ភ្នំពេញៈ នៅមាន​អ្នកយល់ច្រឡំ​ច្រើនណាស់​អំពី​ពាក្យ​ថា សមាធិ ដែល​ជា​បទ​ដ្ឋាន​របស់​បញ្ញា គឺ​គេ​នៅ​យល់​ច្រឡំ​ថា ត្រូវ​តែ​ធ្វើ​សមាធិ​ជា​មុន​សិន ចាំ​ទៅ​ធ្វើ​វិបស្សនា​តាម​ក្រោយ។ តាម​ពិត​ពាក្យ​នេះ​មិន​មែន​មានន័យ​សេចក្តី​ដូច្នេះ​ទេ ព្រះ​សម្មា​សម្ពុទ្ធ គឺ​ពុំបាន​សម្តែង​ថា មុន​នឹង​ចម្រើន​នូវ​វិបស្សនា​នោះ អ្នក​រាល់​គ្នា​ត្រូវ​តែ​ធ្វើ​សមាធិ​សិន​ទេ ព្រះ​អរិយៈ​ទាំង​ឡាយ​ក៏​ពុំបាន​សម្តែង​យ៉ាង​នេះ​ដែរ។

បើតាម​សម្រង់​ពី «សៀវភៅ​ជំនួយ​សតិ​ភាគ ៤» គេហទំព័រ ៥០០០ ឆ្នាំ ក៏បាន​ឲ្យ​ដឹង​ថា៖ «ពាក្យ​ថា សមាធិ​គឺជា​បទ​ដ្ឋាន​របស់​បញ្ញា គឺ​ដោយ​សេចក្តី​ថា កាល​បុគ្គល​មាន ប្រក្រតី​ចម្រើន​សតិប្បដ្ឋាន ៤ ដែល​រឿយៗ​នៅ​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ ទើប​មាន​សម្មា​សមាធិ ដែល​បុគ្គល​ចម្រើន​ល្អ​តាម​ចរិត​អធ្យា​ស្រ័យ​នោះ វា​ជា​គ្រឿង​ទ្រទ្រង់​ធ្វើ​ឲ្យ​មាន​ប្រយោជន៍​ចំពោះ​បញ្ញា គឺ​ទិដ្ឋិ​វិសុទ្ធិ បាន​ដល់​សេចក្តី​បរិសុទ្ធ​ក្នុង​ការ​ឃើញ​នាម​រូប។

បើ​បុគ្គល​ណា​មិនបាន​ចម្រើន​សតិប្បដ្ឋាន​រឭករឿយៗ​នូវ​រូបធម៌ នាម​ធម៌ ជា​ប្រក្រតី​គ្រប់​ឥរិយាបថ ៤ នោះ​ទេ រូប​ដែល​សមាបត្តិ​ក្តី អរូប​សមាបត្តិ​ក្តី មិន​មាន​ប្រយោជន៍​អ្វី​ទៅ​ដល់ បញ្ញា​ទិដ្ឋិ​វិសុទ្ធិ​នោះ​ឡើយ។ ពោល​គឺ​សមាបត្តិ​នោះ មិន​អាច​ជា​បទដ្ឋាន​នៃ​បញ្ញា​បាន​ទេ​ប្រៀប​បី​ដូច​ជា​យក​ជី​ទៅ​ចាក់​នៅ​លើ​ដី​ទទេ ទោះបី​ជា​មាន​ជី​ច្រើន​ប៉ុនណា​ក្តី ក៏​ដំណាំ​មិន​មែន​ដុះ​អំពី​ជី​នោះ​ឡើយ»។


តាម​សម្រង់​ពី «សៀវភៅ​ជំនួយ​សតិ​ភាគ ៤» នៃ​គេហទំព័រ ៥០០០ ឆ្នាំ​បន្ត​ថា៖ «ម្យ៉ាង​ទៀត​សមាធិ​ប្រៀប​ដូចជា​ថ្ម​សំលៀង​កាំបិត បញ្ញា​ប្រៀប​ដូច​ដាវ​សម្រាប់​កាប់​ចាក់​ខ្មាំង​សត្រូវ​ដាវ​មិន​កើត​អំពី​ថ្ម​ទេ។ ចំណែក​ឯ​ថ្ម​គ្រាន់​តែ​សម្រាប់​សំលៀង​ឲ្យ​ដាវ​មុត​តែ​ប៉ុណ្ណោះ ដូច្នេះ​ត្រូវ​តែ​ស្ល​ដែក​ឲ្យ​កើត​បាន​ជា​ដាវ​កាំបិត​ពិត។

យ៉ាងណាមិញ​វិបស្សនា​ត្រូវតែ​កើតមក​អំពី​សតិប្បដ្ឋាន​បដិបត្តិ ដោយ​ផ្តើម​សតិ​រឭក​រឿយៗ សង្កេត​ពិនិត្យ​ជីវិត​ប្រចាំ​ថ្ងៃ តាំង​ពី​សតិ​ទន់​ខ្ចី ដូចជា​ផ្សាំ​បណ្តុះ​ពូជ​ដំណាំ ឬ​ដូច​ជាការ​ស្ល​ដែក ដើម្បី​ធ្វើ​ដាវ​ផង​ដែរ»។


បុគ្គល​ណា​ដែល​ធុញទ្រាន់ មិន​យកចិត្តទុកដាក់​នៅក្នុង​ការ​ចម្រើន​នូវ​សតិប្បដ្ឋាន ៤ បុគ្គល​នោះ​មាន​ឈ្មោះ​ថា ខ្ពើម​ឆ្អើម​អរិយ​មគ្គ​អង្គ។ បើ​ទោះ​ជា​យ៉ាង​ណា​ក៏ដោយ​បញ្ញា​ត្រូវ​តែ​មាន​យោនិ​សោម​នសិការ ជា​បទដ្ឋាន​គឺ​ធ្វើ​ទុក​នៅ​ក្នុង​ចិត្ត​តាម​ទំនង​នៃ​ហេតុផល​ចំពោះ​ឧបាទាន​ក្ខន្ធ ៥ កាល​បើ​មាន​បទដ្ឋាន​យ៉ាង​នេះ គឺ​អាច​ឲ្យ​សម្រេច​សោតា​បត្តិមគ្គ ជាដើម​បាន សូម្បី​មិន​មាន​សមាបត្តិ​ជា​ជំនួយ​ក៏ដោយ។

បុគ្គល​សម័យកាល​ព្រះពុទ្ធ​គង់​ព្រះជន្ម​នៅបាន​សម្រេចមគ្គផល​ច្រើន​ជា​អនេក ដោយ​មិន​សម្រេច​ឈាន​សមាបត្តិ​គឺមាន​បឋមជ្ឈាន​ជាដើម​នោះ។ ឧទាហរណ៍ ឧបាសិកា វិសាខា ឬ​ឧបាសក អនាថ​បិណ្ឌិកៈ៘

ពួកគាត់​គឺជា​អរិយបុគ្គលអស់​ជិវិត ក៏មាន​បដិសន្ធិ​នៅក្នុង​កាម​សុគតិភព ព្រោះ​តែ​មិន​ឈាន​សមាបត្តិ​ហ្នឹង​ឯង។

សម្រង់​សៀវភៅ​ដដែល​បន្ថែមថា៖ «បុគ្គល​មិនគួរ​មានការ​ហួងហែង ការធ្វើ​សមាធិ​នោះ​ឡើយ ព្រោះ​ថា​នៅ​ក្នុង​សតិ​ភាវនា​គឺជា​ការ​ចម្រើន​នូវ​សតិប្ប​ដ្ឋាន ឬ​មាន​សមាធិ​ជា​ខណិក​សមាធិ​រួម​នឹង​សតិ។

សតិប្បដ្ឋាន​ជា​លោកិយមានមគ្គ​អង្គ ៥ គឺមាន​សម្មាទិដ្ឋិ ១ សម្មាសង្កប្បៈ ១ សម្មាវាយាមៈ ១ សម្មាសតិ ១ សម្មាសមាធិ ១។

មគ្គ​ទាំង​អង្គ ៥ នេះ កាលដែល​ចម្រើន​ឲ្យ​ច្រើន​ហើយ ក៏​រមែង​បាន​គ្រប់​អង្គ ៨ ប្រការ ជា​លោកុត្តរ ព្រោះ​ថា ការ​ចម្រើន​សតិប្បដ្ឋាន ៤ គឺ​មហា​កុសល​ញាណ​សម្បយុត្ត មាន​តទង្គ​ប្បហាន​គឺជា​កិច្ច មាន​ព្រះ​និព្វាន​ជាទី​បង្អោន​ទៅ​នេះ​ដោយសារ​មហា​កុសល​ញាណ​សម្ប​យុត្តិ​គឺជា​វិបស្សនា​ញាណ ដែល​មាន​បរមត្ថ​ធម៌​ជា​អារម្មណ៍»៕