ក្រុងវ៉ាសូវី: សហគ្រិនប៉ូឡូញ ជេហ្ស៊ី វីសូគី ចាប់កាន់ចានសម្បុរត្នោតដែលនៅក្ដៅឧណ្ឌៗ ខណៈវាទើបយកចេញពីម៉ាស៊ីន ហើយលោកចាប់ផ្ដើមខាំទំពារយ៉ាងស្រួចខ្ញោកនូវសម្ភារតុអាហារនេះ។
លោក វីសូគី និយាយក្នុងទឹកមុខញញឹមញញែមនៅរោងចក្រ Biotrem ទីក្រុងហ្សាមប្រោន ភាគឦសានប្រទេសប៉ូឡូញថា៖ «សាច់ជ្រូកចៀនកាន់តែឆ្ងាញ់ពិសាលើចានផលិតពីស្រូវសាលីជាងចានប្លាស្ទិក»។
ខាំទំពា ១ ម៉ាត់ចានមិនសូវមានរសជាតិល្អអីណាស់ណាទេ។ វាមានលក្ខណៈស្រដៀងនឹងធញ្ញជាតិធម្មជាតិ ឬជាអ្វីដែលអ្នកនឹកស្រមៃដល់រសជាតិក្រដាសកាតុងអ៊ីចឹងដែរ។
ប៉ុន្ដែលោក វីសូគី បានអះអាងថាអ្វីដែលសំខាន់នោះគឺសម្ភារតុបាយក៏អាចទទួលទានបានដែរ។ បុរសវ័យខ្ទង់ ៦០ ប្លាយរូបនេះបានច្នៃបង្កើតអាហារចាននេះ ១៥ ឆ្នាំមុនហើយថ្ងៃនេះរោងចក្រ Biotrem អាចផលិតចានស្រូវសាលីប្រមាណ ១៥ លានបន្ទះក្នុង ១ ឆ្នាំ។
តួលេខនេះអាចកើនឡើងបន្ថែមទៀតដោយអរគុណយ៉ាងអនេកដល់សហភាពអឺរ៉ុបដែលបានហាមប្រាមលើការប្រើប្រាស់ចាន និងសម្ភារផ្ទះបាយប្លាស្ទិកចាប់ពីឆ្នាំ ២០២១ ខាងមុខ។
ទាំងកូនប្រុស និងចៅប្រុសលោក វីសូគី មានគំនិតផលិតសម្ភារតុបាយនេះ ពេលលោកព្យាយាមចង់កែច្នៃផលិតផលម្សៅសេសសល់ដែលមានបរិមាណយ៉ាងច្រើនសន្ធឹក។
ប៉ុន្ដែលោកនិយាយថាលោកក៏មានបំណងចង់ធ្វើកិច្ចការល្អៗដល់សង្គមផងដែរ ពីព្រោះសំរាមជាច្រើនដែលបំពុលមហាសមុទ្រមានទំហំធំធេង និងគួរឲ្យព្រួយបារម្ភស្របពេលដែលសត្វក្នុងទឹក និងលើគោកជាច្រើនបានស្លាប់ដោយសារចំណីប្លាស្ទិក។
លោកបានពន្យល់ថា៖ «ដើម្បីច្នៃបង្កើតចានទាំងនេះ យើងគ្រាន់តែប្រើកន្ទក់ស្រូវសាលីដែលយើងកៀបឲ្យណែនក្នុងសីតុណ្ហភាពក្ដៅដោយការប្រើម៉ាស៊ីនយ៉ាងវិសេសរបស់វា»។
អគ្គនាយិកា Biotrem លោកស្រី ម៉ាល់ហ្គូហ្សាតា ធេន បានទទួលស្គាល់ថា ប្រាក់ដើម ១៧ សេនដុល្លារ ឬ ២០ ភាគរយបន្ថែមលើការនាំចេញចានកន្ទក់ស្រូវសាលីមានតម្លៃថ្លៃជាងចានប្លាស្ទិក៕ HR