ​។

សៀវភៅ​បន្ដ​ថា ការ​កាប់​រំលំ​ដើម​ឈើ​យក្ស​នេះ​គឺជា​ការ​ចាប់ផ្ដើម​យុទ្ធនាការ​អភិរក្ស​ពូជ​ឈើ​យក្ស​នៅ​កាលីហ្វរនីញ៉ា​។

ដោយ​ហៅ​ថា ដើម​ឈើ​ Tomb Raider ស្ថិត​ក្នុង​ខេត្ដ​សៀមរាប ប្រទេស​កម្ពុជា ដែល​បាន​បង្ហាញ​រូបរាង​ក្នុង​ភាពយន្ដ​ហូលីវូដ​របស់​អេនជឺលីណា ជោលី ក្នុង​ឆ្នាំ ​២០០១​។

ភាព​អស្ចារ្យ​របស់​វា​គឺ​ឫស្ស​ច្រូង​ច្រាស​ចុះ​ត្បាញ​ជាប់​នឹង​តួ​ប្រាសាទ​បុរាណ​ តា​ព្រហ្ម ដែល​ត្រូវបាន​បោះ​បង់​ចោល​ក្នុង​សតវត្សរ៍​ទី​១៥ ក្រោយ​ពី​ចក្រ​ភព​ខ្មែរ​បាន​ដួល​រលំ​។ សៀវភៅ​កំណត់​ត្រា​បាន​បង្ហាញ​ថា ក្រុម​បុរាណ​វត្ថុ​វិទូ បាន​ចាត់​ទុក​ការ​ចាក់ឫស្ស​ពូន​លើ​តួ​ប្រាសាទ​ជា​ចំណង​អភូតហេតុ​ដ៏​វិសេស​រវាង​ធម្មជាតិ និង​ស្ថាបត្យកម្ម​។

ដើម​ពោធិ​ពិសិដ្ឋ​ នៅ​ភូមិ​អាសាឌូរ៉េន ភាគ​ខាង​លិច​កោះ​បាលី មាន​រូង​ចំ​កណ្ដាល​សម្រាប់​រថយ​ន្ដ​ពីរ​អាច​បើកបរ​ឆ្លង​កាត់​។ ពេល​កសាង​ផ្លូវ ក្រុម​ហ៊ុន​បាន​ដឹង​ថា មិន​អាច​សង់​ផ្លូវ​ព័ទ្ធជុំវិញ​ដើម​ឈើ​យក្ស​នេះ​ឡើយ​ ដូច្នេះ ពួកគេ​កសាង​ផ្លូវ​ទម្លុះ​ដើម​ឈើ​វិញ​។ សៀវភៅ​បាន​បន្ដ​ថា សាសនា​ព្រាហ្ម​របស់​អ្នក​កោះ​បាលី ហាម​ប្រាម​ការ​កាប់​បំផ្លាញ​ដើម​ពោធិ​។

ដើម​អែល​អាបុល ដែល​ធូឡេ នៅ​​ក្រុង​អូកសាកា ប្រទេស​ម៉ិកស៊ិក ដែល​មាន​ដើម​ទំហំ​ ៤២,៦៧ ម៉ែត្រ​។ អ្នក​ស្រុក​ដើម​​ម៉ិកស៊ិកបាន​ធ្វើ​ពិធី​បូជា​ចំពោះ​ដើម​ឈើ​យក្ស​នេះ ហើយ​វា​នៅ​តែ​បន្ដ​ជា​ប្រភព​អំនួត​វប្បធម៌​។ វា​ត្រូវបាន​ជឿ​ថា​មាន​អាយុ​កាល​ចន្លោះ​ពី ១២០០ ទៅ ៣០០០ ឆ្នាំ​មុន​៕ HR​