ភ្នំពេញ៖ មាន​ទាំង​អាជីព​សិល្បៈ​សម្ដែង និង​ចំណូល​ក្រៅ​វិថី​តារា​យ៉ាង​ណា​ក្ដី​តារា​ភាពយន្ត​ស្រី​រូប​ស្រស់​ចេះ​ទាំង​ក្បាច់​គុណ​បុរាណ​ខ្មែរ កញ្ញា ពេជ្រ ចរណៃ នៅ​តែ​សកម្ម​នឹង​ការ​អភិរក្ស​ល្បុក្កតោ​ខ្មែរ និង​ឈឺ​ឆ្អាល​ដល់​សុខទុក្ខ និង​ការ​លះបង់​របស់​លោក​គ្រូ​តា​ក្រមា​មាស សាន គឹមស៊ាន។

តារា​ស្រី​វ័យ ២៥ ឆ្នាំ​រូប​នេះ​បាន​រៀបរាប់​ថា៖ «គ្មាន​នរណា​អាច​ឆ្លង​កាត់​វាល​វដ្ត​សង្សារ​ដោយ​មិនមាន​ការ​លះបង់​នោះ​ទេ គ្រាន់តែ​មនុស្ស​ខ្លះ​លះបង់​តិច​បាន​ផល​ច្រើន ឯ​អ្នក​ខ្លះ​លះបង់​ច្រើន​ហើយ​នៅ​មិន​ទាន់​ឃើញ​ផល​ទៀត ដូចជា​លោក​គ្រូតា​ក្រមា​មាស សាន គឹមស៊ាន ជាដើម លោក​ត្រឡប់​មក​ពី​សហរដ្ឋ​វិញ ​ដើម្បី​ជួយ​អភិវឌ្ឍ​ល្បុក្កតោ រហូត​ដល់​ក្រ​រក​អង្ករ​ច្រក​ឆ្នាំង​មិន​បាន»។

លោកគ្រូ​តា​ក្រមា​មាស ត្រូវ​បាន​កញ្ញា ពេជ្រ ចរណៃ ដែល​ជា​កូន​កំព្រា​ឪពុក និង​ធ្លាប់​ជ្រកកោន​នៅ​មណ្ឌលកុមារ​កំព្រា ចាត់​ទុក​រូប​លោក​ជា​អ្នក​មាន​គុណ​ទី២ របស់​នាង។


តាមរយៈ​ការ​ពន្យល់ បង្ហាត់​បង្រៀន ពី​បុរស​ដែល​នាង​ចាត់​ទុក​ថា​ជា​ឪពុក​ទី២ ឱ្យ​ចេះ​ដឹង​កាន់​តែ​ច្បាស់​ពី​ក្បាច់គុន​ល្បុក្កតោ តារា​សម្ដែង​ស្រី​រូប​នេះ ​មាន​ឧបនិស្ស័យ​នឹង​ក្បាច់​គុន​បុរាណ​បុព្វបុរស​ខ្មែរ។


តារា​ស្រី​ដែល​ធ្លាប់​ហែល​ឆ្លង​ការ​វះកាត់​បេះដូង​រួច​ជីវិត​ពី​មច្ចុរាជ​កាល​ពី​ឆ្នាំ ២០១៨ ក៏​បាន​សម្ដែង​ការ​ខក​ចិត្ត​ដែល​លោកគ្រូ​តា​ក្រមា​មាស​ជា​មនុស្ស​នាង​ចាត់​ទុក​ជា​ឪពុក​ទី២ នោះ រង​នូវ​ទង្វើ​មិន​សម​ប្រកប។

កញ្ញា​លើក​ឡើង​ថា៖ «ខ្ញុំ​បាន​ដឹង និង​បាន​ឃើញ​នូវ​ភាព​អយុត្តិធម៌​នេះ​ច្បាស់ ពិត​ជា​លំបាក​ទ្រាំ​ណាស់ ហើយ​អ្នក​និយាយ​ប្រាប់​ឱ្យ​គាត់​ទ្រាំ​ត​ទៀត ចេះ​និយាយ​ចេញ​ពី​មាត់​ទៅ​កើត! យ៉ាងណា​ក៏​ត្រូវ​យល់​ថា លោក​គ្រូ​តា​ចាស់​ហើយ ហើយ​មិន​ដែល​បាន​ស្រណុក​ទេ តើ​ចង់​ឱ្យ​គាត់​ទ្រាំ​ដល់​ណា​ទៀត​ទៅ?»។

តារា​សម្ដែង​រូប​នេះ​ក៏​បាន​ប្រាប់​ពី​បំណង​ព្រឹទ្ធាចារ្យ​ក្រមា​មាស​ផង​ដែរ​ថា លោក​គ្រាន់​តែ​ចង់​ឃើញ​ភាព​ល្បីល្បាញ​របស់​ល្បុក្កតោ​លោក​លា​ត្រឡប់​ទៅ​រក​ធម្មជាតិ​វិញ​ប៉ុណ្ណោះ។

តារា​ស្រី​ដែល​តែង​ឆ្លៀត​ឱកាស​ធ្វើ​ការងារ​មនុស្សធម៌​រូប​នេះ បាន​បន្ត​ទៀត​ថា៖ «ខ្ញុំ​សង្ឃឹម​ថា មហា​គ្រួសារ​ល្បុក្កតោ​នឹង​ចូលរួម​ជាមួយ​ខ្ញុំ ​ដើម្បី​អភិរក្ស និង​អភិវឌ្ឍ​ក្បាច់​គុន​ដែល​ដូនតា​បាន​បន្សល់​ទុក ដែល​មាន​លោកគ្រូ​តា​អ្នក​ស្នង​បាន​គាស់​កកាយ​ឱ្យ​បាន​រស់រាន​មាន​ជីវិត​ឡើង​វិញ»។

ក្នុង​នាម​ជា​កូន​ខ្មែរ​ម្នាក់ កញ្ញា​ក៏​បាន​ប្រកាស​ជំហរ​មុតមាំ​ថា៖ «ខ្ញុំ​សូម​ការពារ​ឱ្យ​ខាន​តែ​បាន​ ទោះបី​ក្នុង​តម្លៃ​ណា​ក៏​​ដោយ មិន​បណ្តោយ​ឱ្យ​ក្បាច់គុន​ដូនតា​នេះ​ត្រូវ​រលាយ​បាត់-បង់​ទៅ​វិញ​ជា​ដាច់​ខាត។ សូម​ជួយ​គ្នា​ពង្រឹង​នូវ​ជាតិ​និយម​ឡើង​វិញ រាប់​បញ្ចូល​ទាំង​ការ​ផ្តល់​នូវ​តម្លៃ​របស់​ជាតិ​សាសន៍​យើង និង​ផលិតផល​របស់​យើង​ផលិត​ផងដែរ»៕